ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក កាត់បន្ថយ​ចំនួន​ជនភៀសខ្លួន​ដែល​ខ្លួន​នឹង​ទទួល​សម្រាប់​ឆ្នាំ២០២១


រូបឯកសារ៖ សកម្មជន​ម្នាក់ កាន់​រូបភាព​គាំទ្រ​ជនភៀស​ខ្លួន​ក្នុងអំឡុង​ពេល​ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​វិមាន​សភា​កាពីតូល​នៃ​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក នឹង​យក​ជន​ភៀសខ្លួនជា​អតិបរិមា​ចំនួន​១៥០០០​នាក់​ក្នុងឆ្នាំ​សារពើ​ពន្ធ២០២១​ ដែល​ជាចំនួន​ទាប​បំផុត​បើប្រៀបធៀប​ទៅ​ឆ្នាំ​មុន​ៗ​កន្លង​មក នេះ​បើ​តាមកំណត់​សម្គាល់​មួយដែលរដ្ឋបាល Trump បានបោះពុម្ព​ផ្សាយ​នៅ​ក្នុង​បញ្ជី​សហព័ន្ធ​កាល​ពី​ថ្ងៃទី៦ ខែ​វិច្ឆិកា។

រដ្ឋបាល​លោក ត្រាំ ក៏ផ្អាកការអនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួនភាគ​ច្រើន​មក​ពី​ប្រទេស​ស៊ីរី សូម៉ាលី​ និងប្រទេសយ៉េមែន ​ចូល​មក​ប្រទេស​អាមេរិកដែរ ដោយ​លើក​ឡើង​អំពី​ហានិភ័យ​ភេរវកម្ម។

កំណត់​សម្គាល់​នេះ​ ចែង​ថាការ​កំណត់​ចំនួនជន​ភៀស​ខ្លួន​នេះ​ «សំអាង​លើ​កង្វល់​ខាង​មនុស្សធ៌ម» និង«មានរួម​បញ្ចូល​ចំនួន​ជាង៦ពាន់​ដែល​នៅ​សេសសល់ពី​ការកម្រិតជន​ភៀសខ្លួន​ក្នុង​ឆ្នាំ​សារពើ​ពន្ធ២០២០ ​ដែល​ប្រហែល​ជា​មិន​នៅសេសសល់​ទេ​បើ​សិនជា​គ្មាន​ការ​រាតត្បាត​ជំងឺកូវីដ១៩ នោះ»។

ការកម្រិតចំនួន​ជន​ភៀសខ្លួន​ជា​អតិបរិមាដែលចុះ​ថយ​ពី១៨០០០​នាក់​កាល​ពី​ឆ្នាំ​សារពន្ធ​មុនហើយ​តិច​ជាងចំនួន៨៤០០០នាក់ ដែល​សហរដ្ឋ​អាមេរិក បានទទួល​យក​កាល​ពីឆ្នាំ២០១៦នោះ នឹង​នៅ​ជា​ធរមាន​យ៉ាង​ហោច​ណាស់រហូត​ដល់​ខែ​មករា​ដែរ​ហើយ​ទំនង​ជា​មានហួស​ពី​នោះ​ទៀត​ទោះណា​ជា​មាន​រដ្ឋបាល​ថ្មីនៅ​ឯ​សេតវិមានក៏​ដោយ។

អង្គការ​មនុស្សធម៌​ទាំងឡាយ​បាន​ប្រាប់​វីអូអេថា​ ចំនួនជន​ភៀសខ្លួនស៊ីរី សូម៉ាលីនិងយ៉េមែន មានកំណត់​នឹងតាំងលំនៅដ្ឋាន​ជា​ថ្មី​ក្នុង​សហរដ្ឋ​អាមេរិក មាន​ជិត​ពីរ​ដងច្រើន​ជាងចំនួន​កំណត់អតិបរិមា។

ដោយ​គិត​មក​ត្រឹម​ថ្ងៃទី២៧​ខែ​តុលា​ បណ្តា​អង្គការ​មិនរក​ប្រាក់​ចំណេញ​បានបញ្ជាក់ថា មនុស្ស​ចំនួន​២៧០២៣​នាក់ កំពុងរង់ចាំ​ទៅ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​ក្នុង​សហរដ្ឋ​អាមេរិក ​ដោយចាំលទ្ធផល​នៃ​ការ​ពិនិត្យសន្តិសុខ។

រូបឯកសារ៖ ជនភៀសខ្លួន​និង​ជនចំណាកស្រុក ដែល​មកពី​ជំរំ Moria ដែល​ត្រូវបាន​បំផ្លាញ រង់ចាំ​ជិះសាឡាង​ដែល​នឹង​ដឹក​ពួកគេ​ទៅកាន់​ដីគោក​នៅឯ​កំពង់ផែ Mytilene នៅ​លើ​កោះ Lesbos នៃ​ប្រទេសក្រិក កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ជនភៀសខ្លួន​និង​ជនចំណាកស្រុក ដែល​មកពី​ជំរំ Moria ដែល​ត្រូវបាន​បំផ្លាញ រង់ចាំ​ជិះសាឡាង​ដែល​នឹង​ដឹក​ពួកគេ​ទៅកាន់​ដីគោក​នៅឯ​កំពង់ផែ Mytilene នៅ​លើ​កោះ Lesbos នៃ​ប្រទេសក្រិក កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

បើ​តាមអង្គការមនុស្សធ៌ម​ពីរ​ថា មានអ្នក​ភៀសខ្លួន​១២.៩២៤​នាក់មក​ពី​ប្រទេស​សូម៉ាលី ១៤.០៨៤​នាក់ មក​ពី​ប្រទេស​ស៊ីរី​ និង​១៥​នាក់​មក​ពី​ប្រទេស​យ៉េមែន។

អ្នក​ស្រី Jennifer Quigley ជា​នាយិកា​អង្គការជន​ភៀសខ្លួន Human Rights First។ អ្នកស្រីបានកត់សម្គាល់​ថាដំណើរការនៃ​ការ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​របស់​ជន​ភៀសខ្លួន​យឺត​ហើយ​ពិបាកហើយ​ថាពួក​ជន​ភៀសខ្លួន​ដែល​ទីភ្នាក់ងារ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ​ហៅកាត់​ថា​ UNHCR បាន​ស្នើ​ឲ្យ​តាំង​លំនៅដ្ឋាន​ជាថ្មី​ទាំងនោះ បាន​រង់​ចាំ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

អ្នក​ស្រី Jennifer Quigley បាននិយាយបន្ថែម​ថា​ការ​សុំតាំង​លំនៅដ្ឋាន​ជា​ថ្មីមានច្រើនលើសលប់​។ អ្នកស្រី​ថ្លែង​ថាក្នុង​ចំណោម​ជន​ភៀសខ្លួន​ទាំងអស់​នៅទូទាំង​ពិភពលោក​ពួកអ្នកដែល​បានទទួលការ​ស្នើ​ឲ្យតាំង​លំនៅដ្ឋាន​ជា​ថ្មី មាន​ចំនួន​តិចជាង​១ភាគរយ។

អ្នក​ស្រីបានថ្លែងថា«ឋានៈ​ជា​ជនភៀសខ្លួនអាច​ឱ្យ​លោក​អ្នក​មាន​កិច្ច​ការពារ​នៅកន្លែង​ណា​ដែល​លោក​អ្នក​ឋិត​នៅ។​ ក៏ប៉ុន្តែឋានៈ​នេះ​មិន​អាច​ឱ្យ​លោក​អ្នកតាំង​លំនៅដ្ឋាន​ជា​ថ្មី​បាន​ទេ។ នៅ​ពេល​នេះ​មាន​ជន​ភៀសខ្លួនរហូត​ដល់២៧លាន​នាក់​ក្នុង​ពិភពលោក»។

ការឆ្លើយ​តប​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក

វីអូអេ​បាន​ទាក់ទង​អ្នក​នាំ​ពាក្យម្នាក់នៃក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប៉ុន្តែ​អ្នកនាំពាក្យ​រូបនោះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ជនភៀសខ្លួន​ពីប្រទេស​សូម៉ាលី យ៉េមែន និងស៊ីរីដែលឋិត​ក្នុង​ដំណាក់​ការ​រៀប​ចំ​ឯកសារ​ដើម្បី​ទៅ​តាំង​លំនៅ​ដ្ឋាន​ក្នុង​ប្រទេស​អាមេរិកនឹង​ត្រូវ​ច្រាន​ចោល​ដោយសារ​សញ្ជាតិ​ពួក​គេ​ឬ​មួយ​ដោយសារ​មាន​ការ​បន្ថយ​ចំនួន​ជន​ភៀសខ្លួនជា​អតិបរិមា​។​

កំណត់​សម្គាល់​កាល​ពី​ថ្ងៃសុក្រ​ទី​៦​វិច្ឆិកា​ចែង​ជា​ពិសេស​ថា​អាច​មានការ​លើកលែងសម្រាប់​ពួក​ជន​ភៀសខ្លួននៃ​ប្រទេស​បី​ដែល​មានការ​រឹតត្បិត​«ដែលបានត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឬ​មាន​ការ​ភ័យ​ខ្លាច​ពិត​ប្រាកដ​អំពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា»ឬ​មួយ​ត្រូវ​បាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ស្នើ​។

គេ​ដឹងមិន​ច្បាស់លាស់​ទេ​ថា​មាន​ជន​ភៀសខ្លួន​ប៉ុន្មាននាក់​ក្នុង​បណ្តា​ពួក​បុគ្គល​២ម៉ឹន​៧ពាន់​២៣​នាក់ដែល​អាច​ចូលក្នុងប្រភេទ​មាន​ការ​លើកលែង​ទាំង​នេះ។

ភាពមិនប្រាកដ​ប្រជា​ខាងនយោបាយ

រយៈពេល​នៃសេចក្តីប្រកាស​ដាក់​កំរិត​លើ​ការទទួល​ជនភៀសខ្លួន​នេះអាចអាស្រ័យ​ទៅ​លើអ្នក​កាន់តំណែង​ក្នុង​សេតវិមាននៅខែ​មករា។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យបាន​សន្យានៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ថាលោក​នឹង​បង្កើន​ចំនួនជនភៀសខ្លួន​ចូល​មក​សហរដ្ឋ​អាមេរិកដល់​១សែន​២ម៉ឺន៥ពាន់​នាក់។

អ្នកស្រី​ Sarah Seniuk ជា​អ្នក​ចាត់​ចែង​កិច្ចការ​នៃ​ក្រុម​ប្រឹក្សាជន​ភៀសខ្លួន​សហរដ្ឋ​អាមេរិក Refugee Council USA។ អ្នក​ស្រីបាននិយាយ​ថា​លោក Biden អាច​«បង្កើនចំនួន​ជនភៀសខ្លួនត្រូវ​អនុញ្ញាត​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​អាមេរិកនៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ភ្លាមៗ។ នៅ​ពេល​ប្រុង​ប្រៀប​ចាក​ចេញពី​តំណែង​ លោក​ប្រធានាធិបតីអូបាម៉ា​បានកំណត់​យក​ជន​ភៀសខ្លួន​១១០០០០​នាក់​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៧​ហើយនៅ​ក្រោយ​ពេល​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង លោក​ Trump បានបញ្ចុះចំនួន​នេះ​មក​នៅ​ត្រឹម​៤៥០០០​នាក់»។

ប្រសិន​បើ​ចំនួន​ថ្មី​ច្រើន​ជាង​មុននឹងត្រូវកំណត់​ក៏​ដោយ ក៏ពួក​អ្នក​ជំនាញ​ខាង​រឿង​ជន​ភៀសខ្លួននិយាយ​ថា​គេ​ត្រូវការ​ពេល​ដើម្បីពង្រីក​កម្មវិធី​នេះ​ក្រោយ​ពេល​ដែល​កម្មវិធី​នេះបាន​រួម​តូច​អស់ពេល​ជាច្រើន​ឆ្នាំ។

ក្នុង​ផែនការ​សម្រាប់​ជន​ភៀសខ្លួនសម្រាប់​ឆ្នាំ២០២១​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកDonald Trump មានចំនួន​៥០០០បាន​ត្រូវកំណត់សម្រាប់​ពួក​ជនភៀសខ្លួនប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញខាង​សាសនា​ ៤០០០សម្រាប់​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​អ៊ីរ៉ាក់​ដែល​បាន​ជួយ​សហរដ្ឋ​អាមេរិក ​និង​ចំនួន​១០០០​សម្រាប់​ពួក​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ El Salvador, Guatemala និង​ប្រទេស​ Honduras ហើយ​៥០០០​សម្រាប់​ជន​ភៀសខ្លួន​មក​ពី​ប្រទេស​ឯទៀតៗ។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG