លោក Joe Biden ដែលត្រូវគេព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ «គឺដូចធ្វើសង្គ្រាមអញ្ចឹងដោយត្រូវការអគ្គមេបញ្ជាការ»។
លោក Biden ត្រូវគេរំពឹងថា នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ បន្តពីលោកប្រធានាធិបតី Donald Trump នៅថ្ងៃទី២០ ខែមករាខាងមុខ។
ក្នុងអំឡុងពេលនៃការពិភាក្សាតុមូលតាមអនឡាញជាមួយបុគ្គលិកសុខាភិបាលជួរមុខ ដែលលោកបានសរសើរថាជាវីរជនដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក Biden បានទស្សន៍ទាយថា៖ «ខ្ញុំ អាចនឹងមានកំហុស។ ប៉ុន្តែ ខ្ញុំសន្យាជាមួយអ្នកថា ខ្ញុំនឹងទទួលស្គាល់កំហុសទាំងនោះ នៅពេលដែលខ្ញុំប្រព្រឹត្តខុស ហើយខ្ញុំនឹងទទួលខុសត្រូវ [ចំពោះអ្វីដែលខ្ញុំបានធ្វើ]»។
លោក Biden បាននិយាយថា នៅពេលដែលលោកចូលកាន់តំណែង លោកនឹងជំរុញឲ្យអភិបាលរដ្ឋនានាដាក់កំហិតឲ្យអនុវត្តការពាក់ម៉ាស់ ការធ្វើតេស្ត ការតាមដានរកអ្នកដែលប្រាស្រ័យទាក់ទងនឹងអ្នកឆ្លងជំងឺកូវីដ១៩ និងការរក្សាគម្លាតពីគ្នា។
លោក Biden បានបន្ថែមថា វាក៏សំខាន់ផងដែរនៅក្នុងការស្វែងរកមធ្យោបាយឲ្យសិស្សអាចត្រឡប់ទៅចូលរៀនដោយផ្ទាល់នៅក្នុងថ្នាក់ឡើងវិញ ដោយសារតែ «ពួកគេអាចនឹងមិនតាមទាន់ទំនោរបច្ចុប្បន្ន» ដោយពួកគេបាត់បង់ពេលរៀននៅក្នុងថ្នាក់ផ្ទាល់ជាច្រើន ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
នៅក្នុងសហរដ្ឋអាមេរិក មកទល់នឹងពេលនេះ មានមនុស្សជាង ១១ លាន ៥ សែននាក់ បានធ្វើតេស្តឃើញថាឆ្លងជំងឺកូវីដ១៩ ហើយមនុស្សជាង ២៥០.០០០ នាក់ បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕