ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មួយ​ឆ្នាំ​ក្រោយ​ការ​ផ្ញើរ​​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន សមាជិក​ព្រឹទ្ធ​សភា​សរអា​ម្នាក់​​​មិន​ជឿ​ថា​មាន​ការរីក​ចំរើន​ច្រើន​នៅ​កម្ពុជា

  • ប៉ូច រាសី

រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា លោក Christopher Murphy  នៃ​រដ្ឋ​ Connecticut កាលពីខែ​កក្កដា ឆ្នាំ២០១៦។

សមាជិក​ព្រឹទ្ធសភា​ទាំង​៧​នាក់ ថ្លែង​ថា​ ពួក​គេ​សរសេរ​លិខិត​នោះ​ក្នុងនាម​ជា​មិត្ត​របស់​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​មាន​ការ​បារម្ភ​អំពី​ចលាចល​ក្នុង​វិស័យ​សង្គម​ និង​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​៧​នាក់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៃ​ប្រទេស​កម្ពុជា សម្តែង​នូវការ​ព្រួយ​បារម្ភ​របស់​ពួក​គាត់ អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មួយ​ឆ្នាំ​ក្រោយ​មក សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​ផ្តួច​ផ្តើម​ការ​សរសេរ​លិខិត​នោះ ថ្លែង​ថា​លោក​មិនជឿ​ថា​ មាន​ការ​រីក​ចំរើន​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

ក្នុង​លិខិត​ទៅកាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៦ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​នាក់មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ផ្សេងៗ រួម​ទាំងភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣ ជម្លោះ​ដី​ធ្លី ហើយ​និង​ការ​ជួញ​ដូរ​មនុស្ស។

​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ទាំង​៧​រូបនេះ​រួម​មាន​ លោក Christopher Murphy និង​លោក Richard Blumenthal មក​ពី​រដ្ឋ Connecticut លោកស្រី Amy Klobuchar និង​លោក Al Franken មកពី​រដ្ឋ Minnesota លោកស្រី Maria Cantwell មក​ពី​រដ្ឋ​ Washington លោក​ Sheldon Whitehouse មក​ពី​រដ្ឋ​ Rhode Islandនិង​លោកស្រី Elizabeth Warren មក​ពី​រដ្ឋ Massachusetts។

លិខិត​នោះ​បាន​ផ្ញើរ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ប៉ុន្មាន​ថ្ងៃ ​មុន​លោក​និង​មេ​ដឹក​នាំ​អាស៊ាន​ឯ​ទៀត ជួប​ជាមួយ​លោក​អតីត​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលរវាង​ស.រ.អា ​និង​សមាគម​អាស៊ាន នៅ​រមណីយដ្ឋាន Sunnylands នៅ​រដ្ឋ California ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន នៅក្រោម​គោល​នយោបាយ​ងាក​ទៅ​រក​អាស៊ី​របស់​រដ្ឋបាល​លោក​អូបាម៉ា ហៅ​ថា ​Pivot to Asia ។

រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបថត​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម ដែល​បាន​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ លោក ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៦។

​សមាជិក​ព្រឹទ្ធសភា​ទាំង​៧​នាក់ ថ្លែង​ថា​ ពួក​គេ​សរសេរ​លិខិត​នោះ​ក្នុងនាម​ជា​មិត្ត​របស់​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ ប៉ុន្តែ​មាន​ការ​បារម្ភ​អំពី​ចលាចល​ក្នុង​វិស័យ​សង្គម​ និង​នយោបាយក្នុង​ប្រទេស​កម្ពុជា។

មួយ​ឆ្នាំ​ក្រោយ​មក សមាជិក​ព្រឹទ្ធសភា Christopher Murphy នៃ​រដ្ឋ​ Connecticut ដែល​បាន​នាំ​មុខ​គេ​ក្នុងការ​សរសេរ​លិខិត​នោះ បាន​ថ្លែង​ប្រាប់​ VOA ​ក្នុង​សារ​អ៊ីម៉ែល​មួយ​ថា លោក​មិន​ជឿ​ថា ​មាន​ការ​រីក​ចំរើន​ប្រកប​ដោយ​អត្ថន័យ​ទេ។

លោក​ថ្លែង​តាម​សម្តី​ដើម​ថា «ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លំនាំ​នៃ​អំពើ​ហិង្សា ហើយ​នឹង​ចលាចល​ផ្នែក​សង្គម​និង​នយោបាយ ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន សមាជិក​ព្រឹទ្ធ​សភា​ទាំង​៧​នាក់ បាន​សម្តែង​នូវ​ការ​បារម្ភរបស់​ពួកគេ​អំពីការ​ខ្វះ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​បាន​ដក​ស្រង់​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ្នក​គាំ​ទ្រ​រដ្ឋាភិបាល ទៅ​លើ​សមាជិក​សភា​២​នាក់​នៃ​គណបក្ស​ប្រឆាំង នៅ​មុខ​សភាជាតិ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។

ក្នុងសារ​អ៊ីម៉ែល​មក​កាន់​ VOA កាល​ពី​ថ្ងែសុក្រ​មុន លោក Murphy ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ប្រជា​ពលរដ្ឋ​កម្ពុជា​ គួរ​តែ​មាន​រដ្ឋាភិបាល​មួយដែលយុត្តិធម៌ និង​មាន​តម្លាភាព​ជាង​នេះ ដែល​ជឿ​ជាក់​ទៅ​លើ​និតិរដ្ឋ សិទ្ធិ​មនុស្ស និង​សិទ្ធិ​កាន់កាប់​ដី​ធ្លី»។

លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្ញើ​លិខិត​នោះ​ទៅ​កាន់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​វិញ ដោយ​មិន​បាន​អាន។

​លោក ផៃ​ ស៊ី​ផាន ​អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តីការគណៈ​រដ្ឋ​មន្ត្រីកម្ពុជា បាន​ថ្លែង​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ថា វា​មិន​មែន​ជា​កាតព្វកិច្ចសម្រាប់រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​ឆ្លង​ជាមួយ​សភា​ស.រ.អា​ទេ។

«ស្ថាប័ន​រាជ​រដ្ឋាភិបាល​អត់​មាន​អាណត្តិ​ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​សភា​ស.រ.អា ក៏ដូច​គ្នា​សភា​ស.រ.អា គ្មាន​អាណត្តិ​សរសេរ​សំបុត្រ​មក​បង្គាប់​បញ្ជា ឬ​ស្នើ​អ្វី​មក​រាជ​រដ្ឋាភិបាល។ នេះ​គឺ​ជា​ការងារ​មួយ​ដាច់​ដោយ​ឡែក គឺ​ស្ថិត​នៅ​ក្នុង​គោលការណ៍​អន្តរជាតិ​ផង​ដែរ។»

លោក សុខ ឦសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់ VOA ​កាល​ពី​សប្តាហ៍​មុន​នេះថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ ដែល​មិន​មែន​ចេះ​តែ​អនុវត្ត​តាម​ការ​ចង់បាន​ ឬ​ទាមទារ​របស់​បរទេស​ណាមួយ​នោះ​ទេ។

«ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ឯករាជ្យ​ និង​មាន​អធិបតេយ្យ។ អ្វី​ដែល​មិន​មែន​ស្ថិត​ក្នុង​អធិបតេយ្យ​របស់​ជាតិ​ទេ អាហ្នឹង មិន​អាច​អនុវត្ត​តាម​បាន​ទេ។ មិន​មែន​អ្នក​ក្រៅ​ ចេះ​តែ​សរសេរ​សំបុត្រ​មក​តាពីសតាពាស [តាទីសតាទាស] បាន​ទេ។»

រូប​ឯកសារ៖ លោក John Kerry នៅ​ក្នុង​ឋានៈជា​ព្រឹទ្ធសមាជិក​សភា​អាមេរិក​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០០០។
រូប​ឯកសារ៖ លោក John Kerry នៅ​ក្នុង​ឋានៈជា​ព្រឹទ្ធសមាជិក​សភា​អាមេរិក​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០០០។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ខ្វះ​ការ​ឆ្លើយ​តប​នៅ​តែ​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ Murphy ​មាន​ការ​ព្រួ​យ​បារម្ភ។

ក្នុង​សារ​អ៊ី​ម៉ែល​ដដែល​មក​កាន់ VOA សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Connecticut ​បាន​ថ្លែង​ថា «​ខ្ញុំ​មាន​ការរំខាន​ក្នុង​ចិត្ត​ដែល​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន»។

លោក Chris Coons ​ជា​សមា​ជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ មក​ពី​រដ្ឋ​ Delaware។ លោក​ថែម​ទាំង​ជា​សមាជិក​ម្នាក់ក្នុង​គណកម្មាធិការ​ព្រឹទ្ធសភា ទទួល​បន្ទុក​កិច្ច​ការ​ការបរទេស។ ទោះ​ជា​លោក​មិន​មែន​ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែល​បាន​សរសេរ​លិខិត​ជូន​លោក ហ៊ុន​ សែន​ ក៏​ដោយ ក៏​លោក Coons ​បាន​ថ្លែង​ប្រាប់ VOA ​ថា នៅ​ក្រោម​រដ្ឋបាល​លោក​ Trump ស.រ.អា ​ចាំ​បាច់​ត្រូវ​តែ​បន្ត​យក​រឿង​សិទ្ធិ​មនុស្ស សេរី​ភាព​សារព័ត៌មាន និង​ការ​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ មក​ធ្វើ​ជា​សេចក្តី​ថ្លៃ​ថ្នូរ​ចម្បង​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ស.រ.អា។

«ខ្ញុំ​បាន​លើក​យក​បញ្ហា​ទាំង​នេះ​មក​និយាយ​នៅ​ក្នុង​សវនាការ​តែង​តាំង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស ​Tillerson ។ ខ្ញុំ​នឹង​លើក​យក​បញ្ហា​ទាំង​នេះ មក​និយាយ​ក្នុង​រាល់​ការ​សន្ទនា​ជាមួយ​ក្រសួង​ការ​បរទេស​របស់​យើង ហើយ​ខ្ញុំ​គិត​ថា​ លោក​នឹង​ឮ​នៅ​ក្នុង​សវនាការ​របស់​គណកម្មាធិការ​ព្រឹទ្ធ​សភា​ទទួល​បន្ទុក​កិច្ចការ​ការបរទេស​របស់​យើង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​ទាំង​ពីរ ដើម្បី​បន្តការ​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​អំពី​រឿង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​ពិភពលោក»។

សមាជិក​ព្រឹទ្ធសភា John McCain ​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ស.រ.អា របស់​គណបក្ស​សាធារណរដ្ឋ កាល​ពី​ឆ្នាំ​២០០៨។ លោក​ថែម​ទាំង​ជា​ប្រធាន​គណ​កម្មាធិការ​ព្រឹទ្ធសភា​ស.រ.អា ​ទទួល​បន្ទុក​កិច្ចការ​យោធា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប។ លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ។

«ជា​ការ​ច្បាស់​ណាស់​ដែល​កម្ពុជា​កាន់តែ​ជិត​ដិត​ជាមួយ​ប្រទេស​ចិន។ ហើយ​មាន​ការ​គាប់​សង្កត់​ជា​បន្ត​ទៅ​លើ​សិទ្ធិ​មនុស្ស។ លោក ហ៊ុន​ សែន កាន់​អំណាច​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​គាប​សង្កត់​លើ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន នៅ​តែ​ធ្វើ​ឡើង​ជា​បន្ត ហើយ​រឿង​នេះ​គួរ​តែ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​យើង​គ្រប់​គ្នា។

VOA មិន​ទាន់​អាចទាក់​ទង​សុំ​ប្រតិកម្ម​ពី​សមាជិក​ព្រឹទ្ធសភា៦​នាក់​ទៀត​ ដែល​បាន​សរសេរ​លិខិត​នេះ​បាន​នៅ​ឡើយ​ទេ មក​ទល់​នឹង​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG