ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រាប់​អង្គការ​សហប្រជាជាតិ​ជាថ្មី​ទៀត កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន


​រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា ញញឹម​ស្វាគមន៍​លោក Daniel R. Russel ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ស្តាំ) មុន​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​បរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៦។
​រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​កម្ពុជា ញញឹម​ស្វាគមន៍​លោក Daniel R. Russel ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ស្តាំ) មុន​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​បរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៦។

លោក​ ប្រាក់​ សុខុន​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោកស្រី Wan-Hea Lee តំណាង​ការិយាល័យ​ OHCHR ប្រចាំ​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

មួយ​ខែ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (ការិយាល័យ OHCHR)​ បន្ត​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ ​លោក​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​បញ្ជាក់​សារ​ជាថ្មី​ដល់​តំណាង​ការិយាល័យ​នេះ​ ថា​មិន​ត្រូវ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។

លោក​ ប្រាក់​ សុខុន​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោកស្រី Wan-Hea Lee តំណាង​ការិយាល័យ​ OHCHR ប្រចាំ​ប្រទេស​កម្ពុជា ដែល​ធ្វើឡើង​នៅ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

លោក​ ជុំ​ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​ ប្រាក់​ ​សុ​ខុន​ បាន​ជម្រាប​លោក​ស្រី​ Wan-Hea Lee ​ឲ្យ​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។

«ឯកឧត្ដម​ទេស​រដ្ឋ​មន្ត្រី​ បាន​សំណូម​ពរ​សុំ​ឲ្យ​ការិយាល័យ​ឧត្ដម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ហើយ​និង​ជៀស​វាង​ ការ​ជ្រែក​ជ្រៀត​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា»។

​កម្ពុជា​នៅតែ​ជា​ប្រទេស​មួយ​ដែល​ពឹងផ្អែក​លើ​ជំនួយ​បរទេស​នៅ​ឡើយ។

កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា​ដែល​មិន​សប្បាយចិត្ត​នឹង​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ ហើយ​ព្រមាន​បិទទ្វារ​ការិយាល័យ​នេះ​ផង​នោះ​ បាន​ផ្ដល់​ការ​អនុញ្ញាត​ជាថ្មី ដើម្បី​ឲ្យ​ការិយាល័យ​នេះ​បន្ត​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​ តទៅទៀត​ ក្រោយ​ពេល​កិច្ចចរចា​គ្នា​បាន​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍។

រូបឯកសារ៖ លោកស្រី Wan-Hea Lee អ្នកតំណាងប្រចាំប្រទេសនៃឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បប្រចាំនៅកម្ពុជា (OHCHR) ថ្លែងបើកសន្និសិទសារពត៌មានរបស់ប្រេសិតពិសេសរបស់អ.ស.បលោកស្រីលោកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោកស្រី Wan-Hea Lee អ្នកតំណាងប្រចាំប្រទេសនៃឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បប្រចាំនៅកម្ពុជា (OHCHR) ថ្លែងបើកសន្និសិទសារពត៌មានរបស់ប្រេសិតពិសេសរបស់អ.ស.បលោកស្រីលោកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០១៦។

​ភាគី​កម្ពុជា​និង​អ.ស.ប​ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ ​ដើម្បី​បន្ត​សុពលភាព​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦។ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​ជំហរ​ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិមនុស្ស ​សេរីភាព​ និង​ប្រជាធិបតេយ្យ​ជាមួយ​អ.ស.ប ​ដោយ​ឈរ​លើ​ភាព​ជា​ដៃគូ​ស្មោះត្រង់ ​គោរព​គ្នា​ទៅវិញ​ទៅមក ហើយនិង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

លោក​ សំ​ ចន្ទគា អ្នកនាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ ថ្លែង​ប្រាប់​VOA ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់​អំពី​បញ្ហា​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស។

​លោក​ថា​ តំណាង​ការិយាល័យ​អង្គ​ការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ នៅ​តែ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​តាម​ឃ្លាំ​មើល​ និង​សួរនាំ​រដ្ឋាភិបាល​ ពាក់​ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នានា​ ឬ​ក៏​ការ​ផ្ដល់​អនុសាសន៍​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​មិនមែន​ជា​ការ​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

​«បើ​ការ​សួរនាំ​ការ​ផ្ដល់​អនុសាសន៍​ មិន​បាន​ដដែល​ ស្មើនឹង​មិន​មាន​ការិយាល័យ​សិទ្ធិមនុស្ស​នៅកម្ពុជា​នេះ​ទេ»។​

នៅ​គ្រា​ដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ ត្រូវ​គេ​មើល​ថា​កំពុង​ស្ថិត​ក្នុង​សភាព​យ៉ាប់យឺន​នៅ​ឡើយ​នោះ​ លោក​ សំ​ ច័ន្ទគា​ ថ្លែង​បញ្ជាក់​ថា​ ​តំណាង​ការិយាល័យ​អង្គ​ការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ មិន​អាច​ទន់​ជ្រាយ​ ក្នុង​ការ​ផ្ដល់​យោបល់​អំពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ។​

«បើ​សិន​ជា​ខាង​ UN​ ​លោក​បន្ទន់​ជំហរ​ដោយ​មិន​អើ​ពើ​ ទុក​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ​ ​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ នឹង​ធ្លាក់​ឱនភាព​ចុះ​ជា​មិន​ខាន​ទេ។​ អញ្ចឹង​មាន​តែ​ UN ហ្នឹង​ហើយ​ ដែល​ជា​អ្នក​ជួយ​ទ្រទ្រង់​ ជា​អ្នក​ជួយ​ផ្ដល់​អនុសាសន៍​ទៅ​ដល់​រដ្ឋាភិបាល​ ឲ្យ​ពង្រឹង​ការ​អនុវត្ត​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង»។

​លោក​ស្រី​ Wan-Hea Lee ​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​ email ​ថា​ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នឹង​បន្ត​ធ្វើការ​ងារ​ ដោយ​ផ្អែក​ទៅ​តាម​ធម្មនុញ្ញ​របស់​អ.ស.ប។​

«ការិយាល័យ​ ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នឹង​បន្ត​ចូលរួម​ដោះ​ស្រាយ​នៅ​ក្នុង​ស្មារតី​ស្ថាបនា​ ដែល​មាន​បំណង​ធ្វើឲ្យ​កាន់​តែ​ស្រប​ជា​មួយ​សន្ធិ​សញ្ញា​ស្តីពី​សិទ្ធិមនុស្ស​ ដែល​សន្ធិសញ្ញា​ជាច្រើន​ត្រូវ​បាន​ប្រទេស​កម្ពុជា​ផ្ដល់​សច្ចានុមតិ។​ ហេតុ​ដូច្នេះ​ ប្រទេស​នេះ​ យល់ព្រម​ធ្វើ​ទៅ​តាម​សន្ធិ​សញ្ញា​ទាំង​នោះ។ ផ្ដើម​ចេញ​ពី​ការ​យល់​ឃើញ​របស់​ អ.ស.ប​ សន្ធិសញ្ញា​ទាំង​នោះ​ បញ្ជាក់​ច្បាស់​ថា​ ការងារ​ដែល​បាន​ធ្វើ​ដើម្បី​អនុវត្ត​កិច្ចការ​សិទ្ធិ​មនុស្ស​នេះ​ មិន​នាំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង ដែល​អនុលោម​ទៅតាម​ធម្មនុញ្ញ​របស់​អ.ស.ប​នោះ​ឡើយ»។​

​ទោះបី​ជា​ការ​យល់​ឃើញ​យល់​ឃើញ​ខុសគ្នា​រវាង​ទស្សនៈ​របស់​រដ្ឋាភិបាល និង​ ទស្សនៈ​របស់​អ.ស.ប ក៏​លោក​ស្រី​ ជឿជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​ និង​ អ.ស.ប​ នៅ​តែ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ដដែល។​ លោក​បញ្ជាក់​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«គម្លាត​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​រួម​តូច ជាមួយ​នឹង​ការ​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ ដែល​ខ្ញុំ​បាន​យល់​ស្រប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ថា​ នឹង​រក្សា​ឲ្យ​បាន។​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺថា​ ​សិទ្ធិ​មនុស្ស​ គឺ​និយាយ​អំពី​ទំនាក់​ទំនង​រវាង​រដ្ឋ​ និង​ប្រជាជន​របស់​ខ្លួន។​ ដោយ​បាន​ដឹង​ថា​ មិន​មែន​រាល់​គ្នា​ មាន​ការ​យល់​ដឹង​ដូចគ្នា​នោះ​ឡើយ​ យើង​មុខជា​ប្រឈម​នឹង​កិច្ចការ​លំបាក​ជាច្រើន​ ដែល​កើត​មក​ពី​ការ​មិនយល់​ស្របគ្នា និង​ប្រហែល​ជា​ត្រូវ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើតមាន​ពីព្រឹត្តិការណ៍​ថ្មីៗ»។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ចំនួន​៧រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សរសេរ​លិខិត​ចំហ​ដ៏​កម្រ​មួយ​ច្បាប់​ទៅកាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ​និង​ការ​រំខាន​ចិត្ត​របស់​ពួកគេ​ទៅ​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ និង​ការ​រំលោភ​បំពាន​យក​ដីធ្លី​ប្រជាពលរដ្ឋ ​ហើយនិង​ការ​យាយី​សកម្មជន​សិទ្ធិមនុស្ស​និង​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

មួយ​ឆ្នាំ​ក្រោយ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​មួយ​ក្រុម​នេះ​ បាន​ផ្ញើ​លិខិត​នេះ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នោះ ក្រុម​អ្នក​តាមដាន​ការ​វិវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ មើល​ឃើញ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ កាន់​តែធ្លាក់​ដុន​ដាប​កាន់​តែ​ខ្លាំង​ឡើង។​

​ថ្មីៗ​នេះ​ លោក​ ហ៊ុន​ សែន​ បាន​ប្ដឹង​លោក​ គឹម សុខ​ អ្នកវិភាគ​នយោបាយ​ម្នាក់​ ដោយ​ទារ​លុយ​ចំនួន​ប្រាំ​សែន​ដុល្លារ​ ក្រោយពី​អ្នកវិភាគ​រូប​នេះ​ ធ្វើ​ការ​អធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​បាញ់​សម្លាប់លោក​ កែម ឡី​ ដែល​ជា​អ្នកវិភាគ​នយោបាយ​ និង​សង្គម​ដ៏​ល្បីល្បាញ ​កាលពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៦ ដោយ​លើក​ពី​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា។

​លោក ​ប្រេដ​ អាដាមស៍​ (Brad Adams)​ ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch​ បាន​ចាត់​ទុក​ថា ការ​វាយ​ប្រហារ​ខាង​ផ្លូវ​ច្បាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ប្រឆាំង​លោក គឹម សុខ​ អ្នកវិភាគ​នយោបាយ​រូប​នេះ​ ​គឺ​ជា​យុទ្ធសាស្ត្រ​បំបិទ​មាត់​អ្នក​បញ្ចេញ​មតិ​រិះ​គន់​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។

លោក​សង្កត់​ធ្ងន់​ថា​ លោក​ ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកជំទាស់​នឹង​រដ្ឋាភិបាល​ទាំងអស់​មាន​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ដោយ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ៕

XS
SM
MD
LG