វ៉ាស៊ីនតោន- វិមានរដ្ឋសភា៖ ប្រតិកម្មចំពោះសុន្ទរកថា State of The Union របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) អំពីស្ថានភាពសហព័ន្ធ បែងចែកភាគច្រើនទៅតាមជួរគណបក្សនៅក្នុងសភា ដោយមានសមាជិកគណបក្សប្រជាធិបតេយ្យសម្តែងការគាំទ្រច្រើនជាងគណបក្សសាធារណរដ្ឋនិយម។
កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអូបាម៉ា ដើម្បីបង្រួបបង្រួមសភាបែងចែកគ្នាមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងប្រទេសអាមេរិក ដែលមានការបែកខ្ញែកគ្នាខាងផ្លូវនយោបាយនោះ បានទទួលប្រតិកម្មជាវិជ្ជមានពីលោកស្រី ស្ហៀឡា ចាក់សុន-លី (Sheila Jackson-Lee) អ្នកតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យពីរដ្ឋតិចសាស់ (Texas)។
«ជាសុន្ទរកថាមួយដែលមានគំនិតថ្មីៗច្រើន ដែលធ្វើឲ្យមានការរំភើបចិត្ត។ លោកអ្នកអាចមើលឃើញមធ្យោបាយប្រកបទៅដោយការពិចារណារបស់លោកប្រធានាធិបតីដើម្បីឲ្យយើងឈានជើងទៅមុខ។ នេះជាកិច្ចការរបស់ប្រធានាធិបតី។ ប្រធានាធិបតីជាអ្នកដឹកនាំ ជាអ្នកលាតត្រដាងទស្សនៈវិស័យ និងផែនការ ហើយលោកអ្នករៀបចំខ្លួនជាស្រេចដើម្បីឈានទៅមុខ»។
ក៏ប៉ុន្តែសេចក្តីស្នើរបស់លោកប្រធានាធិបតីអូបាម៉ាដើម្បីផ្អាកប្រាក់ចំណាយក្នុងស្រុករយៈពេលប្រាំឆ្នាំ ដើម្បីបន្ថយឱនភាពសហព័ន្ធដែលមានចំនួនដល់ទៅលានលានដុល្លារ មិនបានធ្វើឲ្យស្កប់ចិត្តដល់លោកស្ទីវ គិង (Steve King) អ្នកតំណាងរាស្រ្តគណបក្សសាធារណរដ្ឋនិយមពីរដ្ឋអាយអូវ៉ា (Iowa) ទេ។
«លោកនៅតែជឿថា ការចំណាយថវិកាជាឧបករណ៍មួយសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចនេះឡើងវិញ។ ហើយលោកនៅតែជឿលើការរឹបអូសទ្រព្យឯកជនធ្វើជាទ្រព្យរដ្ឋ នៅពេលណាដែលលោកមានឱកាស។ ដូច្នេះ គណបក្សសាធារណរដ្ឋនិយម យើងមានការខ្វែងគំនិតដ៏ធំជាមូលដ្ឋានជាមួយលោកប្រធានាធិបតី»។
បើប្រសិនជាលោកអូបាម៉ាព្យាយាមប្រើពាក្យសំដីផ្លូវកណ្តាលជាងមុនដើម្បីទាក់ទាញសមាជិកគណបក្សសាធារណរដ្ឋនិយម កិច្ចប្រឹងប្រែងរបស់លោកមិនបានប្តូរមតិរបស់លោកត្រិន ហ្វ្រាំងស៍ (Trent Franks) អ្នកតំណាងរាស្រ្តពីរដ្ឋអារីហ្សូណា (Arizona) ទេ។
«លោកបានងាករេយ៉ាងខ្លាំងមករកផ្លូវកណ្តាល។ ហើយបើប្រសិនណាជាប្រជាពលរដ្ឋជឿថា លោកបានផ្លាស់ប្តូរមែននោះ ពួកគេគួរមានការអាម៉ាស់មុខយ៉ាងខ្លាំង»។
ទោះបីមានការបែងចែកតាមជួរគណបក្សនេះក៏ដោយ ក៏ប្រតិកម្មពីសមាជិកសាធារណរដ្ឋនិយមមិនមែនសុទ្ធតែអវិជ្ជមានទាំងអស់ទេ ហើយប្រតិកម្មពីសមាជិកប្រជាធិបតេយ្យក៏មិនមែនសុទ្ធតែវិជ្ជមានទាំងអស់ដែរ។ អ្នកតំណាងរាស្រ្ត គិង (King) នៃរដ្ឋអាយោវ៉ា សរសើរពាក្យពេចន៍ខ្លះរបស់លោកប្រធានាធិបតីអំពីកិច្ចការនយោបាយបរទេស។
«សេចក្តីថ្លែងរបស់លោកប្រធានាធិបតីអំពីប្រទេសអ៊ីរ៉ាក់ (Iraq) មានខ្លឹមសារល្អណាស់ ជាការជំរុញចិត្ត ជាការលាតត្រដាងឲ្យឃើញជោគជ័យនិងពលិកម្ម។ ហើយសេចក្តីថ្លែងអំពីប្រទេស អាហ្កានិស្តាន (Afghanistan) ពេលលោកនិយាយអំពីសត្រូវថា “យើងនិងផ្ចាញ់អ្នក” -- នេះជាចំណុចដ៏ខ្លាំងមួយនៅក្នុងសុន្ទរកថារបស់លោក»។
នៅចុងម្ខាងទៀតនៃជួរគណបក្ស អ្នកតំណាងរាស្រ្តចាក់សុន-លី (Jackson-Lee) មានការព្រួយបារម្ភថា ការផ្អាកការចំណាយសហព័ន្ធក្នុងស្រុកនឹងប៉ះពាល់ទៅលើកម្មវិធីសម្រាប់ជួយអ្នកក្រនិងមនុស្សដែលមានការខ្វះខាត។
«យើងមានប្រជាពលរដ្ឋដែលមានគ្រោះថ្នាក់នៅក្នុងប្រទេសអាមេរិកនេះ។ យើងត្រូវព្រួយបារម្ភអំពីមនុស្សទាំងឡាយដែលមិនអាចពឹងខ្លួនឯងបាន បើសិនជាគ្មានជំនួយ គឺជំនួយពីរដ្ឋាភិបាលសហព័ន្ធ»។
លោកអូបាម៉ាបានថ្លែងសុន្ទរកថានេះ ក្រោយពីមានការបាញ់មនុស្សច្រើននាក់នៅរដ្ឋអារីហ្សូណា ដែលស្ទើរតែបានផ្តាច់ជីវិតអ្នកតំណាងរាស្រ្តស្រី្តម្នាក់។ នៅក្នុងការសម្តែងឯកភាព និងការខំព្យាយាមបំបាត់របាំងបែងចែកគណបក្ស សមាជិកសភាជាច្រើនពីគណបក្សមួយបានប្តូរអាសនៈជាមួយសហការីពីគណបក្សមួយទៀត ជាជាងបែងចែកទៅតាមជួរគណបក្សដូចប្រក្រតី។ អ្នកតំណាងរាស្ត្រប្រជាធិបតេយ្យ ជិម ម៉ាក់ឌើម៉ុត (Jim McDermott) ពីរដ្ឋវ៉ាស៊ីនតោន (Washington) បានចាប់អារម្មណ៍ពីការផ្លាស់ប្តូរបរិយាកាសនៅពេលលោកអូបាម៉ា ថ្លែងសុន្ទរកថា State of Union ដោយប្រៀបធៀបទៅនឹងសុន្ទរកថាមុនៗ។
«នេះជារាត្រីដ៏ស្រងូតស្រងាត់មួយ ផ្តើមឡើងដោយការគោរពដល់សហការីរបស់យើងគឺលោកស្រីហ្គេប្រ៊ីយ៉ែល ហ្គីហ្វឺត (Gabrielle Giffords)។ ខ្ញុំគិតថា មានបរិយាកាសប្លែកពីមុន នៅក្នុងសាលប្រជុំ ហើយសមាជិកសភាយល់ថា យើងត្រូវការធ្វើការជាមួយគ្នា បើសិនជាយើងចង់ឲ្យប្រទេសនេះមានដំណើរការទៅមុខ»។
បើសិនជាភាពជិតស្និទ្ធនឹងគ្នាកើតឡើងរវាងសមាជិកនៃគណបក្សទាំងពីរដោយសារសុន្ទរកថា State of Union នេះ គេនឹងអាចមើលឃើញ នៅពេលដែលសភាតំណាងរាស្ត្រ ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនិយមព្យាយាមធ្វើការជាមួយព្រឹទ្ធសភានិងសេតវិមាន ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ក្នុងពេលពីរឆ្នាំទៅមុខទៀត៕
ប្រែសម្រួលដោយលោកកែរ យ៉ាន