ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​​ជឿ​ជាក់​លើ​ឃ្លាំង​អាវុធ​​នុយក្លេអ៊ែរ​របស់​ខ្លួន


រូប​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេតវិមាន​​​លោក Jake Sullivan ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២។
រូប​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេតវិមាន​​​លោក Jake Sullivan ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​និយាយថា​ខ្លួនមិន​គ្រោង​ផលិតអាវុធ​នុយក្លេអ៊ែរបន្ថែម​ដើម្បី​ទប់ទល់នឹង​ការ​គំរាមកំហែងពី​ប្រទេស​រុស្ស៊ី ​ប្រទេស​ចិននិង​ពួក​បច្ចាមិត្តដែល​មាន​ឬ​អាច​មាន​សមត្ថភាព​នុយក្លេអ៊ែរ​នោះ​ទេ។

បើ​តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេតវិមាន​លោក Jake Sullivan ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនគ្រោង​នឹង​ធ្វើ​ឃ្លាំងនុយក្លេអ៊ែរដែល​ខ្លួន​មាន​ស្រាប់​ឱ្យ​ទំនើប​និង​បន្តបណ្តាក់​ទុន​ក្នុង​បច្ចេកវិទ្យា​ថ្មីៗ​បំផុតសម្រាប់​ទប់ទល់​នឹង​ពួក​សត្រូវ។

លោក​បាន​និយាយ​ថា ​រដ្ឋាភិបាល​អាមេរិកក៏​នឹង​បើក​ចំហលទ្ធភាព​ធ្វើ​ការ​ចរចាសម្រាប់​បញ្ចៀស​កុំ​ឱ្យ​មានការ​ប្រកួត​ប្រជែង​ខាង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​មួយ។

លោក Sullivan ​បាននិយាយប្រាប់​ពួក​អ្នកស្តាប់​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោនកាលពី​ថ្ងៃ​សុក្រ ​ទី២ ​ខែ​មិថុនា​ថា៖ «សហរដ្ឋ​អាមេរិក​មិន​ត្រូវការបង្កើនកងកម្លាំង​នុយក្លេអ៊ែររបស់​យើង​ឱ្យ​មាន​ច្រើន​ជាង​ចំនួន​សរុប​រួមគ្នារបស់ពួក​ប្រទេស​ប្រជែង​នឹង​យើងដើម្បី​ធ្វើ​ឱ្យ​ពួកគេ​រា​ថយ​នោះ​ទេ»។

លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​មួយទៅ​កាន់​សមាគម​ត្រួតត្រាអាវុធ​ថា៖ «ការ​ធ្វើ​ឱ្យ​រា​ថយ​មាន​ប្រសិទ្ធភាពមាន​ន័យ​ថាយើង​មាន​របៀប​ដោះស្រាយ​ល្អ​ជាង​មុន ​មិន​មែនមាន​វិធី​ដោះស្រាយ​ច្រើន​ជាង​មុន​ទេ។ យើង​មាន​ជំនឿ​ថា​ក្នុងបរិបទ​បច្ចុប្បន្ន​យើង​មានចំនួននិង​ប្រភេទសមត្ថភាពដែល​យើង​ត្រូវការ​ហើយ»។

អត្ថាធិប្បាយ​របស់​លោក Sullivan ​មាន​ឡើងនៅ​ពេល​រុស្ស៊ីនិង​ចិន​បាន​ច្រាន​ចោល​ឬ​មិន​អើពើនឹង​ការ​អំពាវនាវឱ្យ​មាន​ការ​ត្រួតត្រា​អាវុធ​និង​កិច្ចចរចា​នុយក្លេអ៊ែរ​ទោះជា​មាន​កំណើន​ភាព​តានតឹង​ក៏ដោយ។

កាល​ពី​ខែ​កម្ភៈ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានប្រកាស​ថា​ លោក​ផ្អាក​ការចូលរួម​របស់រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​សន្ធិសញ្ញា ​START ថ្មី ដោយ​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​មិន​មាន​ន័យដោយសារ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​និង​ពួក​ប្រទេស​លោក​ខាង​លិច​ដល់​អ៊ុយក្រែន។ ជំនួយ​ទាំង​នេះ​មិន​ទាក់ទិន​នឹងអាវុធ​នុយក្លេអ៊ែរ​ទេ។

កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ២០១០ ​កម្រិត​ឱ្យ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ​តែ​១.៥៥០​គ្រាប់​ហើយ​បើក​ឱ្យប្រទេស​នីមួយៗ​ពិនិត្យ​មើល​កន្លែង​ស្តុកនុយក្លេអ៊ែរ​ទៅ​វិញ​ទៅ​មក។

កងយោធា​សហរដ្ឋ​អាមេរិក​ស្ទង់​ប្រមាណថានៅ​ពេលនេះ​ប្រទេស​ចិន​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​ជាង​៤០០​គ្រាប់​ហើយ​គ្រោង​ផលិត​ឱ្យ​បាន​១.៥០០​គ្រាប់មិន​ហួសពី​ឆ្នាំ​២០៣៥​ទេ។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​ឡើង​ដែរ​អំពី​កង្វល់​ស្តី​ពី​ការ​ប្រកែករបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ព្រម​ធ្វើ​ការ​ចរចា​អំពី​ការត្រួតត្រា​អាវុធ។

តែ​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក Sullivan ​បានពោល​ថា ​សហរដ្ឋ​អាមេរិក​នៅតែ​មាន​សង្ឃឹមខ្លះ​ថា​អាច​មាន​កិច្ចចរចា​បែបនេះ ​ហើយ​ថា​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ប្រុងប្រៀប​ធ្វើការ​ចរចាដាច់​ដោយ​ឡែក​ជាមួយរដ្ឋាភិបាល​មូស្គូ​និង​រដ្ឋាភិបាល​ប៉េកាំង​«ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន»។

មានកិច្ចចរចា​កម្រិត​ខ្ពស់​កាលពី​ខែ​ឧសភា​រវាង​ពួក​មន្ត្រី​ខាង​ស៊ើបការណ៍​សម្ងាត់​អាមេរិក​និង​ចិន ​ដោយ​នាយក​ចារកម្ម​ CIA ​លោក​ William Burns ​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង។

មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់បាន​និយាយ​ប្រាប់​វីអូអេដោយ​មាន​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះដើម្បីពិភាក្សា​អំពីដំណើរ​របស់ប្រធាន​ចារកម្ម​អាមេរិកថា​លោក​ Burns​ «បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​បើក​ចំហ​គមនាគមន៍ខាងការ​ស៊ើបការណ៍​សម្ងាត់»។

កាសែត Financial Times បាន​រាយការណ៍​មុនគេ​អំពី​ដំណើរ​របស់​លោក Burns ​ទៅ​ប្រទេស​ចិន៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG