មន្ទីរបញ្ចកោណអាមេរិកនិងសមាជិកសភាខាងគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារបានសម្តែងក្តីបារម្ភថ្មីមួយអំពីប្រទេសចិនពង្រីកកម្លាំងនុយក្លេអ៊ែរក្រោយពីមានរបាយការណ៍ថ្មីមួយដែលថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្ថាបនាធុងនុយក្លេអ៊ែរសម្រាប់មីស៊ីលជាង១១០កន្លែង។ របាយការណ៍របស់សហព័ន្ធវិទ្យាសាស្ត្រអាមេរិក (AFS) បាននិយាយនៅថ្ងៃច័ន្ទថារូបភាពពីផ្កាយវិទ្យាសាស្ត្របង្ហាញថាប្រទេសចិនកំពុងស្ថាបនាធុងនុយក្លេអ៊ែរនៅជិតទីក្រុង Hami ភាគខាងកើតតំបន់ស៊ីនជាំង។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍នេះកើតមានឡើងបន្ទាប់ពីមានរបាយកាណ៍មួយទៀតនិយាយអំពីការសាងសង់ធុងនុយក្លេអ៊ែរសម្រាប់មីស៊ីលប្រមាណ១២០ក្នុងទីក្រុង Yumen ដែលជាតំបន់ដាច់ស្រយាលចម្ងាយប្រមាណ៣៨០គីឡូម៉ែត្រផ្នែកអាគ្នេយ៍ប្រទេសចិន។
បញ្ជាការយុទ្ធសាស្ត្រស.រ.អា.បានបង្ហោះសារតាមធ្វីតធឺ (Twitter) ដោយភ្ជាប់នឹងអត្ថបទរបស់កាសែត New York Times ស្តីពីរបាយការណ៍នោះថា៖ «នេះជាលើកទី២ក្នុងរយៈពេល២ខែដែលសាធារណជនបានដឹងពីអ្វីដែលយើងបាននិយាយជាយូរមកហើយនូវការគំរាមកំហែងកាន់តែខ្លាំងឡើងៗចំពោះពិភពលោកនិងរឿងសម្ងាត់របស់វា»។
ក្រសួងការបរទេសអាមេរិកកាលពីដើមខែកក្កដាបានហៅការស្ថាបនានុយក្លេអ៊ែររបស់ចិនថាជាក្តីបារម្ភមួយនិងថា រដ្ឋាភិបាលប៉េកាំងទំនងជាធ្វើសកម្មភាពប្រាសចាកពីយុទ្ធសាស្ត្រនុយក្លេអ៊ែរច្រើនទសវត្សរ៍ដែលកំហិតការកម្លាអប្បបរមា។ក្រសួងការបរទេសស.រ.អា.បានអំពាវនាវឲ្យប្រទេសចិនចូលរួមជាមួយខ្លួនចាត់វិធានការជាក់ស្តែងក្នុងការកាត់បន្ថយហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធ។
របាយការណ៍របស់មន្ទីរបញ្ចកោណកាលពីឆ្នាំ២០២០ប៉ាន់ប្រមាណថាប្រទេសចិនមានស្តុកក្បាលនុយក្លេអ៊ែរប្រមាណ២០០ហើយថាចំនួននេះបានកើនឡើងយ៉ាងហោច២ដងស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងពង្រីកនិងធ្វើទំនើបកម្មកម្លាំងរបស់ខ្លួននោះ។អ្នកវិភាគមួយចំនួននិយាយថាសហរដ្ឋអាមេរិកមានក្បាលអាវុធនុយក្លេអ៊ែរប្រមាណ៣.៨០០គ្រាប់ដោយក្នុងចំនួននោះក្បាល១.៣៥៧គ្រាប់កំពុងត្រូវបានដាក់ពង្រាយរហូតមកដល់ថ្ងៃទី១ខែមីនាកន្លងទៅនេះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអំពាវនាវម្តងហើយម្តងទៀតឲ្យប្រទេសចិនចូលរួមជាមួយខ្លួននិងប្រទេសរុស្ស៊ីនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងសព្វាអាវុធថ្មីមួយ៕