នៅក្នុងទីក្រុងប៉េកាំងសភាពាណិជ្ជកម្មអាមេរិកំាងនិយាយថា ក្រុមហ៊ុនអាមេរិកាំងបើកមុខរបរក្នុងប្រទេសចិន រងគ្រោះពីវិធានការការពារ ផលិតផលក្នុងស្រុក ការិយាធិបតេយ្យ និងអំពើពុករលួយ។ ក្រុមពាណិជ្ជករបានផ្សព្វផ្សាយសេចក្ដីរាយការណ៍ក្រដាស ស ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ ដោយអំពាវនាវដល់រដ្ឋាភិបាលប៉េកាំងឲ្យពិចារណាឡើងវិញ នូវនយោបាយ ឧស្សហកម្មរបស់ខ្លួនដែលរើសអើង ដើម្បីគំាទ្រក្រុមហ៊ុនក្នុងស្រុក។
សេចក្ដីរាយការណ៍ក្រដាសស ប្រចាំឆ្នាំ បោះពុម្ភផ្សាយ កាលពីថ្ងៃអង្គារ ដោយ សភា ពាណិជ្ជកម្មអាមេរិកាំង នៅក្នុងប្រទេសចិន និយាយថាសមាជិកភាគច្រើនរបស់ខ្លួន ត្រូវរងគ្រោះដោយសារវិធានការការការពារផលិតផលក្នុងស្រុកកាន់តែច្រើនចាប់តាំងពីមានវិបត្ដិសេដ្ឋកិច្ចសកលនៃ ឆ្នាំ២០០៨ ។
សេចក្ដីរាយការណ៍នោះនិយាយថា ២៦ភាគរយ នៃអ្នកឆ្លើយនឹងសំណួរ និយាយអះអាងថាវិធានការចិនដោយលម្អៀងមកលើក្រុមហ៊ុនផ្គត់ផ្គងខាងបច្ចេកវិជ្ជាក្នុងស្រុក និង ហាមមិនឲ្យបរទេសចូលទៅក្នុងផ្នែកសំខាន់ៗដូចជា ធនាគារ ទូរគមនាគមន៍ និង កិច្ចការច្បាប់ និង ក្រុមហ៊ុនធានារ៉ាប់រង។
លោក Christian Murk ជាប្រធានសភាពាណិជ្ជកម្មអាមេរិកាំង។លោក ថ្លែងថាក្រុមហ៊ុនអាមេរិកាំង បានទទួលប្រាក់ចំណេញដែរក្នុងប្រទេសចិន តែការបើកទ្វារចំហនិងការកែទម្រង់នៅក្នុងទីផ្សារចិន មានដំណើរយឺតក្នុងបុន៉្មានឆ្នាំថ្មីៗនេះ។
ហើយលោកព្រមានថា កំពស់នៃការិយាធិបតេយ្យ អំពើពុករលួយ និង ការការពារផលិតកម្មក្នុងស្រុក បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកាំងនៅក្នុងប្រទេសចិន។
«យើងបានសូរទៅកាន់មនុស្សជាច្រើនថា តើមានបញ្ហាអ្វីខ្លះ ក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន ហើយ តើមានការលំបាកអ្វីខ្លះក្នុងកិច្ចប្រតិបត្ដិការនៅលើទីផ្សារចិន។ រឿងធំប្រាំ នៅក្នុងការស្ទង់មតិរបស់យើង គឺមាន៖ការិយាធិបតេយ្យ ការរឹតត្បិតមកលើធនធានមនុស្សតាមខ្នាតចាត់ចែងការ ដោយថាយើងមិនអាចរក អ្នកចាត់ចែងការមានចំណេះពិសេសបានទេ ច្បាប់មិនច្បាស់លាស់ និង ការបកស្រាយច្បាប់មិនទៀងទាត់ ហើយនិងការរំលោភលើច្បាប់ កម្មសិទ្ធិបញ្ញា។ តែបើយើង មើលទៅបញ្ហាថ្នាក់ទាប គឺគេមានអំពើពុករលួយ ក្នុងការទទួលយកប័ណ្ណអនុញាត ការមិនចេះប្រើធនធានមនុស្សជាតិក្នុងការចាត់ចែងការ គឺកម្មករគ្មានចំណេះ វិធានការការពារផលិតកម្មក្នុងស្រុក ក្នុងតំបន់និង ការលំបាកនឹងអនុវត្តអាណត្ដិរបស់កិច្ចសន្យា »។
លោក Murk និយាយថា ច្បាប់រឹតបន្ដឹងនិង អង្គការគ្រប់គ្រងបរិដ្ឋាន បាននាំឲ្យមានសំណួរអំពីការប្ដេជ្ញាចិត្ដរបស់ប្រទេសចិន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជា សមាជិកម្នាក់នៅក្នុងអង្គការ ពាណិជកម្មពិភពលោក ឬ WTO។
នៅក្រោម វិន័យរបស់អង្គការ WTO ចិនត្រូវ រៀបចំឲ្យមានទីផ្សារសេរីនិងបើកចំហ។លោក ម៊ីក ថ្លែងថា លទ្ធផលចេញពីការស្ទង់មតិមិនអាក្រក់ទាំងអស់ទេ។
«យើងគួរ គូសបង្ហាញថា ស្ថានការក្នុងកិច្ចប្រតិបត្ដិការ មានសភាពល្អដែរ ដល់ក្រុមហ៊ុនអាមេរិកាំង ហើយបានសរសេរចុះច្បាស់នៅក្នុងទិន្នន័យរបស់ការស្ទង់មតិនេះ។ ក្រុមហ៊ុន៨៥ ភាគរយ បានរាយការណ៍អំពី ការលូតលាស់នៃប្រាក់ចំណូល នៅឆ្នាំ២០១០ ។ ៧៨ ភាគរយ និយាយថាគេបានចំណេញច្រើនសន្ធឹក។ ៦៣ ភាគរយ និយាយថាប្រាក់ចំណេញបានប្រសើរជាង កាលពីឆ្នាំមុនៗនៅក្នុងប្រទេសចិន។ ៤១ ភាគ រយ និយាយថា ប្រាក់ចំណេញក្នុងប្រទេសចិនប្រសើរជាង នៅទីកន្លែងដទៃក្នុងពិភពលោក»។
លោកម៊ីក ថ្លែងថា ផែនការប្រាំឆ្នាំចុងក្រោយរបស់ប្រទេសចិន ប្រកាសកាលពីខែកុម្ភះ បានប្ដេជ្ញានឹងធ្វើឲ្យមានការកែទម្រង់ច្រើនឡើងថែមទៀតនៅក្នុងទីផ្សារ។
រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុចិន មិនអាចធ្វើអត្ថាធិប្បាយបានទេ ចំពោះការស្ទង់មតិ នៅថ្ងៃអង្គារនេះ។ លទ្ធផលនៃការស្ទង់មតិនេះមួយបានត្រូវប្រគល់ឲ្យរដ្ឋាភិបាលចិន និង បញ្ជូនទៅឲ្យអ្នកនយោបាយ អាមេរិកាំង នៅចុងសប្ដាហ៍នេះ។
លោក ម៊ីក ថ្លែងថា ពេលវេលាមកដល់ហើយ ដែលចិន គួរនឹងពន្លឿនការកែទម្រង់របស់ខ្លួន ហើយ ធ្វើឲ្យមានតម្លាភាពក្នុងនយោបាយរបស់ខ្លួននៅពេលដែលចិនបានចូលរួម ធ្វើជាសមាជិករបស់អង្គការពាណិជកម្ម ពិភពលោក កាលពី១ទសវត្សរ៌មុនក្នុងឆ្នាំ២០០១នោះ។
ប្រែសម្រួលដោយ អ៊ូ ធួក