ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​និង​ចិន​ពិភាក្សា​អំពី​ជម្លោះ​ក្នុង​សមុទ្រ​និង​បញ្ហា​ដទៃ​ទៀត


ឧត្តម​សេនីយ​ ចិន​​ ប៊ិងឌី​​ (ខាង​ស្តាំ) នាយ​អគ្គ​សេនា​ធិការ​​កង​​ទ័ព​​​រំ​ដោះ​ប្រជាជន​ចិន​ និង​ឧត្តម​នាវី​ឯក​​ ម៉ែក​​ ម៉ុលឡិន​​ក្នុង​អម្លុង​ពេល​នៃ​សន្និសិទ​កាសែត​នៅ​អាគារ​បៃយី​ក្នុង​ទីក្រុង​ប៉េកាំង​ ថ្ងៃ​ច័ន្ទ ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១១។
ឧត្តម​សេនីយ​ ចិន​​ ប៊ិងឌី​​ (ខាង​ស្តាំ) នាយ​អគ្គ​សេនា​ធិការ​​កង​​ទ័ព​​​រំ​ដោះ​ប្រជាជន​ចិន​ និង​ឧត្តម​នាវី​ឯក​​ ម៉ែក​​ ម៉ុលឡិន​​ក្នុង​អម្លុង​ពេល​នៃ​សន្និសិទ​កាសែត​នៅ​អាគារ​បៃយី​ក្នុង​ទីក្រុង​ប៉េកាំង​ ថ្ងៃ​ច័ន្ទ ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០១១។

មេបញ្ជាការ​យោធា​កំពូល​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​បាន​ជួប​គ្នា​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​កិច្ច​ចរចា​«ដោយ​ត្រង់ៗ»​ នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ ស្តី​អំពី​ជម្លោះ​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​បញ្ហា​មិន​ស្រុះ​ស្រួល​គ្នា​ដទៃៗ​ទៀត។

កិច្ច​ចរចា​រវាង​មេ​បញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​ ឧត្តមនាវី​ឯក​ ម៉ែក​ ម៉ុលឡិន​ (Mike Mullen) ​និង​សមភាគី​ចិន​របស់​លោក​ លោក​ ចិន​ ប៊ីងឌី​ (Chen​ Bingde)​ មាន​គោលដៅ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ ដោយ​សារ​ការ​លក់​អាវុធ​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ ការ​វាយ​ប្រហារ​តាម​បណ្តាញ​អ៊ីនធើណែត​ដែល​គេ​តាម​ដាន​ឃើញ​ថា​មាន​ប្រភព​ក្នុង​ប្រទេស​ចិន​ និង​ភាព​តាន​តឹង​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

តែ​បើ​សិន​ជា​អត្ថាធិប្បាយ​របស់​លោកទាំង​ពីរ​នៅ​ក្នុង​សន្និសិត​កាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​ ជា​សញ្ញា​ណា​មួយ គឺ​ថា​ភាព​តាន​តឹង​នៅតែ​មាន​ជា​បន្ត។​ ឧត្តមសេនីយ​ ចិន​ បាន​ផ្តន្ទាទោស​សមយុទ្ធ​យោធា​រួម​ថ្មីៗ​នេះ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ពីរ​ដែល​កំពុង​មាន​ជម្លោះ​សមុទ្រ​យ៉ាង​ខ្លាំង​ជា​មួយ​ប្រទេស​ចិន។

លោក​ ចិន​ ថ្លែង​ថា​ ទោះ​បី​ជា​សហរដ្ឋ​អាមេរិក​និយាយ​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ប្រេង​និង​ឧស្ម័ន​នោះ​ក៏​ដោយ​ ក៏​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​សញ្ញា​ផ្ទុយ​ស្រឡះ​ទៅ​ឲ្យ​ពិភពលោក​ តាម​រយៈ​សមយុទ្ធ​យោធា​ជា​មួយ​ប្រទេស​វៀតណាម​និង​ហ្វីលីពីន។​ លោក​បាន​ទទួល​ស្គាល់​ថា​ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ធ្វើ​ពី​មុន​មកហើយ​ តែ​ថា​ការ​ធ្វើ​សមយុទ្ធ​នៅ​ពេល​មួយ​នេះ​ជា​ការ​មិន​សមរម្យ​ទាល់​តែ​សោះ។

លោក​ឧត្តម​នាវី​ ម៉ុលឡិន​ បាន​ឆ្លើយ​ទៅ​វិញ​ថា​ សហរដ្ឋ​អាមេរិក​និង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជា​មួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ត​ទៅ​ទៀត។

«សហរដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​ ជា​ច្រើន​ទសវត្សន៍​មក​ហើយ​ ហើយ​យើង​បាន​ធ្វើ​សមយុទ្ធ​ជា​មួយ​សម្ព័ន្ធមិត្ត​និង​មិត្ត​របស់​យើង​ នៅ​ក្នុង​តំបន់​នេះ​នៃ​ពិភពលោក​អស់​ច្រើន​ទសវត្សន៍​ ហើយ​យើង​និង​បន្ត​ធ្វើ​ទៅ​ថ្ងៃ​មុខ​ទៀត»។

លោក​ ម៉ុលឡិន​ បាន​ថ្លែង​បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ សហរដ្ឋ​អាមេរិក​និង​នៅ​ជា​មហា​អំណាច​ប៉ាស៊ីហ្វិក​មួយ​ជា​ដរាប។​ ក៏​ប៉ុន្តែ​លោក​ថ្លែង​ថា​ បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​ក្នុង​តំបន់​និង​ក្នុង​សកលលោក​ជា​បញ្ហា​ធំ​ពេក​និង​មាន​សារៈសំខាន់​ខ្លាំង​ពេក​ មិន​អាច​ធ្វើ​ឲ្យ​រារាំង​ដោយ​ការ​យល់​ច្រឡំ​គ្នា​បាន​ទេ។​ប្រទេស​ចិន​ ហ្វីលីពីន​ វៀតណាម​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​ និង​កោះ​តៃវ៉ាន់​ ទាម​ទារ​ទឹក​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​អស់​គ្នា។​ ទឹក​ដី​ដែល​ទាម​ទារ​ទាំង​នោះ​ ភាគ​ច្រើន​ផ្តោត​លើ​ក្រុម​កោះ​ ប៉ារ៉ាសែល​ (Paracel)​ និង​ ស្ប្រាតលី​ (Spratly)​ ដែល​គេ​ជឿ​ថា​មាន​ថាមពល​ច្រើន។​ ការ​ទាម​ទារ​របស់​ចិន​មាន​ទំហំ​ធំ​ជាង​គេ​ ហើយ​ចិន​បាន​ចេញ​សេចក្តី​ព្រមាន​យ៉ាង​ខ្លាំង​ខ្លា​នៅ​ពេល​ថ្មីៗ​នេះ​ រួម​ទាំង​ការ​គំរាម​សកម្មភាព​យោធា​ ដើម្បី​ពង្រឹង​ការ​ទាម​ទារ​របស់​ខ្លួន។​លោក​ ម៉ុលឡិន​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ក្រុង​ប៉េកាំង​ ដែល​ជា​ទស្សនកិច្ច​ទី​មួយ​ដោយ​ប្រមុខ​យោធា​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧។​ ទី​ភ្នាក់ងារ​ព័ត៌មាន​ ស៊ិនហួរ​ (Xinhua)​ បាន​ដក​ស្រង់​ពាក្យ​របស់​លោក​ឧត្តមសេនីយ​ ចិន​ ថា​លោក​ទាំង​ពីរ​បាន​រក​ឃើញ​«ប្រយោជន៍​រួម​ជា​ច្រើន»​ ក៏​ប៉ុន្តែ​មាន​«មតិ​ខុស​គ្នា​លើ​បញ្ហា​ខ្លះ»។

នៅ​ក្នុង​ទស្សនកិច្ច​នេះ​ លោក​ ម៉ុលឡិន​ និង​អញ្ជើញ​ទៅ​មើល​មូលដ្ឋាន​យោធា​ចិន​ នៅ​ក្រៅ​ក្រុង​ប៉េកាំង។​ កិច្ច​ប្រជុំ​របស់​លោក​ក៏​រំពឹង​ថា​និង​ពិភាក្សា​អំពី​កិច្ច​ចរចា​បំបាត់​អាវុធ​បរមាណូ​ដែល​នៅ​គាំង​ផ្លូវ​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ ការ​លក់​អាវុធ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ និង​វិធានការ​ស្ថាបនា​ការ​ទុក​ចិត្ត​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

XS
SM
MD
LG