រដ្ឋាភិបាលក្រុងប៉េកាំង និយាយនៅថ្ងៃអង្គារថា ប្រទេសចិននឹងចាត់វិធានការ «ចាំបាច់និងសម ស្រប» ប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងការឆ្លើយតបទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ ជុំវិញការរឹតបន្តឹងទិដ្ឋាការនាពេលថ្មីចុងក្រោយនេះ ទៅលើមន្ត្រីចិន ដែលត្រូវអាមេរិកសង្ស័យថា បានរំលោភសិទ្ធិមនុស្សនោះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហរដ្ឋអាមេរិក បានរឹតបន្តឹងនូវគោលការណ៍ចូលទឹកដីអាមេរិក ដល់មន្ត្រីនិងនិស្សិតចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយថ្មីៗនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំង ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានក្លាយជាគូសត្រូវយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិកនោះ។
ក្រសួងការបរទេសអាមេរិក កន្លងមកបានលុបចោលទិដ្ឋាការនិស្សិតនិងអ្នកស្រាវជ្រាវចិនប្រមាណជាង១០០០នាក់ ដោយបានសង្ស័យថា ពួកគេធ្វើចារកម្មនៅលើទឹកដីអាមេរិក។
រដ្ឋមន្តី្រការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃចន្ទថា ការរឹតបន្តឹងនាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងទៅលើមន្ត្រីចិនមួយចំនួន ដែលគេជឿជាក់ថា ជាអ្នកទទួលខុសត្រូវនូវគោលនយោបាយនិងសកម្មភាព គាបសង្កត់ទៅលើអ្នកគោរពសាសនា សមាជិកក្រុមជនជាតិភាគតិច អ្នកប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
ជាការឆ្លើយតបវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទសហរដ្ឋអាមេរិក ថាបានយកគោលនយោបាយទិដ្ឋាការមកធ្វើជាអាវុធ និងជ្រែកជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
អ្នកនាំពាក្យចិនរូបនេះបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅថ្ងៃអង្គារថា «ចិនប្រឆាំង និងប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ចិន នឹងបន្តចាត់វិធានការចាំបាច់និងសមស្រប ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕