ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចិន​ការពារ​វិទ្យាស្ថាន​ខុងជឺ​ ដែល​កំពុង​​រង​ការ​រិះគន់​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក


រូបភាពឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian ថ្លែងក្នុង​ក្រសួងការបរទេស​ចិន​ ក្នុង​ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០​។

បន្ទាប់ពី​ការវាយ​ប្រហារ​ខាង​នយោបាយ​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​ Donald Trump ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ចិនបាន​ការពារ​វិទ្យាស្ថាន​ខុងជឺ​របស់​ខ្លួន​ថា ​ជា​វិទ្យាស្ថាន​វប្បធម៌ ​និង​ភាសា ​មិនពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។

តាម​មន្ត្រី​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump​កាលពី​សប្តាហ៍​មុន​ បាន​ជំរុញ​ឲ្យ​សាលារៀន​និង​មហា​វិទ្យាល័យ​សហរដ្ឋ​អាមេរិក ​គិត​ឡើង​វិញនូវ​ចំណង​ទាក់ទង​របស់​ខ្លួនជាមួយវិទ្យាស្ថាន​ ដែល​នាំ​ភាសា​ចិន​មក​កាន់​សហរដ្ឋ​អាមេរិក ក្រៅ​ពី​ការ​នាំមកនូវ​ឥទ្ធិពល​អាក្រក់ពី​ប្រទេស​ចិន​ផងដែរ​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក​ Zhao Lijian ​បាន​ជំទាស់​ថា ​ការចាត់​ទុក​និង​ការ​ចោទ​ប្រកាន់ ​ដែល​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​និង​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ផ្សេង​ទៀត​ជា​ «សកម្មភាពលម្អៀង​ខាង​មនោគមវិជ្ជា និង​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន»​ ហើយ ​«មាន​ចេតនា​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការផ្លាស់​ប្តូរ​វប្បធម៌​ និង​ការសិក្សា​អប់រំ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក»។

លោក Zhao បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ថា ​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​គួរតែ​ «បោះបង់​ចោល​គំនិត​សង្គ្រាម​ត្រជាក់​ ហើយ​បញ្ឈប់​ការរិះគន់​ដោយ​ធ្វើ​ឲ្យ​ក្លាយ​ជាបញ្ហា​នយោបាយ​នូវ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​អប់រំ​ រារាំង​ដល់​ការផ្លាស់​ប្តូរ​វប្បធម៌​ធម្មតា​រវាង​ប្រទេស​ទាំង​ពីរ​ និង​ធ្វើ​ឲ្យ​ខូច​ដល់​ការទុក​ចិត្ត​និង​កិច្ច​សហប្រតិបត្តិការគ្នា​ទៅវិញ​ទៅមក​ រវាង​ចិន​និង​សហរដ្ឋ​អាមេរិក»។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើរ​ទៅកាន់​សាកល​វិទ្យាល័យ​ និង​មន្ត្រី​អប់រំ​នៅតាម​រដ្ឋ​ ក្រសួងការបរទេសនិង​ក្រសួង​អប់រំសហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ថា ​កម្មវិធី​របស់​វិទ្យាស្ថាន​ខុងជឺ​នោះ​ផ្តល់​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ចិន ​នូវ​ទីកន្លែងលើ​ទឹកដី​សហរដ្ឋ​អាមេរិក ​ហើយ​និង​គំរាម​កំហែង​សេរីភាព​ក្នុង​ការបញ្ចេញមតិ។​

សាលារៀន​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ឱវាទ​ឲ្យ​ពិនិត្យ​មើល​សកម្ម​ភាពនានា​របស់​កម្មវិធីវិទ្យាស្ថាន​ខុងជឺ​នោះ​ ហើយ​និង​ «ចាត់​វិធានការ​ដើម្បី​ការពារ​បរិយា​កាស​នៃ​ការសិក្សា​អប់រំ​របស់​យើង»៕

XS
SM
MD
LG