វ៉ាស៊ីនតោន៖ ក្រុមធ្វើវិនិយោគបានចាប់ផ្ដើមដឹងយល់ថា ល្បឿនយឺតសេដ្ឋកិច្ចសកលអាចនាំឲ្យទន់ខ្សោយដល់ការលូតលាស់សេដ្ឋកិច្ចដែលនឹងកាត់បន្ថយខ្លាំងដល់ការងើបសេដ្ឋកិច្ចឡើងវិញ។ អ្នកយកព័ត៌មាន វីអូអេ Les Carpenter រាយការណ៍ថា គេឃើញមានសញ្ញាគ្រប់កន្លែងក្នុងសប្ដាហ៍នេះរាប់ទាំងសេចក្ដីព្រួយបារម្ភជាថ្មីថា សេដ្ឋកិច្ចចិនដ៏ខ្លាំងក៏អាចដើរយឺតដែរ។
ថ្ងៃដែលគេវិភាគវិធានការរបស់ធនាគារកណ្ដាល សរអ ក្នុងសប្ដាហ៍នេះ បាននាំឲ្យក្រុមអ្នកវិនិយោគ អាមេរិកាំងសន្និដ្ឋានថា សេដ្ឋកិច្ចបានដើរយឺតខ្លាំងច្រើនយឺតជាងសេចក្ដីរំពឹងរបស់ពួកគេ។ ធនាគារកណ្ដាល សរអ និយាយពីថ្ងៃអង្គារថា អត្រាគ្មានការងារធ្វើច្រើន និងទីផ្សារឥណទានតឹង ដែលលំបាកខ្ចីប្រាក់ បានបន្ថយល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ច។ រួចកាលពីថ្ងៃពុធ ក្រសួងការងារនិយាយថា អត្រាចំនួនកំណើនការងារបាន ចុះទាបពីរខែជាប់គ្នា។ ក្រសួងពាណិជ្ជកម្មសរអ និយាយបន្ថែមថា ឧនភាពពាណិជ្ជកម្ម សរអ ឡើងជិត១ភាគ៥ក្នុងខែមិថុនា ដែលជាតួលេខអាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០០៨មក។
គម្លាតរវាងអ្វីដែលសរអលក់ចេញទៅបរទេសនិងទិញចូលពីប្រទេសក្រៅកាន់តែរីកធំមានទឹកប្រាក់ជិតទៅ៥០ពាន់លានដុល្លារ នេះគ្រាន់តែនៅក្នុងខែមិថុនាប៉ុណ្ណោះ។
ក្រុមអ្នកវិនិយោគ Wall Street មមាញឹកនាំគ្នាលក់ហ៊ុន ជំរុញឲ្យទីផ្សារស្ដុក សរអ ចុះ រវាង២,៥ទៅ៣ភាគរយ។ ក្រោយពីស្ថានការណ៍វិលមកធម្មតាវិញ គេឃើញច្បាស់ថា ព័ត៌មាន បូកជាមួយពាក្យនិយាយថា ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនឡើងដ៏តិចបំផុតក្នុងរយៈពេល១១ខែ ហើយការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសបានចុះទន់ខ្សោយ។ ទាំងអស់គឺជាកត្តាគួបផ្សំពីល្បឿនយឺតនៃការលក់រាយរបស់ប្រទេសចិន និងភាពទន់ខ្សោយនៃការលូតលាស់ឥណទានខ្ចីប្រាក់ថ្មីបន្ថែម បូកនិងសញ្ញាដែលថា សេដ្ឋកិច្ចខ្លាំងរបស់ប្រទេសចិនមានដំណើរយឺត។
តែលោក Barry Bosworth សេដ្ឋសាស្រ្ដវិទូថ្នាក់ខ្ពស់នៃស្ថាប័នឯកជន Brookings ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា សញ្ញាទាំងអស់នេះហាក់ដូចជាការបញ្ជាក់ឡើងវិញថា សេដ្ឋកិច្ចអាស៊ីបន្ដដំណើរការល្អទៅមុខ។
«អ្វីដែលកើតមានឡើងក្នុងប្រទេសចិន ខ្ញុំយល់ថា ចំត្រូវយោងទៅតាមផែនការ។ គេចង់បន្ថយល្បឿននៃការរីកចំរើន។ គេហាក់ដូចជាគេបានទទួលជោគជ័យ។ សេដ្ឋកិច្ចមានដំណើរយឺតយ៉ាវមកនៅត្រឹម៨%ទៅដល់៩%ក្នុងមួយឆ្នាំ ចំណែកព័ត៌មានចេញពីប្រទេសអឺរ៉ុបគឺប្រហាក់ប្រហែលគ្នានឹងព័ត៌មាននៅក្នុងសរអ អស់ពេលមួយរយៈមកហើយ។ ប្រទេសឧស្សហកម្មកំពុងជួបនឹងបញ្ហាជាច្រើន»។
លោក Barry Bosworth និយាយទៀតថា លោកយល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានចៀសផុតពីវិបត្ដិសេដ្ឋកិច្ចសកលយ៉ាងប្រសើរហើយអាចវិលត្រឡប់មកឋឹតនៅលើទីកន្លែងមុនវិបត្ដិហិរញ្ញវត្ថុចាប់ផ្ដើម។ តែលោកនិយាយដែរថា មិនមានន័យថា សេដ្ឋកិច្ចចិនមិនមានចំណុចទន់ខ្សោយច្រើន សំខាន់នោះទេ។
«បញ្ញាធំចម្បងរបស់ប្រទេសចិនគឺការពឹងផ្អែកច្រើនពេកមកលើការលក់ទំនិញទៅបរទេស ហើយបើកាលណាសេដ្ឋកិច្ចសកលដួលរលំ វានាំឲ្យការលូតលាស់សេដ្ឋកិច្ចដើរយឺតនៅទីបំផុតក្នុងប្រទេសចិន។ ប្រទេសចិនបានទាក់ទាញយកកម្លាំងទិញទំនិញពីសេដ្ឋកិច្ចសកលលោក។ ចិនមិនមានតួជាសកលដ៏ល្អនោះទេ នៅពេលដែលពិភពលោកមានសេដ្ឋកិច្ចទន់ខ្សោយ។ ចិននឹងត្រូវប៉ះពាល់ដ៏អាក្រក់ដោយសារសរអ។
លោក Barry Bosworthនៃស្ថាប័ន Brookings និយាយបន្ថែមថា ប្រទេសចិនត្រូវការតម្លើងកិច្ចប្រឹងប្រែងក្នុងការបង្កើនការប្រើប្រាស់វត្ថុក្នុងស្រុកដើម្បីឲ្យខ្លួនអាចពឹងផ្អែកតិចទៅលើការលក់ទំនិញចេញទៅបរទេស។ លោក Bosworth ថ្លែងទៀតថា ដោយធ្វើដូច្នេះ ចិននឹងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចរបស់អ្នកដទៃដែរ។
យ៉ាងណាម៉ិញ នៅពេលដែលមានអ្នកខ្លះមានអារម្ភព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ចេញពីប្រទេសចិន ដែលគេចង្អុលបង្ហាញទៅរកល្បឿនយឺតនៃសេដ្ឋកិច្ចនោះ គឺមិនមែនជាទស្សនៈនៃអ្នកវិភាគទាំងអស់គ្នាយល់ស្របទេ។ លោក David
Riedel ប្រធានក្រុមស្រាវជ្រាវ Riedel Research Group ដែលមានជំនាញខាងសេដ្ឋកិច្ចអាស៊ី រាប់ទាំងប្រទេសចិនផងដែរ បាននិយាយដូច្នោះប្រាប់ទីភ្នាក់ងារBloomberg News ថា លោកមិនមានជំនឿថា ប្រទេសចិនរង់ចាំឲ្យល្បឿននៃការលូតលាស់សេដ្ឋកិច្ចផ្ទុះបែកឡើងនោះទេ។ លោកនិយាយទៀតថា រដ្ឋាភិបាលបានចាត់វិធានការត្រឹមត្រូវ ជួយកាត់បន្ថយការលក់ដូរដោយប្រថុយប្រថាននូវលំនៅដ្ឋានប្រណិត ហើយបង្វិលទីផ្សារសង្ហារឹមទៅរកផ្ទះមានតម្លៃថោកល្មមដែលនៅមាន សេចក្ដីត្រូវការដ៏ច្រើនសន្ឋឹកនៅឡើយ៕
ប្រែសម្រួលដោយ អ៊ូ ធួក។