ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចោទប្រកាន់​ទាហាន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម


លោក Merrick Garland រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​កាលពីថ្ងៃទី០៦ ធ្នូឆ្នាំ២០២៣។
លោក Merrick Garland រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិកថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​កាលពីថ្ងៃទី០៦ ធ្នូឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​កំពុង​ចោទប្រកាន់​ទាហាន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​បួន​នាក់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ចំពោះ​អ្វី​ដែល​រដ្ឋអាជ្ញា​អាមេរិក​ពណ៌នា​ថា​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​អាមេរិក​ម្នាក់​បន្ទាប់​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ ក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំមុន។

ការចោទ​ប្រកាន់​នេះ​គឺ​ជា​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នៅ​ក្រោម​ច្បាប់​លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម​សង្រ្គាម​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​អាយុ​ជិត៣០ឆ្នាំ ហើយ​រៀបរាប់​លម្អិត​អំពី​ការចាប់​ពង្រត់និង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​អាមេរិក​ម្នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ Mylove(មីឡ័រវី)ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ នៅ​ពេល​ដែល​កង​កម្លាំង​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន។

លោក Merrick Garland រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​ថ្លែង​ថា៖«យើង​ចោទ​ប្រកាន់​ថា ​ជនជាប់​ចោទ​ទាំង​នោះ​បាន​ចាប់​បោះ​ជន​រងគ្រោះ​ទៅ​លើ​ដី​ ខណៈ​ដែល​គាត់​អាក្រាត​កាយ ចងដៃ​ពីក្រោយ​ខ្នង​របស់​គាត់​ ភ្ជុង​កាំភ្លើង​ទៅក្បាល​គាត់​ និង​វាយ តប់​ ទាត់​ធាក់​ដោយ​ជើង​ កណ្តាប់​ដៃនិង​បង់​កាំភ្លើង​របស់​គេ​ទៀត»។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោកMerrick Garland និយាយ​ថា​ ជនជាប់​ចោទ​ទាំង​៤នាក់ រួម​មាន​មេបញ្ជាការ​ពីរ​នាក់​ និង​ទាហាន​ថ្នាក់​ក្រោម​ពីរ​រូប​ដែល​ជាកង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី​ឬជា​កងកម្លាំង​ដែល​គេ​ហៅ​ថា​សាធារណរដ្ឋ​ប្រជាមានិតDonetsk។ ហើយ​ពួកគេ​ថែម​ទាំង​បាន​ធ្វើ​ការ​ប្រហារ​ជីវិត​បែប​ចំអក​ទៀត​ផង។

លោក Garland បាន​ថ្លែង​ទៀត​ថា៖ «គេ​រំកិល​កាំភ្លើង​មុន​នឹង​កេះកៃ ហើយបាញ់​គ្រាប់​កាំភ្លើងបញ្ឆិត​ក្បាល​គាត់»។

ការចោទ​ប្រកាន់​ចំនួន៩ទំព័រ​បាន​ចោទទាហាន​ដែល​មាន​ទំនាក់​ទំនង​នឹង​រុស្ស៊ី​ពី​បទផ្សំ​គំនិតប្រពឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ការបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​និង​ការធ្វើ​ទារុណកម្ម។

ស្ថានទូត​រុស្ស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​ការអត្ថាធិប្បាយ​ទេ។

មន្ត្រី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការស៊ើប​អង្កេត​ជាច្រើន​ខែ​ ដោយ​ក្រសួង​យុត្តិធម៌ ភ្នាក់ងារ​ប៉ូលិសFBIនិង​ក្រសួង​សន្តិសុខ​មាតុភូមិ​ ដែល​បាន​និយាយ​ជាមួយ​ជន​រងគ្រោះ​ ហើយ​ក៏​បាន​រកឃើញ​សាក្សី​ចំពោះ​ការចូល​កាន់កាប់​របស់​រុស្ស៊ី​នៅក្នុង​ភូមិ​ដែល​ជន​រងគ្រោះ​រស់​នៅ។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ Alejandro Mayorkas ថ្លែងថា៖«ដូចដែល​ការប្រកាស​ថ្ងៃនេះ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​នៅពេល​ដែល​សិទ្ធិ​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​រំលោភ​បំពាន រដ្ឋាភិបាល​របស់​ពួកគេ​នឹង​ប្រឹងប្រែង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ និង​ចំណាយ​គ្រប់ទាំង​ធនធាន​ដើម្បី​នាំ​ជនល្មើស​មក​កាត់ទោស»។

មន្ត្រី​អាមេរិក​ក៏​និយាយ​ដែរ​ថានេះ​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែល​ពួកគេ​បាន​ចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ សម​ដូច​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក Merrick Garland បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា«អ្នកគួរ​តែ​រំពឹង​នឹង​មាន​ការចោទប្រកាន់​ច្រើន​ទៀត»៕


ប្រែសម្រួល​ដោយ​លោក សុខ ខេមរា

XS
SM
MD
LG