ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បួន​នាក់​នៃក្រុម Proud Boys មាន​ទោស​ពី​បទរួម​គំនិត​បះបោរ


សមាជិកនៃក្រុមនិយមនយោបាយស្តាំជ្រុល Proud Boys ត្រូវបានកាត់ទោសពីបទរួមគំនិតបះបោរក្នុងព្រឹត្តិការណ៍វាយប្រហារវិមានសភាអាមេរិក ៦ មករា ឆ្នាំ ២០២១ ដោយតុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន។
សមាជិកនៃក្រុមនិយមនយោបាយស្តាំជ្រុល Proud Boys ត្រូវបានកាត់ទោសពីបទរួមគំនិតបះបោរក្នុងព្រឹត្តិការណ៍វាយប្រហារវិមានសភាអាមេរិក ៦ មករា ឆ្នាំ ២០២១ ដោយតុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន។

គណៈវិនិច្ឆ័យ​សហព័ន្ធ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​កាត់ទោស​អតីតមេដឹកនាំនៃ​ក្រុម Proud Boys ​ដែល​និយមនយោបាយ​ស្តាំជ្រុលនិង​សហការី​បី​នាក់ ពីបទ​ចោទ​ប្រកាន់​បះបោរ ចំពោះ​មុខ​នាទី​របស់​ពួក​គេ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី ៦​ ខែមករា ​ឆ្នាំ ២០២១​ លើ​វិមានសភា​សហរដ្ឋ​អាមេរិក។

អតីត​ប្រធានក្រុម Proud Boys ​ឈ្មោះ Enrique Tarrio ​និង​ក្រុម​មេដឹកនាំក្នុង​តំបន់​ឈ្មោះ Joe Biggs, Ethan Nordean និង Zach Rehl​ ក៏​ត្រូវ​បាន​សម្រេចថា​មានទោស​ដែរ​ កាលពីថ្ងៃ​ព្រហស្បតិ៍ ពី​បទ​រារាំង​សភាមិន​ឱ្យ​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​ Joe Biden ​លើលោក​ Donald Trump ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ​ ២០២០។

តែ​គណៈវិនិច្ឆ័យ​មិន​ចុះ​សម្រុង​គ្នាអំពី​បទចោទប្រកាន់​ស្តីពី​ការរួមគំនិត​ធ្វើ​អំពើ​ទុច្ចរិតប្រឆាំង​នឹងលោក Dominic Pezzola ​ដែល​ជា​អតីត​ទាហាន​ម៉ារីន​ម្នាក់ ដែល​បានចូល​រួម​ជាមួយ​ក្រុម ​Proud Boys ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០២០​ ហើយ​បាន​វាយ​លុកវិមាន​សភា តែ​គ្មានតំណែង​ដឹកនាំ​ទេ។

ជនជាប់ចោទ​ទាំងប្រាំ​នាក់នេះប្រឈម​នឹង​ការចោទ​ប្រកាន់​ចំនួន​ ៩ ​ករណី​ រួម​មាន​ការរារាំង​ទម្រង់​ការ​ផ្លូវការ និង​រួមគំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​រារាំង​សភានិង​មន្ត្រី​សហព័ន្ធ​ មិន​ឱ្យបំពេញ​កាតព្វកិច្ច​របស់​ពួក​គេ។

លោក ​Pezzola ត្រូវបានរក​ឃើញ​ថា​មានទោសដោយ​បទ​ចោទប្រកាន់​បន្ថែម​មួយ​ទៀត គឺ​បទ​ប្លន់​ ដោយសារ​ការលួចខែល​ទប់ទល់កុបកររបស់​ប៉ូលិស​ម្នាក់ ដើម្បី​បំបែកបង្អួចមួយ​នៅ​វិមាន​កាពីតូល។​

សាលក្រម​នេះ​ជាជ័យជម្នះ​ធំ​មួយ​របស់ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក នៅ​ពេល​ខ្លួន​បន្ត​ស៊ើបអង្កេត​ការ​វាយលុក​នេះ​ដែល​បាន​បណ្តាលឱ្យ​មាន​មនុស្ស​ប្រាំ​នាក់​ស្លាប់ ​ប៉ូលិស​ជាង​ ១០០ ​នាក់​ត្រូវរបួសហើយ​នាំ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ពី​បទឧក្រិដ្ឋ​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

លោក Jordan Strauss ​ជា​អតីតមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ​ហើយ​នៅ​ពេលនេះ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ Kroll។ លោក​បាន​ប្រាប់​វីអូអេ​ថា៖​ «នេះ​ជា​ជ័យជម្នះ​សំខាន់​មួយ​សម្រាប់​ក្រសួង​យុត្តិធម៌​និង​នាំឱ្យ​មាន​ការជឿ​ទុកចិត្ត​ថែម​ទៀត​លើ​ការប្តេជ្ញារបស់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​Merrick Garland ​ក្នុង​ការតាមដាន​ការពិត​ជាក់ស្តែង​នៃ​ករណី​នេះនិង​ចាត់វិធានការ​តាមវិធីត្រឹមត្រូវ»។

សាលក្រម​នេះ​មាន​ឡើង​ក្រោយ​ការពិភាក្សាគ្នា​ប្រាំថ្ងៃ​ដោយ​គណៈវិនិច្ឆ័យ និង​ការកាត់ក្តី​សាំញ៉ាំ​មួយ​មាន​រយៈពេលបួនខែ ​មាន​សាក្សី​រាប់សិបនាក់​និង​ការ​ប្រយុទ្ធ​ខាង​ផ្លូវ​ច្បាប់ជា​ច្រើន​ផង​ដែរ។

ការ​កាត់ទោស​នេះ​ជា​លើកទី ៣ ហើយដែលពួក​សមាជិក​នៃ​ក្រុម​ជ្រុលនិយមមួយ​ ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃទី ៦ ខែ​មករា ​ត្រូវបានរក​ឃើញ​ថា​មានទោសពីបទ​រួម​គំនិត​បះបោរ។

នៅ​ក្នុង​ករណី​ពីរ កាលពី​ពេល​មុននេះ គណៈវិនិច្ឆ័យ​បានកាត់ទោសឈ្មោះ Stewart Rhodes អ្នកបង្កើត​ក្រុម Oath Keepers និងសហការី​ជាន់ខ្ពស់​ម្នាក់​ ពី​បទ​រួមគំនិត​បះបោរ​កាលពី​ខែ​វិច្ឆិកា​ និងបានរក​ឃើញ​ថា​សមាជិក​បួន​នាក់​នៃ​ក្រុម​ជីវពល​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​មាន​ទោស​តាម​ការចោទ​ប្រកាន់​កាលពី​ខែ​មករា៕

XS
SM
MD
LG