ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចោទ​ជន​សង្ស័យ​ចិន ៥ នាក់ និង​ពាណិជ្ជករ​ម៉ាឡេស៊ី ២ នាក់ រឿង​លួច​ចូល​ប្រព័ន្ធ​កំព្យូទ័រ​លើ​ពិភពលោក


រូបឯកសារ៖ បុរសម្នាក់វាយកា្តរចុចកុំព្យូទ័រអំឡុងពេលសន្និបាត Def Con នៅក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ បុរសម្នាក់វាយកា្តរចុចកុំព្យូទ័រអំឡុងពេលសន្និបាត Def Con នៅក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ចោទ​ប្រកាន់​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ប្រឆាំង​នឹងជនជាតិ​ចិន ៥ នាក់ ដែល​សង្ស័យ​ថា​ជា​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ និង​ពាណិជ្ជករ​ជនជាតិ​ម៉ាឡេស៊ី ២ នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​លួចចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​លើ​ក្រុមហ៊ុន​និង​អង្គភាព​ជាង ១០០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត។

ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ចាប់ពី​ដើម​ឆ្នាំ ២០១៤ រហូត​ដល់​ខែ​សីហា ឆ្នាំ​២០២០ នេះ មាន​គោលដៅ​សំដៅ​លើ​កំព្យូទ័រ​រាប់ពាន់​គ្រឿង​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បណ្តាញ​កំព្យូទ័រ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​វីដេអូ​ហ្គេម​ដែល​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​ផង​ដែរ ដែល​បណ្ដាល​ឲ្យ​ខាតបង់​ប្រាក់​អស់​រាប់​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ពង្រឹង​ច្បាប់។

ជន​សង្ស័យ​ចិន​ទាំង ៥ នាក់ ដែលជា​សមាជិក​នៃ​ក្រុម APT-41 របស់​ចិន នៅ​មិនទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។ ជន​ទាំង​នោះ​គឺ Zhang Haoran អាយុ ៣៥ ឆ្នាំ Tan Dailin អាយុ ៣៥ ឆ្នាំ Jiang Lizhi អាយុ ៣៥ ឆ្នាំ Qian Chuan អាយុ ៣៩ ឆ្នាំ និង Fu Qiang អាយុ ៣៧ ឆ្នាំ។

រី​ឯ​ពាណិជ្ជករ​ម៉ាឡេស៊ី ២ នាក់ នោះ​គឺ Wong Ong Hua អាយុ ៤៦ ឆ្នាំ និង Ling Yang Ching អាយុ ៣២ ឆ្នាំ។ ជន​ទាំង​ពីរ​នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​អាទិត្យ។ សហរដ្ឋ​អាមេរិក កំពុង​ស្វះស្វែង​ធ្វើ​បត្យាប័ន​បញ្ជូន​ពួកគេ​ទាំង ២ មក​កាន់​សហរដ្ឋ​អាមេរិក ដែល​ជា​ដំណើរការ​មួយ​ដែល​អាច​ត្រូវ​ចំណាយ​ពេល​រាប់ខែ៕

XS
SM
MD
LG