ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ចោទ​ប្រកាន់​បុគ្គល​ពីរ​រូប​ចំពោះ​ការដៅ​លើ​ក្រុម Falun Gong ដែល​តម្រង់​ដោយ​រដ្ឋាភិបាល​ក្រុងប៉េកាំង


រូបឯកសារ៖ ក្រុម Falun Gong ហាត់ប្រាននៅទីក្រុង​ស៊ីដនី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ មនុស្សពីរនាក់នៅទីក្រុង Los Angeles ​ត្រូវបាន​ចោទប្រកាន់ពីបទ​ធ្វើ​សកម្មភាពក្នុងគម្រោងដឹកនាំដោយ​ក្រុងប៉េកាំង ដៅលើ​ក្រុម Falun Gong ដែល​មានមូលដ្ឋាននៅស.រ.អ.ដែលក្រុមនេះត្រូវបាន​ចាត់ទុកថា ខុសច្បាប់​នៅចិន។
រូបឯកសារ៖ ក្រុម Falun Gong ហាត់ប្រាននៅទីក្រុង​ស៊ីដនី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ មនុស្សពីរនាក់នៅទីក្រុង Los Angeles ​ត្រូវបាន​ចោទប្រកាន់ពីបទ​ធ្វើ​សកម្មភាពក្នុងគម្រោងដឹកនាំដោយ​ក្រុងប៉េកាំង ដៅលើ​ក្រុម Falun Gong ដែល​មានមូលដ្ឋាននៅស.រ.អ.ដែលក្រុមនេះត្រូវបាន​ចាត់ទុកថា ខុសច្បាប់​នៅចិន។

មនុស្ស​ពីរ​នាក់នៅ​ក្រុង​ Los Angeles ​បាន​រង​ការ​ចោទ​ប្រកាន់​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​មួយ​ដឹកនាំ​ដោយ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ ដែល​ចាត់​គោលដៅ​លើ​សមាជិក​ក្រុម​ចលនា​សាសនា Falun Gong មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ដែល​ក្រុម​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ខុស​ច្បាប់​នៅ​ចិន។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​ឧសភា។

ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ​រាយការណ៍​ថា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ ក្រសួង​យុត្តិធម៌​បាន​និយាយថា បុគ្គល​ឈ្មោះ John Chen ដែល​គេ​ស្គាល់​តាម​ឈ្មោះ​ថា Chen Jun និង​បុគ្គល​ឈ្មោះ Lin Feng ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ California ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ព្យាយាម​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​លើ​អង្គការ​មួយ​នៅ​សហរដ្ឋអាមេរិក​ ដែល​អង្គការ​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នក​ប្រតិបត្តិ​តាមក្រុម​សាសនា Falun Gong។

ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ពណ៌នា​ផែនការ​នេះ​ថា ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការទូលំទូលាយ​ជាង​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ចាត់​គោលដៅ​លើ​ក្រុម​អ្នករិះគន់​ខ្លួន​នៅ​សហរដ្ឋអាមេរិក។ ការ​ចោទ​ប្រកាន់​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ខែ​ បន្ទាប់​ពី​មន្ត្រី​ភ្នាក់ងារ​សហព័ន្ធ​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​នៅ​ក្រុង​New York ជុំវិញ​ការ​សង្ស័យ​ពី​ការ​ធ្វើ​ប្រតិបត្តិការ​«ស្ថានីយ​ប៉ូលិស​សម្ងាត់» ចិន​មួយ​នៅ​តំបន់​ទីប្រជុំជន Chinatownក្នុង​សង្កាត់ Manhattan។

ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​បុគ្គល​ឈ្មោះ Chen និង​ Lin ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តុលាការ​សហព័ន្ធ​នៅ​សង្កាត់​ Southern District ក្នុង​ក្រុង​ញូវយ៉ក។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​ទាក់ទង​បុគ្គល​ទាំង​ពីរ​រូប​នេះ ឬ​មេធាវី​របស់​ពួកគេ​សម្រាប់​ការ​អធិប្បាយ​បាន​ទេ។ ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនក៏​មិន​បាន​ផ្ដល់​ការ​អធិប្បាយ​ភ្លាមៗ​ផង​ដែរ។

ក្រសួងយុត្តិធម៌​បាន​បន្ត​ថា កាល​ពី​ឆ្នាំ ២០២៣ បុគ្គល​ឈ្មោះ Chen និង​ Lin បាន​ព្យាយាម​សូកប៉ាន់​មន្ត្រី​ភ្នាក់ងារ​សហព័ន្ធ​ដែល​បង្កប់​ខ្លួនធ្វើ​ជា​មន្ត្រី​ពន្ធដារ​អាមេរិក ដើម្បី​ជំរុញ​ទៅ​មុខ​នូវ​ពាក្យ​បណ្ដឹង​ដែល​មាន​គោលដៅ​ដក​ហូត​ការ​លើកលែង​ពន្ធលើ​អង្គការ​ក្រោម​ការ​ដឹកនាំ​ដោយ​ក្រុម Falun Gong។

ក្រសួងដដែល​បាន​លើកឡើង​ថា បុគ្គល​ទាំង​ពីរ​រូប​នេះ​បាន​ផ្ដល់​សំណូក​ជា​សាច់​ប្រាក់​ចំនួន ៥.០០០​ដុល្លារ និង​បាន​សន្យាផ្ដល់​សំណូក​ច្រើន​ជាង​នេះ​ទៀតដើម្បី​ជំរុញ​ទៅ​មុខ​នូវ​ពាក្យ​បណ្ដឹង​តាមរយៈ​កម្មវិធី Whistleblower របស់​ទីភ្នាក់ងារ​ប្រមូល​ពន្ធ​ IRS។

​សំណូក​នោះ​មាន​គោលដៅសម្រេច​គោលបំណង​របស់រដ្ឋាភិបាល​ចិន​ដើម្បី «ផ្ដួល​រំលំ...​ក្រុម Falun Gong»។ នេះ​បើ​យោង​តាម​ការ​ដកស្រង់​សម្ដី​របស់​បុគ្គល​ឈ្មោះ Chen នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរសព្ទ​មួយ​ដែល​ត្រូវ​ចាប់​បាន។ ការ​ដក​ចេញ​ការ​លើកលែង​ពន្ធ​សម្រាប់​អង្គការ​នេះ​នឹង​បង្កើន​បន្ទុក​បង់​ពន្ធ​ទៅ​កាន់​រដ្ឋាភិបាល​សហព័ន្ធ​ចំពោះ​អង្គការ​នេះ។

​ក្រុម Falun Gong ដែលផ្ដោត​ចម្បង​លើសមាធិ បាន​រង​បម្រាម​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំ ១៩៩៩ បន្ទាប់​សមាជិក​របស់​ក្រុម​នេះ​ចំនួន​ប្រមាណ ១០.០០០​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​បរិមាណ​អគារមេដឹកនាំ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​តវ៉ា​បែប​ស្ងប់ស្ងាត់​មួយ។ ក្រុម​នេះ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​លែង​ទទួល​ស្គាល់​គណបក្ស​កុម្មុយនីស្ត​ចិន​ ដែល​កំពុង​ដឹកនាំ​ប្រទេស។

​រដ្ឋាភិបាល​ចិន​បាន​ពណ៌នា​ក្រុម​នេះ​ថា​ជា ក្រុម​លទ្ធិ​សាសនា​មួយ​ដែល​គំរាមកំហែង​ស្ថិរភាព​ជាតិ៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG