ស្ថានទូតអាមេរិក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញនៅថ្ងៃទី៣០ ខែសីហានេះ បញ្ជាក់ថា កិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់វត្ថុបុរាណពីប្រទេសកម្ពុជា។ ស្ថានទូតបន្ថែមថា ការបន្តកិច្ចព្រមព្រៀងនេះនឹងបន្តការផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុសាស្ត្រសម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឲ្យសាធារណជនកាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាននូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កម្ពុជា និងសហរដ្ឋអាមេរិកបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាលើកដំបូងនៅឆ្នាំ២០០៣ ហើយក្នុងរយៈពេល ២០ឆ្នាំកន្លងមក កិច្ចព្រមព្រៀងនេះបានជួយសម្រួលដល់ការបញ្ជូនវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ ត្រឡប់មកកម្ពុជាវិញ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សាគាំពារបេតិកភណ្ឌវប្បធម៌។
តាំងពីឆ្នាំ២០០១មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌៕