ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋាភិបាល​កម្ពុជា​រឹត​បន្តឹង​ការគាបសង្កត់​​តាំងពី​ការបោះឆ្នោត​ដោយ​អា​ម៉ាស​


នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន សែន មើល​រូប​ដែល​ត្រូវ​បាន​ឆ្លាក់​លើ​ជញ្ជាំង​វិមាន​ឈ្នះៗ បន្ទាប់​ពី​កាត់ខ្សែបូរ​រួច​ក្នុង​ទិវា​នយោបាយ​ឈ្នះៗ​និង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​កាលពី​ព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៨ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

​នៅ​ថ្ងៃនេះ​ ​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ ​Human​ ​Rights​ ​Watch​ ​បាន​សរសេរ​ក្នុង​របាយការណ៍​ពិភពលោក​ឆ្នាំ២០១៩របស់​អង្គការ​នេះ​ថា​ ​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន​បាន​ប្រើការ​បង្ក្រាប​លើ​សិទ្ធិមនុស្ស​និង​ប្រើការ​បោះឆ្នោត​ក្លែងបន្លំ​ដើម្បី​ពង្រឹង​ការ​ក្តាប់​អំណាច​របស់​លោក​តាម​ប្រព័ន្ធ​ឯក​បក្ស​។​ ​

​នៅ​ឆ្នាំ២០១៨​ ​គណបក្សប្រជាជន​កម្ពុជា​បាន​បន្ថែម​ការ​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ឯករាជ្យ​ ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ ​មេដឹកនាំ​សហជីព​ ​និង​សកម្មជន​ដទៃទៀត​។​

​អាជ្ញាធរ​បា​នប្រើ​ប្រព័ន្ធ​តុលាការ​ពុករលួយ​និង​បម្រើ​នយោបាយ​ធ្វើជា​អាវុធ​នយោបាយ​ដើម្បី​កាត់ទោស​អ្នក​គាំ​ទ្រ​សិ​ទិ្ធ​មនុស្ស​និង​អ្នក​ដែល​មាន​ទស្សនៈ​ប្រឆាំង​។​

​ក្នុង​ឆ្នាំ២០១៨​ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ប្រមាញ់​អ្នករិះគន់​ ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ ​និង​ការរៀបចំ​ការបោះឆ្នោត​ដែល​ធានា​ថា​ ​ការគ្រប់គ្រង​ផ្តាច់​ការ​របស់​លោក​ប្រាកដ​នឹង​បន្ត​។​ ​នេះ​បើ​តាម​លោក​ ​Brad​ ​Adams​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ប្រចាំ​អាស៊ី​។​ ​លោក​ហ៊ុន​សែន​បាន​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​ ​ដែល​មាន​គោលបំណង​បង្កើត​ឱ្យ​មាន​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​ខណៈ​ដែល​ហត្ថលេខី​ភាគច្រើន​របស់​កិច្ច​ព្រមព្រៀង​នេះ​បាន​ងាក​មុខ​ចេញ​ធ្វើមិនដឹង​។​

​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​និង​សេរីភាព​ជួប​ប្រជុំ​ដោយសន្តិវិធី​ដោយ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ច្បាប់​សហជីព​ ​រួម​ទាំង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​មានការ​កែ​លម្អ​សិទ្ធិមនុស្ស​តាមរយៈ​ច្បាប់​ ​Magnitsky​ ​សម្រាប់​ដាក់ទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​ជា​ផ្លូវការ​នូវ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​លើ​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ Everything​ ​but​ ​Arms ដែល​ឲ្យ​ប្រទេស​កម្ពុជា​រួចពី​ការ​បង់ពន្ធ​ជាង៦០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ចិន​បាន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​មិន​គិត​ពី​សិទ្ធិមនុស្ស​។​ ​

​លោក Brad​ ​Adams​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ប្រឆាំង​នឹង​ការបោះឆ្នោត​កាលពី​ខែកក្កដា​ ​ដោយ​ដក​មូលនិធិ​គាំទ្រ​ការបោះឆ្នោត​ ​និង​មិន​បញ្ជូន​អ្នក​អ្នកសង្កេតការណ៍​បោះឆ្នោត​ ​ហើយ​ទីបំផុត​បាន​ដាក់ទណ្ឌកម្ម​ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​រដ្ឋាភិបាល​។​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេងទៀត​គួរតែ​ធ្វើតាម​ហើយ​ឲ្យ​លោក​ហ៊ុន​សែន​ទទួលខុសត្រូវ​ចំពោះ​អំពើ​រំលោភបំពាន​របស់​លោក​៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG