លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ប្រហែលបានទទួលការស្តីបន្ទោសនៅថ្ងៃព្រហស្បតិ៍នេះនៅពេលដែលលោកអញ្ជើញចូលរួមសន្និសីទកំពូលប្រឆាំងអំពើពុករលួយដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron នៅក្នុងទីក្រុងឡុងដ៍។
លោកនាយករដ្ឋមន្រ្តីអង់គ្លេស Cameron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលចាប់ផ្តើមសន្និសីទកំពូលនៅថ្ងៃព្រហស្បតិ៍នេះថា «បីសាចនៃអំពើពុករលួយ បានទៅដល់គ្រប់ច្រកល្ហករបស់ពិភពលោក។ អំពើពុករលួយជាបញ្ហាបន្ទាន់បំផុតដែលយើងប្រឈមចាប់តាំងពីភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចការរាលដាលនៃភាពក្រីក្រ រហូតដល់ការគំរាមកំហែងនៃលទ្ធិជ្រុលនិយមនៅពេលបច្ចុប្បន្ននេះ»។
គោលបំណងរបស់សន្និសីទកំពូល គឺបង្កើនចំណាត់ការជាសាកលដើម្បីលាតត្រដាង ដាក់ទណ្ឌកម្ម ហើយនិងកំចាត់អំពើពុករលួយគ្រប់កម្រិតទាំងអស់នៅក្នុងសង្គមហើយកំពុងឲ្យមានការចោទសួរពីការប្រតិបត្តិរបស់ប្រទេសអ្នកមានដូចជា អង់គ្លេស និងសហរដ្ឋអាមេរិក។
អ្នកដែលចូលរួមរួមមានក្រុមមេដឹកនាំប្រទេសអាហ្វហ្គានីស្ថាន កូឡុំប៊ី និងនីហ្សេរីយ៉ា។
នៅក្នុងកំណត់សម្គាល់ទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យ Oxford មុនពេលសន្និសីទកំពូល លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសនានាដូចជានីហ្សេរីយ៉ាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry មានប្រសាសន៍ទៀតថា «នីហ្សេរីយ៉ាបានឃើញប្រាក់រាប់ពាន់លានដុល្លាបានត្រូវគេយកចេញពីប្រទេស។ ប្រាក់ទាំងនោះសម្រាប់សាលារៀន សម្រាប់ការថែទាំសុខភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការងារថ្មី បានត្រូវគេនៅក្នុងខ្ទង់គណនីធនាគារទូទាំងសាកលលោក»៕