ច្រើនថ្ងៃក្រោយពីការប្រយុទ្ធដ៏ស្វិតស្វាញតាមការប្រកាន់បក្សពួកអំពីការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ បានត្រូវចប់ គេឃើញមានសេចក្ដីព្រាងច្បាប់មួយដែលនឹងផ្ដល់ថវិកាទៅឲ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក រហូតដល់ខែកញ្ញា តែ សមរភូមិថ្មីមួយទៀតបានកើតឡើងបន្ដមកអំពីរឿងជូរចត់ថវិកាសម្រាប់រយៈពេលយូរ។ ក្រុមប្រជាធិបតេយ្យ និង ក្រុមសាធារណរដ្ឋបានបង្ហាញទស្សនៈរបស់ខ្លួនផ្សេងៗពីគ្នា ដើម្បីកាត់បន្ថយឱនភាពថវិកាសហព័ន្ធ ចំនួន១,៥ ពាន់ ពាន់ លានដុល្លារ និងធ្វើឲ្យយឺតដល់ការរីកកាន់តែធំនៃប្រាក់បំណុលជាតិ១៤ ពាន់ពាន់ លានដុល្លារ។ កត្ដាមួយដ៏សំាំញ៉ាំគឺសេចក្ដីត្រូវការដើម្បីដំឡើងកម្រិតចំនួនថវិកាដែលរដ្ឋាភិបាលអាចខ្ចីដើម្បី លុបមកលើប្រាក់បំណុលរបស់ខ្លួន។
ដូចរដ្ឋាភិបាលដទៃ ដែលចំណាយប្រាក់លើសពីប្រាក់ចំណូលរដ្ឋាភិបាល ស.រ.អ បានខ្ចីប្រាក់សម្រាប់សេចក្ដីត្រូវការរបស់ខ្លួនដើម្បីបំពេញចន្លោះថវិកា។ ចំនួនទឹកប្រាក់ខ្លួនខ្ចីមិនឲ្យលើសពីចំនួនកម្រិតយោងទៅតាមច្បាប់ ហៅ «Debt Ceiling» ឬ បំណុលអតិបរិមា។
ជារឿយៗសភាស.រ.អ ត្រូវរៀបចំដាក់កម្រិតខ្ពស់ថ្មីដើម្បីអនុញាតឲ្យមានការខ្ចីប្រាក់បន្ថែម។ ការខកខានមិនបានតម្លើងកម្រិតអតិបរិមាអាចបណ្ដាលឲ្យរដ្ឋាភិបាលសហព័ន្ធខកខានមិនបានសម្រេចកាតព្វកិច្ចរបស់ខ្លួនដល់ម្ចាស់លុយរាប់បញ្ចូលប្រទេសអ្នកឲ្យខ្ចីប្រាក់ដូចជាប្រទេសចិនជាដើម។
ជាច្រើនសប្ដាហ៍ទៀតរដ្ឋាភិបាលនឹងជួបប្រទះនឹងវិធានការមិនឲ្យខ្ចីប្រាក់លើសពីការកម្រិត។ តែការដំឡើងកម្រិតប្រាក់បំណុលមិនមានប្រជាប្រិយ៍ភាពនយោបាយទេ។ នៅអតីតកាល ក្រុមអ្នកតាក់តែងច្បាប់ប្រជាធិបតេយ្យនិងសាធារណរដ្ឋបាននាំគ្នាប្រឆាំងវិធានការដូច្នោះ រាប់ទាំងលោក បារ៉ាក់ អូបាមា ខ្លួនឯងនៅពេលមុនលោកជាប់ឆ្នោតជាប្រធានាធិបតី។
ក្នុងឆ្នាំ ២០០៦ ពេលមានតួនាទីជាព្រឹទ្ធសមាជិក លោក អូបាមា បានបោះឆ្នោតប្រឆាំងការដំឡើងកម្ពស់ ប្រាក់បំណុល ដោយលោកនិយាយថា “វាបង្ហាញពីបរាជ័យនៃថ្នាក់ដឹកនាំ” នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ក្រោមប្រធានាធិបតី George W. Bush នៅពេលនោះ។
ចាប់តាំងពីពេលនោះមក លោក អូបាមា មានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះសំឡេងឆ្នោតប្រឆាំងរបស់លោកនោះ ដោយលោកហៅថាជា“កំហុស”មួយ។ សេតវិមានបានអំពាវនាវសុំឲ្យសភាដំឡើងកម្ពស់ប្រាក់បំណុលភ្លាមដើម្បីធានាឡើងវិញឲ្យទីផ្សារឥណទានកក់ក្ដៅ ហើយនឹងចៀសវាងយោបល់ថាស.រ.អ មិនអាចគោរពកាតព្វកិច្ចរបស់ខ្លួនបានឡើយ។ លោក រដ្ឋមន្ដ្រីក្រសួងរតនាគារ ថ្លែងថាលោកមានការទុកចិត្ដថា សភាយល់ដឹងអំពីស្ថានការណ៍ធ្ងន់ធ្ងរ។
«សភា នឹងតម្លើងកម្រិតប្រាក់បំណុលអតិបរិមា។ មេដឹកនាំនៅក្នុងរដ្ឋសភា បានទទួលស្គាល់ថាប្រទេសអាមេរិកត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន»។
លោក Geithner ថ្លែងដូច្នោះក្នុងកម្មវិធីទូរទស្សន៍ ABC ហៅ “This Week” ។ លោករដ្ឋមន្ដ្រីមានប្រសាសន៍ក្នុងអំឡុងកិច្ចប្រជុំមួយនៅក្នុងសេតវិមានកាលពីសប្ដាហ៍មុនថាមេដឹកនាំសភាបាននិយាយធានាប្រាប់ប្រធានាធិបតី អូបាមា ថា គេនឹងអនុវត្ដមកលើកម្រិតប្រាក់បំណុលជាអតិបរិមា។
តែក្រុមសាធារណរដ្ឋដោយត្រួតត្រានៅក្នុងរដ្ឋសភា បានភ្ជាប់លក្ខខ័ណ្ឌទៅនឹងការបោះឆ្នោតអំពីកម្រិតអតិបរិមានៃប្រាក់បំណុល។ គេចង់បានកិច្ចព្រមព្រៀងមួយជាមួយក្រុមប្រជាធិបតេយ្យនិងសេតវិមានអំពីការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។ ប្រធានគណៈកម្មការថវិការបស់រដ្ឋសភាលោក Paul Ryan មកពីរដ្ឋ Wisconsin ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ CBS “Face The Nation” ថា៖
«គ្មាននរណាមួយចង់លេងសើចទៅនឹងអត្រាខ្ចីប្រាក់របស់ជាតិទេ។ គ្មាននរណាមួយចង់ឃើញជាតិមិនគោរពកាតព្វកិច្ចរបស់ខ្លួនទេ។ តែយើងយល់ថាវាមានសារៈសំខាន់ណាស់ដែលយើងចាត់វិធានការក្នុងការខ្ចីប្រាក់ទៅអនាគត នៅពេលដែលយើងពាក់ព័ន្ធនឹងកម្រិតអតិបរិមានៃប្រាក់បំណុល។ យើងមិនត្រូវបំភ្លេចបញ្ហានៃការចំណាយទេ។ នេះហើយជាមូលហេតុដែលយើងមានបញ្ហានៃប្រាក់បំណុលនៅពេលនេះ»។
បើប្រសិនជាក្រុមសាធារណរដ្ឋ មិនប្រែប្រួលការទាមទាររបស់ខ្លួនអំពីការកាត់បន្ថយឱនភាពថវិកាមុននឹងអនុញាតឲ្យមានការដំឡើងកម្រិតអតិបរិមាប្រាក់បំណុល ការចរចាគ្នាអាចមានសភាពធ្ងន់ធ្ងរនិងប្រឈ្លោះគ្នា ដែលមិនធ្លាប់ឃើញ នៅក្នុងការជជែកដេញដោលគ្នាអំពីថវិកា។
ក្រុមសាធារណរដ្ឋគំាទ្រការកាត់បន្ថយជ្រាលជ្រៅក្នុងការចំណាយក្នុងប្រទេស ដែលជាឧបករណ៍ទីមួយរបស់ខ្លួនដើម្បីឲ្យសម្រេចដល់តុល្យភាពថវិកាសារពើពន្ធ។ ក្រុមប្រជាធិបតេយ្យទទួលស្គាល់ថាមានភាពចាំបាច់នឹងរិតត្បឹតមកលើចំណាយតែ និយាយដែរថាការដំឡើងពន្ធដារលើអ្នកមានត្រូវចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នា៕
ប្រែសម្រួលដោយ អ៊ូ ធួក