អស់រយៈពេលជិតមួយឆ្នាំ ក្រោយពីរដ្ឋបាលលោក អូបាម៉ា បានដាក់ចេញនូវអទិភាព ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា ជាមួយប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិកកំពុងរំឭកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនលើវិស័យការទូតវប្បធម៌។ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងនេះរដ្ឋបាលនេះ មានបំណងបង្កើនតួលេខនិស្សិតឥណ្ឌូនេស៊ីចំនួនពីរដង ដែលនឹងទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្រុមមន្ត្រី ថ្លែងថា ដំណោះស្រាយមួយនេះ នឹងជួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងធ្វើប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសមានប្រជាពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេបំផុត ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។
និស្សិតឥណ្ឌូនេស៊ីរាប់ពាន់នាក់ បានពពាក់ពពូននៅក្នុងអគាររាងមូលដំបូលក្រឡូបធ្វើពីថ្មម៉ាបនៃអគារយុគសម័យកណ្តាល ដែលអ្នកជ្រើសរើសនិស្សិតមកពីសាកលវិទ្យាល័យអាមេរិកចំនួនជាង៥០ បានចែកជូនព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យនៃការចូលរៀន កម្មវិធីសិក្សា និងថ្លៃសាលា។
ការតាំងពិពរណ៌ស្តីពីការអប់រំ គឺជាផ្នែកមួយនៃជំនួញទ្វេរភាគី និងបេសកកម្មលើវិស័យអបរំ ដែលដឹកនាំដោយលោក Francisco Sanchez អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម សហរដ្ឋអាមេរិក ទទួលបន្ទុកជំនួញអន្តរជាតិ។ លោកមានប្រសាសន៍ថា ការប្តូរគ្នាខាងវិស័យអប់រំ ផ្តល់នូវកម្លាំងជំរុញបន្ថែមទៀត ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
«វាជាការល្អក្នុងការបើកទ្វារជូននិស្សិតរបស់យើង និងក្នុងការបង្កើតទំនាក់ទំនងយូរអង្វែង។ ហើយវាមិនប៉ះពាល់ដល់សេដ្ឋកិច្ចទេ នៅពេលដែលនិស្សិតបរទេស មករស់នៅក្នុងប្រទេសយើង ហើយសិក្សានៅតាមសាកលវិទ្យាល័យរបស់យើង»។
កាលពីខែមិថុនាមុន រដ្ឋបាលលោក អូបាម៉ា ផ្តល់មូលនិធិចំនួន១៦៥លានដុល្លារ អស់រយៈពេល៥ឆ្នាំ ដើម្បីទ្រទ្រង់ភាពជាដៃគូរបស់សាកលវិទ្យាល័យ និងកម្មវិធីផ្លាស់ប្តូរនិស្សិត តាមមុខវិជ្ជាជាច្រើន មានដូចជា កសិកម្ម ការធ្វើជំនួញ និងព័ត៌មានវិជ្ជាជាដើម។
ផ្នែកវិទ្យាសាស្ត្រនៃកម្មវិធីអាហារូបករណ៍ហ្វូលប្រាយ៍ (Fulbright) នឹងទទួលប្រាក់ចំនួន១៥លានដុល្លារ ខណៈដែលអាហារូបករណ៍តូចៗ នឹងជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលផ្នែកភាសារយៈពេលខ្លី សម្រាប់ជនជាតិអាមេរិក និងឥណ្ឌូនេស៊ី។
សហរដ្ឋអាមេរិក កំពុងឈោងទៅរកប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ឆាប់រហ័ស ដូចជា ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលជាទីផ្សាថ្មីៗសម្រាប់ទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិក។ និស្សិតអន្តរជាតិ បានបញ្ចូលទឹកប្រាក់ជិត១៩ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយប្រជាពលរដ្ឋដ៏ច្រើននិងក្រុមអ្នកមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើងរបស់ឥណ្ឌូនេស៊ី អាចបើកឱកាសថ្មីសម្រាប់សាកលវិទ្យាល័យទាំងឡាយនៅសហរដ្ឋអាមេរិក ដើម្បីប្រមូលថ្លៃឈ្នួលសាលាកាន់តែច្រើនជាងមុន។
សហរដ្ឋអាមេរិក ថ្លែងថា ខ្លួនក៏ចង់បញ្ជូននិស្សិតអាមេរិកកាន់តែច្រើនជាងមុន ទៅឥណ្ឌូនេស៊ីវិញដែរ ក្នុងក្តីសង្ឃឹមថានឹងធ្វើឲ្យប្រសើរឡើងនូវការយោគយល់គ្នារវាងប្រទេសទាំងពីរ។ លោកស្កត់ ម៉ាសែល (Scot Marciel) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេស ឥណ្ឌូនេស៊ីថ្លែងថា ការផ្លាស់ប្តូរនិស្សិត បង្កើតបាននូវមូលដ្ឋានផ្ទាល់ខ្លួនមួយ សម្រាប់ទំនាក់ទំនងដ៏ល្អប្រសើរជាងមុន។
សម្រាប់លោករដ្ឋមន្ត្រីក្រសួងអប់រំ Mohammad Nur ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការលើកកម្ពស់ខាងការទូតវប្បធម៌ ដែលនឹងជួយអភិវឌ្ឍប្រទេសឥណ្ឌូនេស៊ី និងពង្រឹងមិត្តភាពទ្វេភាគី។
លោកថ្លែងថា មានប្រវត្តិសាស្ត្រជាច្រើន នៅពីក្រោយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងអាមេរិក។ នេះជាមូលហេតុ ដែលត្រូវតែមានការពង្រឹងទំនាក់ទំនងនេះ។ ប៉ុន្តែ ឥណ្ឌូនេស៊ីក៏ចង់ពង្រឹងទំនាក់ទំនងរវាងទ្វីបអឺរ៉ុប និងប្រទេសដទៃទៀត ដែលផ្តល់ឲ្យខ្លួននូវទស្សនៈវិស័យថ្មី។
នៅឯការតាំងពិពរណ៌ស្តីពីការអប់រំ និស្សិតខ្លះ និយាយថា ពួកគេអាចទៅសិក្សានៅប្រទេសណាក៏បានដែរ ដរាបណាពួកគេអាចបង់ថ្លៃសាលាបាន។ អ្នកឯទៀតនិយាយថា ពួកគេ ចង់ឆ្លងកាត់ជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក ដរាបណា ពួកគេមានឱកាសទទួលអាហារូបករណ៍គ្រប់គ្រាន់៕
ប្រែសម្រួលដោយ លី សុខឃាង