ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាច្រើននាក់ បានជួបជុំគ្នាដាក់ញត្តិនៅស្ថានទូតចិន និងដង្ហែក្បូនតវ៉ាអហិង្សាមួយទៅកាន់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានី Washington ដើម្បីទាមទាររកយុត្តិធម៌ជូនមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលម្នាក់កំពុងជាប់ឃុំក្នុងផ្ទះ និងម្នាក់ទៀតកំពុងនិរទេសខ្លួននៅបរទេស និងដើម្បីទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង គោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីស។ ទោះបីជាស្ថានទូតចិនមិនបានបញ្ជូនតំណាងឲ្យមកទទួលញត្តិ ហើយស្ថានទូតកម្ពុជាមិនបានឆ្លើយតបនឹងការតវ៉ាអហិង្សានេះក្ដី ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតទាំងពីរបានដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា។
ប្រជាពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក កាណាដា និងសមាជិកគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ប្រមាណ ៥០០នាក់ បានជួបជុំគ្នាដង្ហែក្បួនតវ៉ាអហិង្សាពីកីឡាដ្ឋាន William H.G Fitzgerald Tennis Stadium ក្នុងរដ្ឋធានី Washington ទៅកាន់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហាកន្លងទៅនេះ។ មុនការដង្ហែក្បួនចាប់ផ្ដើម ក្រុមអ្នកតវ៉ាមួយក្រុមទៀត ដែលដឹកនាំដោយលោក លោក អ៊ួង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទៅដាក់ញត្តិនៅស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក។
ការដាក់ញត្តិនៅស្ថានទូតចិន និងការដង្ហែក្បួនតវ៉ាអហិង្សានេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណងធំៗពីរ។ គោលបំណងទីមួយគឺដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោក កឹម សុខាពីការឃុំខ្លួនក្នុងគេហដ្ឋានរបស់លោក និងផ្ដល់សិទ្ធិឲ្យលោក សម រង្ស៊ី ត្រឡប់ទៅប្រទេសកម្ពុជាវិញដោយគ្មានការចាប់ខ្លួន ឬធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ ចំណែកគោលបំណងទីពីរ គឺដើម្បីទទូចឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងគាំទ្ររដ្ឋាភិបាលកម្ពុជាទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ គោរពឯករាជ្យភាពជាតិ ជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក ជា គឹមលី អនុប្រធានគណបក្សសង្គ្រោះជាតិអាមេរិក បានប្រាប់ VOA ថា៖ «គោលបំណងរបស់យើងគឺយើងទាមទារ ឲ្យរបបហ៊ុនសែនគឺត្រូវតែដោះលែងលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ដែលចាប់ឃុំឃាំងលោកប្រធានរបស់យើងរយៈពេលពីរឆ្នាំ អំពីការចោទប្រកាន់ដោយគ្មានភស្តុតាង ហើយនឹងដាក់ដំណើរការគណបក្សសង្គ្រោះជាតិឡើងវិញ»។
លោក ជា គឹមលី បន្តថា៖
«ក្រុមបាតុកររបស់យើងនៅមុខស្ថានទូតចិន ដែលយើងបានដាក់ញត្តិនៅស្ថានទូតចិន ដើម្បីសុំទាមទារឲ្យប្រទេសចិនគោរពបូរណភាពទឹកដី ប្រទេសកម្ពុជា ហើយនិង ហើយនឹងដកសំណង់នៃការសាងសង់មូលដ្ឋានទ័ព ចេញពីកំពុងផែកំពុងសោមទី១។ ទី២ សូមឲ្យចិនគោរពសន្ធិសញ្ញាទីក្រុងប៉ារីស ហើយនឹងសូមឲ្យចិនគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយឲ្យមានបោះឆ្នោតដោយសេរី និងសូមឲ្យចិនព្យួរជំនួយទៅលើរបប ហ៊ុន សែន រហូតដល់មានដំណោះស្រាយនយោបាយបច្ចុប្បន្ន។
អ្នកចូលរួមការដង្ហែក្បូនអហិង្សាម្នាក់ដែលមានឈ្មោះថា ថុល អាយុ ៧៧ឆ្នាំ មកពីរដ្ឋ Connecticut បានទទូចស្នើសុំឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អាណិតដល់ប្រជារាស្ត្រខ្មែរនៅក្នុងប្រទេសកម្ពុជា និងស្នើឲ្យប្រជាជនខ្មែរងើបឈរអស់គ្នាឡើង។
លោកស្រីបាននិយាយថា៖ «ឲ្យ ហ៊ុន សែន ហ្នឹង ចេះយល់យោគខ្មែរខ្លះផង កុំធ្វើបាបពេក ហើយខ្មែរនៅស្រុកខ្មែរឲ្យងើបឈរទាំងអស់គ្នាឡើង យើងរស់ក៏ងាប់ បើមិនងើបក៏ងាប់ ហើយយើងម្ដេចមិនងើបទាំងអស់គ្នាទៅ ចំាអង្កាល់ណាទៀត»។
ដូចគ្នាទៅនឹងលោកស្រី ថុល លោក ឈុន ប៊ុន ឃានមកពីរដ្ឋ Minnesota ក៏បានអំពាវឲ្យប្រជាពលរដ្ឋរួបរួមសាមគ្គី និងក្រោកឡើងការពារសិទ្ធិសេរីភាពរបស់ប្រជាជន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ។ លោកបាននិយាយថា៖ «សូមឲ្យបងប្អូនខ្មែរទាំងអស់ងើបឈរឡើងទាំងអស់គ្នា បើយើងងើបឈរទាំងអស់គ្នា ហ៊ុន សែន ជាប់គុកខ្លួនឯងហើយ ហ៊ុន សែន នឹងវ៉ៃក្បាលខ្លួនឯកហើយ អញ្ចឹងខ្ញុំសូមជម្រាបប៉ុណ្ណឹង សារប៉ុណ្ណឹង ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នា ប្រុងប្រៀបឡើង ងើបឈរទាំងអស់គ្នា»។
អ្នកចូលរួមម្នាក់ទៀត ឈ្មោះ ដោក ចាន់ធី បានស្លៀកសំលៀកបំពាក់ជាជនជាតិចិន ពាក់មួកដួន ហើយនៅលើមួកនោះមានកិបភ្ជាប់ក្រណាត់ស្បែកពណ៌សមួយ ដែលមានសរសេរអក្សរពណ៌ក្រហមថា៖ «បាតដៃចិនប្រឡាក់ឈាមខ្មែរ»។ លោកចាន់ធីបានថ្លែងប្រាប់ VOA ថា៖ «ចិនឈ្លានពានទឹកដីខ្មែរយើង ដៃចិនប្រឡាក់ឈាមខ្មែរ។ ពីជំនាន់៧០ អ្នកដឹកនាំបាននាំយួន នាំចិនមកសម្លាប់ខ្មែរ ឥឡូវនេះហ៊ុន សែនធ្វើដូចគ្នា»។
អ្នកចូលរួមដែលតែងខ្លួនប្លែកពីគេបានបន្តថា៖ «ពាក់ដួននេះចង់សំដៅថា ដៃខ្ញុំប្រឡាក់ឈាមខ្មែរ»។
ក្រៅពីប្រជាពលរដ្ឋខ្មែរ ក៏មានពលរដ្ឋអាមេរិកចូលរួមក្នុងការដង្ហែក្បួនអហិង្សានេះដែរ។ លោក David Woods មកពីទីក្រុង Columbus រដ្ឋ Ohio ដែលមានប្រពន្ធជាជនជាតិខ្មែរបានមកចូលរួមក្នុងការដង្ហែក្បូនអហិង្សា និងបានបញ្ចេញប្រតិកម្មថា៖
«ខ្ញុំមកចូលរួមដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹងអ្វីដែលលោក ហ៊ុន សែន ធ្វើមិនត្រឹមត្រូវនៅក្នុងប្រទេសរបស់លោក»។
នៅជួរមុខនៃក្បូនរបស់ក្រុមអ្នកតវ៉ាអហិង្សានេះ មានព្រះសង្ឃ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះសហរដ្ឋអាមេរិកដើរនាំមុខដោយកាន់បដាមួយសរសេរជាភាសាអង់គ្លេសមានន័យជាភាសាខ្មែរថា៖ «ប្រទេសចិនត្រូវតែគោរពសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩៧»។
លោក អ៊ួង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិកបាននិយាយថា៖ «ប្រទេសចិនជាប្រទេសដ៏សំខាន់មួយដែលបានចុះហត្ថលេខាព្រមព្រៀង នូវលទ្ធិប្រជាធិបតេយ្យ ការពារនូវសិទ្ធិសេរីភាព និងសិទ្ធិមនុស្សនៅកម្ពុជា ទទួលស្គាល់នូវបូរណភាពទឹកដីនៅប្រទេសកម្ពុជា អញ្ចឹងប្រទេសចិនគួរតែយល់ពីអ្វីដែលយើងកំពុងធ្វើសព្វថ្ងៃហ្នឹង»។
ក្រៅពីបដាដែលបង្ហាញពីអត្ថន័យទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងបន្តគោរពសន្ធិសញ្ញាទីក្រុងប៉ារីស លោក អ៊ួង រិទ្ធីប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ក៏បានស្នើចិន ជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការងាកមកធ្វើការជាមួយគណបក្សប្រឆាំងផង កុំឡើយគាំទ្រតែខាងគណបក្សកាន់អំណាចនោះ។
ស្ថានទូតចិនក្នុងរដ្ឋធានី Washington មិនបានបញ្ជូនតំណាងឲ្យមកទទួលញត្តិពីក្រុមអ្នកតវ៉ានោះទេ តែក្រុមអ្នកតវ៉ាបានដាក់ញត្តិនោះនៅក្នុងប្រអប់សំបុត្ររបស់ស្ថានទូត។ ចំណែកស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកក៏មិនបានឆ្លើយតបទៅនឹងការឈរតវ៉ា ប្រកូកប្រកាសសារនយោបាយរបស់ក្រុមអ្នកតវ៉ាដែរ។ ទោះជាយ៉ាងនេះក្ដី លោក អ៊ួង រិទ្ធី មេបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតទាំងពីរបានដឹងពីការទាមទាររបស់ក្រុមអ្នកតវ៉ា បើទោះបីគ្មានអ្នកទទួលញត្តិពីខាងស្ថានទូត និងគ្មានអ្នកឆ្លើយតបពីខាងស្ថានទូតកម្ពុជា។
«គេដឹង គេច្បាស់ជាដឹងហើយ។ ហើយយើងអត់មានមកផ្ញើសារឲ្យគេទេ យើងផ្ញើសារនយោបាយតាមរយៈក្រុមបាតុករយើងនេះ»។
មន្ត្រីស្ថានទូតកម្ពុជាប្រាប់ VOA តាមទូរស័ព្ទថា លោកបានដឹងពីខ្លឹមសារនោះ ក្នុងការបង្ហោះ Live តាម Facebook របស់ VOA ហើយ ម្យ៉ាងទៀតថ្ងៃសៅរ៍គឺជាថ្ងៃឈប់សម្រាក៕