យុទ្ធជនក្រុមចម្រុះស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក ដែលទើបតែបណ្តេញពួកជ្រុលនិយមរដ្ឋឥស្លាមចេញពីទីក្រុងសំខាន់ភាគខាងជើងថ្មីៗនេះ និយាយថា ឥឡូវនេះខ្លួន នឹងវាយប្រហារទីក្រុងមួយទៀត ដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាមនៅជិតព្រំដែនជាមួយប្រទេសតួកគី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី យុទ្ធជនសម្ព័ន្ធមិត្តអារ៉ាប់ និងជនជាតិភាគតិច Kurd ដែលមានការគាំទ្រពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា ការបង្កើតក្រុមប្រឹក្សាយោធា Al-Bab មានគោលបំណងរំដោះទីក្រុងនោះក៏ដូចជាតំបន់ជុំវិញ។
តំបន់ Al-Bab លាតសន្ធឹងនៅលើផ្លូវ Highway ដ៏សំខាន់មួយ ចន្លោះទីក្រុង Aleppo ដែលមានការចម្បាំងនៅភាគខាងជើង និងទីក្រុង Manbijដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរីឬ SDF បានរំដោះពីកងកម្លាំងជ្រុលនិយមកាលពីសប្តាហ៍មុន។ តាមរយៈការដណ្តើមបានតំបន់ Al-Bab នេះ ពួកឧទ្ទាមនឹងរឹតបន្តឹងតំបន់នៅតាមបណ្តោយព្រំដែនតួកគី ដែលធ្វើឲ្យមានការលំបាកដល់ក្រុមរដ្ឋឥស្លាមជ្រាបចូលក្នុងកងកម្លាំង និងផ្តល់គ្រឿងផ្គត់ផ្គង់។
ការកាន់កាប់ទីក្រុង Manbij ដែលជាប៉ុស្តិ៍ជួរមុខសំខាន់មួយនៅលើផ្លូវផ្គត់ផ្គង់ឆ្ពោះទៅកាន់តំបន់ Raqqa ដែលពួកជីហាដបានប្រកាសជារដ្ឋធានីរបស់ក្រុមរដ្ឋឥស្លាម បានបញ្ចប់កាលពីថ្ងៃសុក្រនៅពេលដែលកងកម្លាំងក្រុមរដ្ឋឥស្លាមបានបោះបង់ទីក្រុងនោះបន្ទាប់ពីការប្រយុទ្ធអស់រយៈពេល២ខែមក។
កាលពីថ្ងៃសៅរ៍ គេឃើញមានការធ្វើពិធីអបអរដំណាលគ្នាពីជនស៊ីវិលដែលត្រឡប់ទៅកាន់ទីក្រុងដែលរងការខូចខាតនោះ។
ក្នុងព្រឹត្តិការណ៍មួយទៀត ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សពាក់ព័ន្ធជាមួយអង្គការសិទ្ធិមនុស្សSyrian Observatorដែលមានទីតាំងក្នុងប្រទេសអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារថ្មីនៅជិតទីក្រុង Aleppo។ ក្នុងសេចក្តីថ្លែងការណ៍ អង្គការសិទ្ធិមនុស្សនោះ និយាយថា ការវាយប្រហារមួយយប់ បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤៥នាក់នៅខាងក្នុងនិងជិតទីក្រុងនោះ ហើយយ៉ាងហោចណាស់២២នាក់បានស្លាប់នៅទីក្រុងផ្សេងទៀតក្នុងខេត្ត Idlib៕