ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកកោះប្រជុំដើម្បីដោះស្រាយបញ្ហាបទល្មើសហិង្សា


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Merrick Garland ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រសួង​យុត្តិធម៌ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Merrick Garland ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រសួង​យុត្តិធម៌ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Merrick Garland បាន​កោះប្រជុំ​នៅ​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ទី ៥ ខែ​មករា ដើម្បី​ពិភាក្សា​អំពី​បទល្មើស​ហិង្សា​នៅ​សហរដ្ឋ​អាមេរិក កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ទាំង​នោះ និង​របៀប​ចែករំលែក​វិធីសាស្រ្ត​ទាំង​នោះ​ជាមួយ​តំបន់​នានា​នៅ​ក្នុង​ប្រទេស​ដែល​ត្រូវការ​វិធីសាស្ត្រ​ទាំងនោះ។

លោក Garland និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​អ្នកស្រី Lisa Monoco បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ពេល​កិច្ចប្រជុំ​បាន​ចាប់ផ្តើម​ថា ពួកគេ​ក៏​នឹង​ដោះស្រាយ​ផង​ដែរ​នូវ​អ្វី​ដែល​លោក Garland ហៅ​ថា​ជា​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង «ដែល​គួរ​ឱ្យ​បារម្ភ​ខ្លាំង» លើ​មន្ត្រី​សាធារណៈ​ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់ ចៅក្រម សមាជិក​សភា និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាដើម។

ទីភ្នាក់ងារ​ដែល​មាន​តំណាង​នៅ​ក្នុង​ការប្រជុំ​នេះ​មាន​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ការិយាល័យ​គ្រឿង​ស្រវឹង ថ្នាំជក់ អាវុធ និង​គ្រឿងផ្ទុះ (ATF) ទីភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គ្រឿង​ញៀន (DEA) ទីភ្នាក់ងារ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​ការពារ​ប្រព័ន្ធ​យុត្តិធម៌​សហរដ្ឋ​អាមេរិក (U.S. Marshals Service) និង​មន្ត្រី​ក្រសួង​ផ្សេង​ទៀត។

លោក Garland បាន​និយាយ​ថា ទិន្នន័យ​ថ្មីៗ​បាន​បង្ហាញ​អំពី​ដំណើរ​វិវឌ្ឍន៍​ល្អ​ប្រឆាំង​នឹង​បទល្មើស​ហិង្សា​នៅ​ទូទាំង​ប្រទេស ដោយ​ទីភ្នាក់ងារ FBI បាន​រាយការណ៍​ពី​ការ​ធ្លាក់ចុះ​ចំនួន ៦% នូវ​បទល្មើស​មនុស្សឃាត​នៅ​ទូទាំង​ប្រទេស​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២ ហើយ​សមាគម​ស្នងការ​ប៉ូលិស​ប្រចាំ​ទីក្រុង​ធំៗ​បាន​រាយការណ៍​អំពី​ការ​ធ្លាក់ចុះ​តួលេខ​ចំនួន​ពីរ​ខ្ទង់​សម្រាប់​បទល្មើស​ឃាតកម្ម​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន ៦៩ ក្នុង​សហរដ្ឋអាមេរិក​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

លោក Garland បាន​សរសើរ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​បទល្មើស​ហិង្សា​របស់​ក្រសួង​របស់​លោក។ យុទ្ធសាស្ត្រ​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២១ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នៃ​បទល្មើស​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

លោក​បាន​ថ្លែង​ថា យុទ្ធសាស្ត្រ​នោះ​មាន​ដូចជា​ការ​ចែករំលែក​មធ្យោបាយ​បច្ចេកវិទ្យា​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​កម្រិត​រដ្ឋ​និង​មូលដ្ឋាន។ ក្រសួង​យុត្តិធម៌​ក៏​បាន​ចែករំលែក​មធ្យោបាយ​ណែនាំ​ការ​ផ្ទន្ទាទោស​ផង​ដែរ​ដើម្បី​ជួយ​ដល់​ទីភ្នាក់ងារ​នានា​នៅ​កម្រិត​រដ្ឋ​និង​មូលដ្ឋាន​ក្នុង​ការ​ចាប់ខ្លួន​និង​ផ្តន្ទាទោស​ជនល្មើស​ដដែលៗ​និង​អង្គការ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​លោក Garland ហៅ​ថា​ជា​អ្នក​នាំមុខ​នៅ​ក្នុង​ការ​បង្ក​បទល្មើស​ហិង្សា។

លោក Garland បាន​បន្ត​ថា ការ​ប្រជុំ​កាលពី​ថ្ងៃ​ទី ៥ ខែ​មករា​នោះ​គឺ​ដើម្បី​វាយតម្លៃ​ជោគជ័យ​មួយ​ចំនួន និង​មើល​ពី​របៀប​ដែល​យុទ្ធសាស្ត្រ​ទាំង​នោះ​អាច​ត្រូវ​ប្រើ​នៅ​កន្លែង​ដែល​មិន​ទាន់​ទទួល​បាន​ជោគជ័យ។

លោក​បាន​លើកឡើង​ទៀត​ថា រដ្ឋធានី​វ៉ាស៊ីនតោន​ជា​ពិសេស​មាន​កំណើន​បទល្មើស​ហិង្សា​ជារួម​ចំនួន ៣៩% នៅ​ក្នុង​ឆ្នាំ ២០២៣ ដោយ​អំពើ​ឃាតកម្ម​បាន​កើនឡើង​ចំនួន ៣៥%។

លោក​បាន​បន្ថែម​ថា លោក​នឹង​ធ្វើ​សេចក្តី​ប្រកាស​មួយ​អំពី​កិច្ច​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បទល្មើស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​ក្រោយ។

ទាក់ទង​នឹង​ការ​គំរាមកំហែង​លើ​អ្នក​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ លោក Garland បាន​បញ្ជាក់​ថា ត្រឹមតែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២៣ ក្រសួង​យុត្តិធម៌​បាន​ស៊ើបអង្កេត​និង​ចោទប្រកាន់​បុគ្គល​មួយ​ចំនួន​ពី​បទ​គំរាមកំហែង​ដោយ​ហិង្សា​លើ​ភ្នាក់ងារ FBI ចៅក្រម​សហព័ន្ធ​ដែល​រួម​មាន​ទាំង​ចៅក្រម​តុលាការ​កំពូល​ផង​ដែរ សមាជិក​សភា បេក្ខជន​ប្រធានាធិបតី និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត។

លោក​បាន​បន្ត​ថា មាន​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​លើ​តុលាការ​នៅ​ទូទាំង​ប្រទេស​ត្រឹម​សប្តាហ៍​មុន និង​បាន​បន្ថែម​ថា កាលពី​ថ្ងៃ​ទី ៤ ខែ​មករា បុគ្គល​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​សម្លាប់​សមាជិក​សភា​ម្នាក់​និង​កូនៗ​របស់​សមាជិក​សភា​រូប​នោះ។

លោក Garland បាន​បន្ថែម​ថា «ការ​គំរាមកំហែង​ទាំង​នេះ​មិន​អាច​ទទួល​យក​បាន​ទេ» និង​ថា ការ​ប្រជុំ​កាលពី​ថ្ងៃ​ទី ៥ ខែ​មករា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ស្វែងរក​វិធី​ពង្រឹង​ឱ្យ​បាន​ទ្វេ​ដង​នូវ​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​យុត្តិធម៌​ក្នុង​ការ​ទប់ទល់​នឹង​ជន​ទាំង​នោះ ដោយសារតែ «ពួកគេ​គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG