រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍ខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចមួយដែលគេយល់ឃើញថាជាការបើកផ្លូវសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់បន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងចិន។
ទស្សនកិច្ចរបស់លោក Wang នេះធ្វើឡើងស្របពេលដែលមន្ត្រីសហរដ្ឋអាមេរិកចង់«ជំរុញចិនឱ្យចាត់វិធានការមានប្រយោជន៍ជាងមុន» នៅចំពេលដែលមានសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ហើយរុស្ស៊ីនៅបន្តធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងទទួលស្វាគមន៍លោក Wang ពីថ្ងៃទី ២៦ ដល់ទី ២៨ ខែតុលានេះ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ក៏នឹងពិភាក្សាជាមួយនឹងលោក Wang ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកពីររូប។
លោក Sullivan បានជួបពិភាក្សាជាមួយនឹងលោក Wang នៅក្នុងប្រទេសម៉ាល់ត៍ពីថ្ងៃទី ១៦ ដល់ទី ១៧ ខែកញ្ញា បន្ទាប់ពីលោកទាំងពីរបានជួបប្រជុំគ្នានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសពីថ្ងៃទី ១០ ដល់ទី ១១ ខែឧសភា។
សេតវិមានបានបញ្ជាក់ថា លោកទាំងពីរបានពិភាក្សាអំពីបញ្ហាផ្សេងៗដែលរួមមានទាំងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ និងបានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទំនងជានឹងជួបស្វាគមន៍លោក Wang ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកដែលដឹងអំពីរឿងនេះ។
កន្លងមក លោក Biden ធ្លាប់បាននិយាយថា លោកទំនងជានឹងជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅខែក្រោយនៅក្រៅកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។ ជំនួបដែលអាចធ្វើឡើងនិងមានការតាមដានជាច្រើននេះនឹងក្លាយជាជំនួបដំបូងបង្អស់របស់លោក Xi នៅសហរដ្ឋអាមេរិកតាំងពីខែមេសា ឆ្នាំ ២០១៧ មក។
ទស្សនកិច្ចរបស់លោក Wang ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននេះនឹងធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកជំរុញចិនឱ្យប្រើខ្សែទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសនានានៅតំបន់មជ្ឈិមបូព៌ាដើម្បីបង្ការកុំឱ្យតួអង្គរដ្ឋាភិបាលឬមិនមែនរដ្ឋាភិបាលផ្សេងៗដូចជាអ៊ីរ៉ង់ជាដើមវាយប្រហារលើអ៊ីស្រាអែលនិងធ្វើឱ្យសង្គ្រាមជាមួយនឹងក្រុមហាម៉ាស់នេះកាន់តែរីកធំឡើង៕