នៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីដោះស្រាយបញ្ហាគំរាមកំហែងកាន់តែខ្លាំងក្លាឡើងពីកូរ៉េខាងជើងនោះ ការពិភាក្សាភាគច្រើននឹងផ្តោតទៅលើប្រទេសចិន។
ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye នឹងជូបពិភាក្សាត្រីភាគី នៅក្រៅកិច្ចប្រជុំកំពូលស្តីពីសន្តិសុខបរមាណូ នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ។
ការជួបប្រជុំត្រីភាគីនេះ គឺជាការជួបជុំគ្នាលើកដំបូងរបស់មេដឹកនាំប្រទេសទាំងបីនេះ ចាប់តាំងពីអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរថ្មីៗលើប្រទេសកូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះបោះបង់ចោលអាវុធបរមាណូឬនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែ ចំណោទនៅតែមានអំពីកម្រិតនៃការប្តេជ្តាចិត្តរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken មានប្រសាសន៍ថា៖ «មានទំនាក់ទំនងសេដ្ឋកិច្ចមួយ គ្មានពីរ រវាងចិននិងកូរ៉េខាងជើង។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បានដាក់ទំនាក់ទំនងនោះនៅលើតុ ហើយយើងសង្ឃឹមថា ការសហការពីចិនលើបញ្ហាកូរ៉េខាងជើងនេះ នឹងបន្តទៅមុខទៀត»។