ការសិក្សាថ្មីមួយរបស់រដ្ឋសភាបានរិះគន់កិច្ចប្រឹងប្រែងផ្តល់ជំនួយមួយចំនួនរបស់សហរដ្ឋអាមេរិក នៅប្រទេសអាហ្វកានីស្ថានថាមិនផ្តោតចំគោលដៅនិងខ្ជះខ្ជាយថវិកា។ ប៉ុន្តែខណៈដែលបញ្ហាជាច្រើនដូចមានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះ មានជាប់ពាក់ព័ន្ធពិសេសជាមួយប្រទេសអាហ្វកានីស្ថានដែលខ្ទេចខ្ទាំដោយសារសង្គ្រាម បញ្ហាដទៃទៀតមានភាពដូចគ្នាទៅនឹងជំនួយផ្តល់ទៅដល់ប្រទេសទាំងឡាយ នៅកន្លែងផ្សេងៗគ្នានៅក្នុងពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមនិងការបះបោរ។
បើយោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាបានឲ្យដឹងថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រហែល៣២០លានដុល្លារក្នុងមួយខែៗ ទៅលើកម្មវិធីជំនួយក្រៅពីសន្តិសុខ ដែលផ្តល់មូលនិធិដោយក្រសួងការបរទេស និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា AID (អេអាយឌី)។ ប៉ុន្តែរបាយការណ៍នោះថ្លែងថា មានការផ្តោតខ្លាំងពេកទៅលើកម្មវិធីធ្វើឲ្យមានស្ថិរភាពរយៈពេលខ្លី ច្រើនជាងគម្រោងអភិវឌ្ឍន៍និងស្ថិរភាពរយៈពេលវែង។
នៅក្នុងបទសម្ភាសមួយ លោកអេនឌ្រូ ណាស៊ីអូស (Andrew Natsios) អតីតប្រធានAID មានប្រសាសន៍ថា មួយផ្នែកនោះគឺដោយសារតែទីភ្នាក់ងារពីមុនរបស់លោក លែងកំណត់អាទិភាពជំនួយរបស់សហរដ្ឋអាមេរិកនៅអាហ្វកានីស្ថានទៀតហើយ។
«ខ្ញុំគិតថាមានបញ្ហាមួយទាក់ទងនឹងភាពគ្មានសិទ្ធិអំណាចរបស់ AID។ បើយោងតាមរបាយការណ៍បានឲ្យដឹងថា AID មិនស្ថិតនៅឯកិច្ចប្រជុំសម្រេចទៀតទេ ពួកគេមិនស្ថិតក្នុងមុខនាទីជាអ្នកបញ្ជាទេ។ ជាមូលដ្ឋាន ឯកអគ្គរដ្ឋទូតព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ជាអ្នកធ្វើសេចក្តីសម្រេចចិត្តអំពីថាតើត្រូវបែងចែកមូលនិធិទាំងនោះយ៉ាងដូចម្តេច ហើយក្រុមអ្នកដែលមានជំនាញខាងអភិវឌ្ឍន៍លែងមានសិទ្ធិទៀតហើយ។ ហើយនោះជាកំហុសធំមួយ»។
របាយការណ៍បានឲ្យដឹងទៀតថា កិច្ចប្រឹងប្រែងផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកបានផ្តោតទៅលើអ្វីដែលត្រូវបានដាក់ឈ្មោះថាជា «ការកសាងសមត្ថភាព» ដោយអនុញ្ញាតឲ្យរដ្ឋាភិបាលអាហ្វកានីស្ថានផ្តល់សេវាកម្មមូលដ្ឋានទៅកាន់ពលរដ្ឋរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដូចជាលើផ្នែកសុខភាព ការអប់រំ និងអនាម័យជាដើម។ របាយការណ៍បញ្ជាក់ថា ជំនួយរបស់សហរដ្ឋអាមេរិកភាគច្រើនចែកចាយរំលងរដ្ឋាភិបាលអាហ្វកានីស្ថាននៃលោកប្រធានាធិបតី ហាមីដ ខាហ្សាយ ដោយឱ្យទៅក្រុមហ៊ុនជំនួយអន្តរជាតិឯកជនជាអ្នកចាត់ការ។ ក្រុមអ្នកវិភាគនិយាយថា ប្រការនេះជួយធានាឲ្យវិធានការមួយចំនួនមានភាពជឿទុកចិត្ត ដែលថាមូលនិធិកំពុងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវប៉ុន្តែកាត់បន្ថយការជឿទុកចិត្តនិងសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វកានីស្ថាន។
ប៉ុន្តែ លោកណាតស៊ីអូស ថ្លែងថាការផ្តល់ថវិកាដោយផ្ទាល់ទៅតាមបណ្តាក្រសួងក៏នឹងមិនអាចដោះស្រាយបញ្ហាបានដែរ។
«តាមពិត រដ្ឋមន្ត្រីជាច្រើននៅក្នុងរដ្ឋាភិបាលរបស់លោក ខាហ្សាយ គឺជាមេកន្ទ្រាញកុលសម្ព័ន្ធ ដែលត្រូវបានផ្តល់តំណែងតាមក្រសួង ដោយសារតែពួកគេស្មោះត្រង់ជាមួយលោកខាហ្សាយ ដែលមិនមែនដោយសារពួកគេអាចគ្រប់គ្រងការងារនោះទេ។ តាមពិត ពួកគេមិនដឹងថាតើត្រូវគ្រប់គ្រងការងារយ៉ាងដូចម្តេចផង។ ហើយភាគច្រើននៃអ្នកទាំងនោះប្រើប្រាស់ក្រសួងដើម្បីជ្រើសរើសក្រុមអ្នកគាំទ្ររបស់ខ្លួនឲ្យចូលបម្រើការងារ ដើម្បីធ្វើឲ្យពួកគេស្មោះត្រង់ចំពោះរដ្ឋបាល តាមរយៈការផ្តល់ការងារក្នុងរដ្ឋាភិបាលដល់ពួកគេ។ ភាគច្រើននៃអ្នកទាំងនោះជាអនក្ខរជន។ អ្នកអាចធ្វើការបណ្តុះបណ្តាលខាងការកសាងសមត្ថភាព តាមតែចង់បាន ប៉ុន្តែនៅតាមបណ្តាក្រសួងទាំងនោះ ដែលត្រូវបានគ្រប់គ្រងដោយមេកន្ទ្រាញ ការកសាងសមត្ថភាពមិនមានប្រសិទ្ធភាពខ្លាំងទេ។
លោករ៉ាហ្សីវ ស្សាស (Rajiv Shah) នាយកបច្ចុប្បន្ន របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កម្មវិធីផ្តល់ជំនួយកំពុងបង្ហាញលទ្ធផល ប៉ុន្តែការកសាងសមត្ថភាពរបស់រដ្ឋាភិបាលត្រូវការពេលយូរទៀត។
យើងធ្វើការជំរុញយ៉ាងខ្លាំងក្លានៅទីនេះ ដើម្បីយកធនធាន ទៅកសាងសមត្ថភាពតាមមូលដ្ឋានកាន់តែច្រើនថែមទៀត និងយើងកំពុងមើលឃើញលទ្ធផលផ្ទាល់ៗជាច្រើនសម្រាប់កិច្ចការនោះ។ យើងកំពុងមើលឃើញលទ្ធផលនោះលើបញ្ហាសុខភាព យើងកំពុងមើលឃើញលទ្ធផលនោះក្នុងបញ្ហាអប់រំ យើងកំពុងមើលឃើញលទ្ធផលនោះលើវិស័យសេវាកម្មស៊ីវិល និងមន្ត្រីរដ្ឋការ និងសមត្ថភាពក្នុងការធ្វើកិច្ចការ។ ប៉ុន្តែការកសាងអភិបាលកិច្ចមិនមែនជាកិច្ចការដែលនឹងអាចកើតមានឡើងក្នុងរយៈពេល១៨ខែនោះទេ។ ហើយលោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា នោះជាកិច្ចប្រឹងប្រែងមួយជំនាន់មនុស្ស។ លោកស្រីរដ្ឋមន្ត្រីការបរទេស គ្លីនតុន យល់និងផ្តល់តម្លៃដល់កិច្ចប្រឹងប្រែង ដែលកំពុងធ្វើដើម្បីបង្កើតយុទ្ធសាស្ត្រឆ្លាតវៃរយៈពេលមធ្យម និងរយៈពេលវែង។
របាយការណ៍របស់ព្រឹទ្ធសភាព្រមានថា ការកាត់បន្ថយជំនួយលឿនពេកដោយទម្លាក់ការទទួលខុសត្រូវពីសហគមន៍អន្តរជាតិ ទៅឲ្យរដ្ឋាភិបាលអាហ្វកានីស្ថាន អាចបង្កឲ្យមានការចុះដុនដាបខាងសេដ្ឋកិច្ច។
សហរដ្ឋអាមេរិកគ្រោងនឹងចាប់ផ្តើមដកកងទ័ពពីប្រទេសអាហ្វកានីស្ថាននៅខែកក្កដា ដោយប្រគល់ភារកិច្ចភាគច្រើនទៅឲ្យរដ្ឋាភិបាលអាហ្វកានីស្ថានដែលគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០១៤៕
ប្រែសម្រួលដោយ លី សុខឃាង