ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​កុំព្យូទ័រ app ដែល​ផ្តល់​ការ​អប់រំ​និង​ការ​កម្សាន្ត​ក្នុង​អំឡុង​ពេល​​បិទ​សាលារៀន​ដោយ​សារ​មេរោគ​កូរ៉ូណា


រូបឯកសារ៖ គ្រូបង្រៀនម្នាក់បង្ហាញកម្មវិធីស្មាតហ្វូនទៅកាន់សិស្សនៅវិទ្យាល័យមួយ នៅរដ្ឋ Maryland សហរដ្ឋអាមេរិក។

សម្រាប់​ឪពុក​ម្តាយ​ដែល​បារម្ភ​ថា​កូន​របស់​ពួក​គេ​ជក់​នឹងការប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ច្រើន​ពេក​នៅ​ពេល​ដែល​ពួក​គេ​នៅ​ផ្ទះ មាន​សហគ្រិន​បច្ចេកវិទ្យា​មួយ​ចំនួន​ព្យាយាម​ជួយ​ដោះ​ស្រាយ​ការ​បារម្ភ​នេះ។

លោក David Drobik សហស្ថាបនិក​នៃ​កម្មវិធី​កុំព្យូទ័រ Vividbooks ថ្លែង​ថា៖​

«បើ​ពួក​គេ​ចំណាយពេល​ឥត​ប្រយោជន៍​មើល YouTube Instagram និង TikTok នេះ​ជា​ការ​ចំណាយ​ពេលមិន​ល្អ​ដែល​យើង​ខ្ញុំ​ចង់​លុប​បំបាត់​ចោល»។

សហគ្រិន​ម្នាក់​ទៀត​គឺ​លោក Martin Horstman ស្ថាបនិក​នៃ​កម្មវិធី​កុំព្យូទ័រ Tink Digital ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«បច្ចេកវិទ្យា​ពិត​ជា​អស្ចារ្យ។ មាន​បច្ចេកវិទ្យា​គ្រប់​បែប​យ៉ាង​និង​ល្អ​នៅ​ជុំវិញ​យើង។ ប៉ុន្តែ​របៀប​ដែល​កូន​ក្មេង​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នេះ​មាន​លក្ខណៈ​អសកម្ម»។

ជំនួស​ឲ្យ​ការ​លេង​ហ្គេម​វីដេអូនិងរៀន​អំពីគំនិត​របស់​អ្នក​ដទៃ លោក Martin Horstman ដែល​ជា​វិស្វករ​កម្មវិធី​ software កុំព្យូទ័រ​ បានបង្កើត​មធ្យោបាយ​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​កូន​ក្មេង​អាច​បញ្ចេញ​គំនិតរបស់​ពួក​គេ​ផ្ទាល់ ដោយ​បញ្ចូល​ជំនាញនានា​ក្នុង​ពិភពពិត ជាមួយ​នឹង​ជំនាញខាង​បច្ចេកវិទ្យា។ មធ្យោបាយ​នោះ​គឺ​កម្មវិធី app ឈ្មោះ​ Doodlematic។ ដើ​ម្បី​ប្រើ​ app នេះ ដំបូង​ត្រូវ​គូស​រចនា​ល្បែង​ហ្គេម​មួយ​ដោយ​ប្រើ​ពណ៌​ផ្សេងៗ។ ពណ៌​ផ្សេងៗ​គ្នា​នឹង​ប្រាប់​កម្មវិធីកុំព្យូទ័រនេះ ថា​តើ​មាន​អ្វី​ជា តួអង្គ ជា​គោលដៅ ឬ​ជា​ឧបសគ្គ។ ​រួច​យើង​គ្រាន់​តែ​ប្រើ​ទូរស័ព្ទ​ថត​គំនូស​រចនា​របស់​យើង​ ​ចូល​ក្នុង​ app នេះ ហើយ​គំនូល​នោះ​នឹង​ក្លាយ​ទៅ​ជា​ហ្គេម​វីដេអូ។

លោក Martin Horstman ស្ថាបនិក​នៃ​កម្មវិធី​កុំព្យូទ័រ Tink Digital បន្ថែម​ថា៖​

«យើង​ជឿជាក់​យ៉ាង​ខ្លាំង​ថា គំនិត​ច្នៃ​ប្រឌិត​និង​ការ​ស្រមើស្រម៉ៃ​ជា​ជំនាញ​យ៉ាង​សំខាន់​សម្រាប់​គ្រប់មាគ៌ា​វិជ្ជាជីវៈ​ដែល​ពួក​គេ​នឹង​ចាប់​យក»។

កូន​ក្មេង​អាច​បង្កើត​កម្មវិធី​ហ្គេម​ជីវចល​ដោយ​ឥត​គិត​ថ្លៃ រួច​អាច​បង់​ប្រាក់​តិច​ជាង​៣០​ដុល្លារ​ ដើម្បី​បង្កើត​ហ្គេម​ជីវចល​ចំនួន​១០០០​ទៀត។

កម្មវិធី​ app មួយ​ទៀត​ឈ្មោះ​ Vividbooks ប្រើ​បច្ចេកវិទ្យា​បញ្ចូល​រូប​និម្មិត​ទៅ​ក្នុង​ពិភព​ពិត ដើម្បី​ធ្វើ​ឲ្យ​ទំព័រ​សៀវភៅ​មេរៀន​លំបាកៗ​ដូច​ជា​រូបវិទ្យា អាច​មាន​ចលនា​រស់​រវើកនិង​ងាយ​ស្រួល​យល់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់សហស្ថានិក​កម្មវិធី Vividbooks លោក David Drobik ដោយ​លោក​បញ្ជាក់​ថា៖

«ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​សៀវភៅ​សិក្សា​ធម្មតា ដែល​កូនក្មេង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ ឬ​ដែល​ពួក​ធ្លាប់​ប្រើ​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុងក្រោយ អ្នក​នឹង​ឃើញ​មាន​ក្រាហ្វិក​បន្តិចបន្តួច ហើយ​ជុំ​វិញ​សុទ្ធ​អត្ថបទ។ មុខវិជ្ជា​រូបវិទ្យា បានគោល​ចំណុច​ជា​ច្រើន​ដែល​ងាយ​ស្រួល​យល់​ ប្រសិន​បើ​យើង​ប្រើ​រូបភាព ហើយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថលបញ្ជូល​ជាមួយ​គំនូរ​ជីវចល​ដោយ​ពន្យល់​គោល​ចំណុច​ទាំង​នេះ ហើយ​ធ្វើ​ដូច្នេះ​ងាយ​ស្រួល​ជាង​ការ​ពន្យល់​ដោយ​ឲ្យ​កូនក្មេង​អាន​អត្ថបទ​យ៉ាង​ច្រើន»។

គេ​អាច​បោះពុម្ព​ទំព័រ​ឌីជីថល​របស់​កម្មវិធី Vividbook តាម​កុំព្យូទ័រ​ធម្មតា​ឬទូរស័ព្ទ​ចល័ត។ ពេល​ប្រើកម្មវិធី app នេះ អ្នក​នឹង​ឃើញ​រូប​នេះ​នៅ​ពេល​ប្រើ​ទូរស័ព្ទ​មើល​ពី​លើ​ទំព័រ Vividbook តាម​ការ​រៀបរាប់​របស់​លោក David Drobik៖

«ទូរស័ព្ទ​នឹង​ស្គាល់​រូបភាព​នៅ​លើ​ទំព័រ​លំហាត់​ ហើយ​ពេល​នោះ​ទូរស័ព្ទ​នឹងធ្វើ​ឲ្យ​រូបភាព​ណា​មួយ​មាន​ជីវចល»។

កម្មវិធី​ app នេះ​បច្ចុប្បន្ន​មាន​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ឧបករណ៍​ចល័តរបស់ Apple ប៉ុណ្ណោះ។ កម្មវិធី​សម្រាប់​គេហទំព័រ​ធម្មតា​និងឧបករណ៍​ Android ដែល​រំពឹង​ថា​នឹង​ចេញ​នៅ​ខែ​មិថុនា។ ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​រាតត្បាត​ជា​សាកល​នៃ​មេរោគ​កូរ៉ូណាវីរុស​កូវីដ១៩ ឪពុកម្តាយ​ទាំង​ឡាយ​អាច​ប្រើប្រាស់​ទំព័រ​មេរៀន​ដោយ​ឥត​គិត​ថ្លៃ។ គោលដៅ​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី app នេះ​ សំខាន់​គឺ​កូន​ក្មេង​អាយុ​ពី​១០​ទៅ​១២​ឆ្នាំ។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​នឹង​បញ្ចូល​មុខវិជ្ជា​គីមីវិទ្យា​និង​ជីវវិទ្យា​ និង​មេរៀន​សម្រាប់​សិស្ស​អាយុ​ផ្សេង​ទៀត។

កម្មវិធី​ app ទាំង​នេះ​ព្យាយាម​បញ្ចូល គ្នា​រវាង​ទាំង​ជំនាញ​សំខាន់ៗ​ក្នុង​ពិភព​ពិត​និង​ពិភព​ឌីជីថល ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​មាន​ភាព​សកម្ម​ផ្លូវ​ចិត្ត​និង​ស្មារតី​ ខណៈ​ដែល​ពួក​គេ​កំពុងស្ថិត​នៅ​ឆ្លាយ​ពី​សាលារៀន៕

ប្រែសម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG