ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

UNICEF ធ្វើ​យុទ្ធនាការ​អនឡាញ​ដើម្បី​​ជួយ​ឱ្យ​យុវជន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដោយ​សុវត្ថិភាព


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​​ម្នាក់ដែលមានពាក់ម៉ាស់ អង្គុយចុចទូរស័ព្ទ​​​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

អង្គការ UNICEF ប្រចាំ​កម្ពុជា​ដែល​ជា​បណ្តាញ​របស់​អង្គការ​សហ​ប្រជា​ជាតិកំពុង​ធ្វើ​យុទ្ធនាការ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាមអ៊ីនធឺណិតដែល​កំពុង​កើត​ឡើងលើ​យុវជន​នៅកម្ពុជា។

យុទ្ធនាការ​នេះធ្វើ​ឡើង​ចាប់ពី​ខែ​មិថុនា​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ក្នុង​គោល​បំណង​ចែក​ចាយ​នូវ​ចំណេះ​ដឹង និង​ព័ត៌មាន​ផ្សេងៗ​ទៅ​កាន់​កុមារ យុវជន និង​អាណា​ព្យាបាល​អំពី​សកម្មភាព​នានា​នៃ​ការ​រំលោភ​បំពាន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​របស់​ពួក​គេ​ចំពោះ​ព័ត៌មាន​មិន​ពិត ការ​គំរាម​កំហែង និង​ការ​យាយី​ ក៏​ដូច​ជា​បង្កើត​កន្លែង​អនឡាញ​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ និង​មនុស្ស​វ័យ​ក្មេង។

តំណាង​អង្គការ​ UNICEF ប្រចាំ​នៅ​កម្ពុជា​លោក Will Park លើក​ឡើង​ថា យុវជន​បច្ចុប្បន្ន​ភាគ​ច្រើន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ភា្ជប់​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទូទៅ និង​មិត្ត​ភក្តិ​របស់​ពួកគេ​។ លោកថា ការណ៍​នេះ​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​បំពាន​សុវត្ថិភាព​លើ​អនឡាញ និង​អំពើ​ហិង្សា ​រួម​ទាំង​ការ​គំរាម​កំហែង​តាម​អ៊ីនធឺណិត ដែល​អាច​ជះ​ផល​ប៉ះ​ពាល់​ផ្សេងៗ​លើ​សុខភាព​ផ្លូវ​ចិត្ត និង​សុខុមាល​ភាព​របស់​ពួក​គេ ដូចជា​ការ​ធ្វើ​បាប​ខ្លួន​ឯង​ជាដើម។

លោក​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​អ៊ីម៉េល​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «វា​ជា​ការ​សំខាន់​ណាស់​ដែល​កុមារ យុវជន ឪពុក​ម្តាយ និង​អ្នក​មើល​ថែ​ត្រូវ​យល់​ដឹង និង​ជំនាញ​យ៉ាង​ពេញ​លេញ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ស្វែង​រក​ការ​គាំទ្រ។ ដូច្នេះ​ហើយ​ យើង​បាន​ចាប់​ផ្តើម​ចែក​រំលែក​ខ្លឹមសារ​ឌីជីថល​ដែល​ងាយ​ស្រួល​ប្រើ រួម​ទាំង​ព័ត៌មាន​ និង​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍ ដើម្បី​ជួយ​កុមារ​និង​យុវជន​ឱ្យ​ស្គាល់​ព័ត៌មាន​មិន​ពិត ឬ​ការ​គំរាម​កំហែង ទទួល​យក​ការ​អនុវត្ត និង​អាកប្ប​កិរិយា​ប្រកប​ដោយ​សុវត្ថិភាព​ និង​ធ្វើការ​សម្រេច​ចិត្ត​ដែល​មាន​ព័ត៌មាន​អំពី​ហានិភ័យ​»។

បើតាម​គេហទំព័រ Datareportal កម្ពុជាមាន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ប្រមាណ​ជា​៦៥% ​នៃ​ប្រជាជន​សរុប​ ហើយ​ហ្វេស​ប៊ុក​ជា​បណ្តាញ​សង្គម​មួយ​ដែល​ប្រជា​ជន​កម្ពុជា​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ ដោយ​មាន​ជាង​៩០%​នៃ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គមទាំងអស់​។

​បើ​តាម​លោក Will Park យុទ្ធនាការ​សុវត្ថិភាព​លើ​អនឡាញនេះ​ អង្គការ UNICEF បាន​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយ​មាន​ការ​ចូល​រួមពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គមប្រមាណ​ជា៧.៦​លាន​នាក់។ នេះ​បើ​តាម​ការ​លើក​របស់​លោក Will Park តំណាង​អង្គការ​ UNICEF ប្រចាំ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា លោក ឯម ច័ន្ទមករា ប្រាប់​វីអូអេ​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​យុទ្ធនាការ​លើ​អ៊ីនធឺណិត​នេះ​នៅឡើយទេ ប៉ុន្តែ​លោក​ថា​ ការ​បង្កើត​យុទ្ធនាការ​នេះ​ឡើង​ជា​រឿង​ដែល​ប្រសើរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង និង​ព័ត៌មាន​ផ្សេងៗ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ព័ត៌មាន​ដែល​ពិត និង​ត្រឹម​ត្រូវ។

យ៉ាង​ណា​មិញ លោក​បាន​អំពាវ​នាវ​ទៅ​កាន់​យុវជន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ពេល​ដែល​ពួក​គេ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម។

លោក​ថ្លែង​ថា៖ «ធាតុ​ពិត​កន្លង​មក​យើង​ធ្លាប់​បាន​លឺ​សូរ​ឃើញ​មាន​ការ​លួច​ទំនាក់​ទំនង​ Fake Account [គណនី​ក្លែង​ក្លាយ] ហើយ​ដូច​ជា​មាន​ទំនាក់​ទំនង​សេ្នហា​ហើយ​រួច​ផ្ញើ​រូប​ភាព​អាស​អាភាស​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​គាត់​គំរាម​កំហែង​ក្នុង​ការ​យក​លុយ​យក​កាក់​។ នេះ​គឺ​ហានិភ័យ​ណាស់​សម្រាប់​បង​ប្អូន​ដែល​មាន​អាយុ​ពី​១២​ដល់​១៧​ឆ្នាំ អ៊ីចឹង​ជា​សំណូម​ពរ ​គឺ​សូម​ឱ្យ​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​យើង​នឹង​ខិត​ខំ​បង្កើន​នូវ​ការ​ផ្សព្វ​ផ្សាយ ការ​យល់​ដឹង​នេះ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ជូន​ដល់​សាធារណជន​របស់​យើង»។

អ្នកស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​បច្ចុប្បន្ន​នេះ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ហើយ​វា​បាន​ជះ​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​អ្នក​ប្រើ​ប្រាស់​។ អ្នកស្រី​ថា ក្នុង​ពេល​ដែល​ប្រព័ន្ធ​ឌីជីថល​មាន​ការ​វិវត្ត​ទៅ​មុខ ក្រសួង​អប់រំ​បាន​ចូល​រួម​ក្នុង​ការ​កែ​លម្អ​ទៅ​លើ​ទម្រង់​នៃ​ការ​សិក្សា​ ដោយ​រួម​បញ្ចូល​ការ​សិក្សា​នានា​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ក៏​ដូច​ជា​បង្រៀន​សិស្ស​ពី​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា​ដោយ​ឱ្យ​សិស្សា​នុសិស្ស​ស្វែង​យល់​បន្ថែម​ពី​បញ្ហា​សង្គម និង​ពង្រឹងទៅ​លើ​ក្រម​សីល​ធម៌​ការ​រស់​នៅ​របស់​ពួក​គេ។

អ្នកស្រី​ថ្លែង​ថា៖ «ដូច្នេះ​ហើយ​នៅ​ក្នុង​ការ​អនុវត្ត​ក្រៅ​ម៉ោង​សិក្សា​នេះ យើង​សង្ឃឹម​ថា​មិន​មែន​គ្រាន់​តែ​ផ្តល់​ចំណេះ​ដឹង​បន្ថែម​របស់​គាត់​អំពី​បច្ចុប្បន្ន​ភាព​របស់​សង្គម​ និង​ពិភព​លោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ឱ្យ​គាត់​ស្វែង​យល់​ និង​សាក​ល្បង​សិក្សា​ដោយ​ធ្វើ​ការ​វិភាគ ហើយ​និង​ហ្វឹក​ហាត់​ទៅ​លើ​ការ​គោរព​វិន័យ​ សីល​ធម៌ និង​ឥរិយាបថ​ផង​ដែរ»។

បើ​តាម​អ្នកស្រី​ ឃួន វិច្ឆិកា ក្រសួង​អប់រំ​បាន​បង្កើន​សមត្ថភាព​បន្ថែម​លើ​ប្រព័ន្ធ​ឌីជីថល​ ដែល​អាច​ឱ្យ​សិស្សានុ​សិស្ស​ចូល​មើល​ និង​ស្តាប់​ការ​ពន្យល់​មេរៀន​បន្ថែម​តាម​រយៈ​គេហ​ទំព័រ និង​យូធូប​របស់​ក្រសួង​។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ក៏​បាន​ប្រើ​ប្រាស់​ការ​រីក​ចម្រើន​នេះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ជា​ព័ត៌មាន​ក៏​ដូច​ជា​ចំណេះ​ដឹង​ដែល​សិស្សា​នុសិស្ស​អាច​រក​បាន​ពី​វេប​សាយ​ ប្រព័ន្ធ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ក្នុង​នោះ​យើង​បាន​ថត​ជា​វីដេអូ​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​ចំណេះ​ដឹង​ ពាក់​ព័ន្ធ​នឹង​សៀវ​ភៅ​សិក្សា​ដែល​គាត់​រៀន ទាក់​ទង​នឹង​គ្រប់​មុខ​វិជ្ជា​ដែល​គាត់​រៀន​មាន​ន័យ​ប្រសិន​បើ​គាត់​អត់​យល់​មេ​រៀន​កន្លែង​ណា​ ឬ​មាន​បញ្ហា​ត្រង់​ចំណុច​ណា​នោះ គឺ​គាត់​អាច​សិក្សា​ស្រាវ​ជ្រាវ​រក​ឃ្លីប​វីដេអូ​ក្នុង​ប្រព័ន្ធ​អន​ឡាញ​របស់​យើង​មក​សិក្សា​បន្ថែម​ដែរ»។

យោង​តាម​របាយការណ៍​របស់​អង្គការ​ UNICEF ​ស្តីពី​ថា ការ​បញ្ឈប់​គ្រោះថ្នាក់​ក្នុង​ប្រទេស​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២២ នៅ​កម្ពុជា​កុមារ​អាយុ​ចន្លោះ​ពី​១២ ទៅ ១៧​ឆ្នាំ ដែល​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណិត មាន១១% ធ្លាប់​ទទួល​រង​ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​អនឡាញ។ បញ្ហា​នេះ​រួម​មាន​ការ​ផ្ញើ​សារ​គំរាម​កុមារ​ឱ្យ​ចូល​រួម​ក្នុង​សកម្មភាព​ផ្លូវ​ភេទ និង​ការ​ផ្ញើ​រូបភាព​អាស​អាភាស ដោយ​ពុំ​មាន​ការ​យល់​ព្រម​ពី​ភាគី​ម្ខាង​ទៀត។

របាយការណ៍​ដដែល​បន្ត​ថា មាន​កុមារ ១៦% បាន​ក្លាយ​ជា​កម្ម​វត្ថុ​នៃ​ការ​សរសេរ​មតិ​យោបល់ ដែល​មាន​ចរិត​ផ្លូវ​ភេទ​អំពី​ពួក​គេ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ពុំ​មាន​អារម្មណ៍​ងាយ​ស្រួល ដែល​ក្នុង​នោះ​មាន​ចំនួន​ ៣១% បាន​និយាយ​ថា ការ​សរសេរ​បែប​នេះ​កើត​មាន​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​។

តំណាង​អង្គការ​ UNICEF ប្រចាំ​កម្ពុជា​ លោក Will Park បាន​ឱ្យ​ដឹង​ដែរថា UNICEF ក៏​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​អង្គការ​ភាព​ជា​ដៃ​គូ​សកល​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ការ​ណែ​នាំ​ស្តី​ពី​ការ​ការពារ​កុមារ​តាម​អ៊ីនធឺណិត​សម្រាប់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌីជីថល​ ដើម្បី​ធានា​ថា​កុមារ​ទាំង​អស់​មាន​បទ​ពិសោធន៍​ប្រកប​ដោយ​សុវត្ថិភាព និង​វិជ្ជមាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ហើយកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្រសួង​អប់រំ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​អំពី​ការ​គ្រប់​គ្រងការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិច​ត្រូនិក​ក្នុង​ម៉ោង​រៀន​ ឬ​ម៉ោង​សិក្សា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូ​កំពុង​បង្រៀន​ ជា​ពិសេស​ការ​លេង​ហ្គេម និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដែល​មិន​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​សិក្សា ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាផង​ដែរ៕

XS
SM
MD
LG