ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយជំរុញឱ្យបង្កើនការត្រួតពិនិត្យការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងម៉ោងសិក្សា ដែលមិនមានប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
នៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ក្រសួងអប់រំបញ្ជាក់ថាក្រសួងមានគោលដៅ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ គ្រប់បណ្ដាគ្រឹះស្ថានសិក្សារាជធានី ខេត្ត ដើម្បីពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា។ សេចក្ដីណែនាំដដែលបញ្ជាក់ថារាល់សកម្មភាពនៅក្នុងថ្នាក់រៀន និងក្នុងបរិវេណសាលា សិស្សមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងម៉ោងសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូបង្រៀន។
ក្រសួងអប់រំបញ្ជាក់ថា៖ «ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងម៉ោងរៀន ឬម៉ោងសិក្សាដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា»។
ក្រសួងអប់រំលើកឡើងថាក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិក ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថល មានសារៈសំខាន់ក្នុងការបម្រើដល់ការបង្រៀន និងការសិក្សាក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែក្រសួងអប់រំ នៅតែស្នើសុំការចូលរួមតាមដានការប្រើប្រាស់ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិក ពីសំណាក់អាណាព្យាបាលរបស់សិស្ស។
ចំណាត់ការរបស់ក្រសួងអប់រំត្រូវបានគាំទ្រដោយគ្រូបង្រៀន និងសិស្សានុសិស្ស និងគ្រូបង្រៀនមួយចំនួននៅរាជធានីភ្នំពេញ។
លោក អោ ណារុន គ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី១២នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ក្នុងរាជធានីភ្នំពេញ ថ្លែងថាលោកគាំទ្រសេចក្តីណែនាំរបស់ក្រសួងដែលបានដាក់ចេញ។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគាំទ្រនូវការចេញចំណាត់ការរបស់ក្រសួងទាំងស្រុង ព្រោះអីធាតុពិតគាំទ្រឱ្យចេញចំណាត់ការតាំងពីយូរហើយទៀត ព្រោះអីបច្ចុប្បន្នយើងឃើញថាសិស្សស្ទើរតែមួយរយភាគរយគឺមានទូរសព្ទដៃ ហើយការប្រើប្រាស់ទូរសព្ទដៃរបស់ពួកគាត់គឺពុំសូវប្រើសម្រាប់មានប្រយោជន៍ប៉ុន្មានទេ ភាគច្រើនគឺគាត់ប្រើទៅលើការលេងហ្គេម ការមើលបណ្តាញសង្គមផ្សេងៗដែលពុំសូវមានប្រយោជន៍»។
គ្រូបង្រៀនរូបនោះបន្ថែមថាលោកមានវិធានការក្នុងការទប់ស្កាត់សិស្សកុំឱ្យប្រើប្រាស់ទូរសព្ទអំឡុងម៉ោងដែលខ្លួនបង្រៀន ដូចជាការដកហូតទូរសព្ទរបស់សិស្ស សួររកគោលបំណងក្នុងការប្រើប្រាស់ និងមិនឱ្យប្រើប្រាស់ បើសិនជាមិនមានការចាំបាច់។ លោកលើកទឹកចិត្តឱ្យសិស្សរបស់លោកប្រើប្រាស់ទូរសព្ទក្នុងពេលចេញលេង ឬក្នុងករណីណាដែលចាំបាច់សម្រាប់ពួកគាត់ក្នុងការស្វែងរកឯកសារជំនួយមេរៀន។
លោកថ្លែងថា៖ «ជាទូទៅគឺមានសិស្សគាត់ប្រើប្រាស់ទូរសព្ទដៃនៅក្នុងម៉ោងរៀនហើយ ប៉ុន្តែយើងត្រូវមានវិធានការ។ វិធានការទូទៅដកហូតទូរសព្ទគាត់ហើយសួរគាត់តើប្អូនប្រើប្រាស់ទូរសព្ទដៃ ដើម្បីអ្វី។ បើគាត់ថាមើលទាក់ទងនឹងឯកសារមេរៀន ហើយយើងឱ្យគាត់បើកមើល បើគាត់មើលឯកសារមេរៀនមែន លើកទឹកចិត្ត ក៏ប៉ុន្តែលើកទឹកចិត្តឱ្យគាត់ប្រើក្នុងពេលចេញលេង ឬចាំពេលគ្រូអនុញ្ញាត មិនមែនគាត់ប្រើស្រេចតែចិត្តអញ្ចឹងទេ»។
លោក ពិសាល អាយុ៥២ឆ្នាំ ជាអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថាលោកគាំទ្រឱ្យសាលារៀនហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃនៅក្នុងថ្នាក់រៀន ព្រោះវាអាចជះផលវិបាកដល់សិស្សដទៃទៀត។
លោកថ្លែងថា៖ «គេហាមនេះគឺជាការល្អប្រសើរបំផុតបាទគួរតែចាប់ គួរតែហាមឃាត់ដាច់ខាត កុំឱ្យគាត់ប្រើនៅពេលម៉ោងរៀនទៅបាទ វាទម្លាប់មិនល្អដល់សិស្សដទៃ»។
លោកបន្ដថាកូនៗរបស់លោកប្រើប្រាស់ទូរសព្ទសម្រាប់សិក្សា និងមួយចំនួនទៀតសម្រាប់លេងហ្គេម។ យ៉ាងណាមិញ លោកតែងតែតាមដានការប្រើប្រាស់ទូរសព្ទរបស់កូនៗ និងពន្យល់ណែនាំកុំឱ្យចំណាយពេលជាមួយទូរសព្ទ រហូតដល់ភ្លេចការសិក្សា។
ចំណែកអ្នកស្រី អេង គឹមនាង អាយុ៤៥ឆ្នាំ ជាអាណាព្យាបាលសិស្សដែលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រាប់វីអូអេថាការហាមឃាត់មិនឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃនៅក្នុងថា្នក់រៀនគឺជារឿងល្អមួយ។
អ្នកស្រីថ្លែងថា៖ «ទេប្រសិនបើអត់ឱ្យប្រើតែក្នុងថ្នាក់ហ្នឹង អាចបាន។ តែបើអត់ឱ្យប្រើដល់ក្នុងគ្រាន់តែបរិវេណសាលាចុះដូចថាអាណាព្យាបាលអីចង់តេទៅចឹងទាក់ទងតាមណាបានទៅ ឬមួយក៏ដល់ម៉ោងចេញអញ្ចឹង មិនត្រូវតេមកឱ្យអ្នកទៅយកអញ្ចឹងទៅណា»។
យុវជនកាន បរិញ្ញារិន ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ប្រាប់វីអូអេថាប្រសិនបើការហាមឃាត់មិនឱ្យសិស្សានុសិស្សប្រើទូរសព្ទនៅក្នុងថ្នាក់រៀន យុវជនរូបនេះយល់ស្រប ក៏ប៉ុន្ដែបើហាមឃាត់ទាំងការប្រើប្រាស់នៅក្នុងបរិវេណសាលាទៀត អាចធ្វើឱ្យរូបគេពិបាកក្នុងការទាក់ទងជាមួយមិត្តភក្តិ ឬមើលឯកសារមេរៀនតាមរយៈទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិក។
យុវជនរូបនេះថ្លែងថា៖ «ខ្ញុំគិតថាបើក្នុងថ្នាក់ទៅដូចមានហេតុផលអីត្រឹមត្រូវ ប៉ុន្ដែដល់ពេលបរិវេណសាលាទៅ បើដាក់ថាច្បាប់សាលាចឹងទៅវាពិបាកប្រតិបត្តិតាមទៀត ចឹងទៅហើយដូចថាគ្រាន់តែSocial Media (បណ្ដាញសង្គម)យើងប្រើនៅក្រៅ។ នៅក្នុងថ្នាក់បើថាអត់អាចប្រើបានទៅអត់អី ប៉ុន្ដែបើនៅបរិវេណសាលាទៀតដូចវានេះពេកណាបង»។
យុវតី មុំខ្លឹម បរិធិមុនីនាថ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញប្រាប់វីអូអេថាការហាមឃាត់មិនឱ្យប្រើទូរសព្ទនៅក្នុងថ្នាក់រៀន និងក្នុងបរិវេណសាលានេះអាចជួយដល់សិស្សានុសិស្សផ្ដោតអារម្មណ៍ក្នុងការរៀនសូត្រ។ យុវតីរូបនេះបន្ដថាកន្លងមកក៏ធ្លាប់មានករណីសិស្សលួចលេងទូរសព្ទនៅក្នុងម៉ោងរៀនផងដែរ។ យុវតីរូបនោះបន្ថែមថាក្នុងករណីបែបនេះ លោកគ្រូអ្នកគ្រូក៏បានពន្យល់ណែនាំពាក់ព័ន្ធនឹងការប្រើទូរសព្ទក្នុងថ្នាក់រៀន។
យុវត្តីរូបនេះថ្លែងថា៖ «ធ្លាប់មានដែរបង ពេលខ្លះមិត្តភក្តិខ្ញុំលេងភ្លេចខ្លួនចឹង លោកគ្រូអ្នកគ្រូចាប់បានគាត់ព្រមានអត់ឱ្យលេងទៀត។ ប៉ុន្តែបើករណីខ្លាំងជាងហ្នឹង គាត់ចាប់យកទុកលើតុ ហើយទាល់តែចេញទៅផ្ទះបានគាត់ឱ្យវិញ»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វីអូអេថាយុវជនត្រូវការអ៊ីនធឺណិតប្រើប្រាស់ ដើម្បីស្រាវជ្រាវការសិក្សារបស់ពួកគេ ដែលអ្នកស្រីមើលឃើញថាការយកទូរសព្ទចូលក្នុងសាលាគឺជារឿងល្អម៉្យាង ដើម្បីពួកគាត់អាចងាយស្រួលទាក់ទងជាមួយអាណាព្យាបាល។
អ្នកស្រីថ្លែងថា៖ «ការដែលពួកគាត់យកទូរសព្ទចូលក្នុងសាលាក្នុងអីហ្នឹង ក៏ជារឿងល្អម៉្យាង ដោយសារតែយើងឃើញថាសភាពជុំវិញទាំងអស់ គឺយើងឃើញថាមានការចាប់ក្មេង ចឹងឪពុកម្តាយរបស់គាត់មានការបារម្ភពីកូនចឹងហើយពេលដែលគាត់មករៀនគាត់ត្រូវឱ្យកាន់ទូរសព្ទដើម្បីគាត់ទាក់ទង ឬទាក់ទងទៅគាត់»។
អ្នកស្រីបន្ថែមថាមានករណីគ្រឿងញៀនច្រើន ដូច្នេះហើយបានជាអាណាព្យាបាលមួយចំនួនបារម្ភអំពីសុវត្ថិភាពកូន និងចង់ដឹងអំពីសុខទុក្ខកូននៅសាលារៀន៕