ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​គប់​រូបថត​លោក​ហ៊ុន សែន


លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)
លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​អំពី​ក្តីក្តាំ​អ្នកស្រី​ ទេព វន្នី​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​ឈ្មោះ​ សំ សុខា​ ដែល​បាន​យក​ស្បែក​ជើង​ទៅគប់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបថត​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ។

យោង​តាមសេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ស្រ្តី​ សំ សុខា​ បាន​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខែ​មេសា​ឆ្នាំ​ ២០១៧​ ស្រ្តី​រូប​នេះ​ បាន​គេច​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​ ដែល​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ «ប្រមាថ​និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«រដ្ឋាភិបាល​កម្ពុជា​ គួរ​តែ​ដោះលែង​ជា​បន្ទាន់​ ស្រ្តី​ សំ​ សុខា​ សកម្មជន​ការងារ​ ដែល​បាន​ទទួល​ឈ្មោះ​មិន​ល្អ​ ​បន្ទាប់​ពី​គាត់​បាន​យក​ស្បែក​ជើង​គប់​រូបថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​ ២០១៧»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​លោក​ ស៊ឹង​ សែនករុណា ​មាន​ប្រសាសន៍​ប្រាប់​ VOA ថា ​ការ​ចាប់​ខ្លួន​ជន​ភៀសខ្លួន​ ដែល​បាន​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួននេះ នឹង​កា្លយ​ជា​សម្ពាធមួយ​ទៀត​ ទៅ​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់ក្រុម​មេដឹកនាំ​នៅ​កម្ពុជា។

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖

«ប្រទេស​ថៃ​ ហ្នឹង​គឺ​មិន​ទាន់​ផ្តល់​ការ​គោរព​នូវ​សន្ធិសញ្ញា​របស់​អន្តរជាតិ​ឲ្យបាន​ត្រឹមត្រូវ​ទេ​ ហើយ​យើង​ឃើញ​ហើយ​ដល់​ UNHCR បាន​ទទួល​ស្គាល់​គាត់​ជា​ជន​ភៀស​ខ្លួន​ ហើយ​នៅ​តែ​មាន​ការ​ចាប់​បញ្ជូន​មក​បែប​នេះ​ វា​ធ្វើ​ឲ្យ​កាន់​តែ​ប៉ះពាល់​ទៅដល់​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ហ្នឹងឲ្យ​កាន់​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ ហើយ​បង្ហាញ​ថា​ ការ​បញ្ចេញ​មតិ​ណាមួយ​ដែល​ប៉ះពាល់ទៅដល់​ រដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ របស់​រដ្ឋាភិបាលហ្នឹង​ គឺ​ជៀស​មិន​ផុត​អំពី​ ​ការ​ចាត់វិធានការ​ផ្លូវច្បាប់»។

នៅ​ពេល​ចូល​ដល់​ប្រទេស​ថៃ​ ស្រ្តី​ឈ្មោះ​ សំ សុខា​ ដែល​ជា​សកម្មជន​ការងារ​ ត្រូវ​បាន​សម្ភាសន៍​ដោយ​ ឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា​ UNCHR និង​ត្រូវ​បាន​ទទួលស្គាល់​ជា​ជន​ភៀស​ខ្លួន​ជា​ផ្លូវការ។ ក៏ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃបាន​ចាប់​បញ្ជូន​ ស្រ្តី​រូប​នេះ​ ទាំង​បង្ខំ។ នៅ​មុនការ​ចាប់​បញ្ជូន​ខ្លួន​ទាំង​បង្ខំ​នេះ​ អាជ្ញាធរ​ថៃ​បាន​ចោទ​ប្រកាន់​ ស្រ្តី​ឈ្មោះ​ សំ សុខា​ ពី​បទ​ ចូល​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន-ឃុំ​ខ្លួន​ របស់​លោក​ចៅក្រម​ អ៊ុក រ៉េតគន្ធា​ នៃ​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​ សំ​ សុខា កើត​ឆ្នាំ​ ១៩៧៩​ «ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​ និង​ពិន័យ​ជា​ប្រាក់​ប្រាំ​លាន​រៀល​ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ និង​ជេរ​ប្រមាថ»​ ប្រព្រឹត្ត​នៅ​ឃុំ រាម​ ស្រុក​ ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី១ ខែមេសា​ ឆ្នាំ​ ២០១៧៕

XS
SM
MD
LG