ចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារជាជំនួយសេដ្ឋកិច្ចអន្តរជាតិ នឹងត្រូវការចាំបាច់ ដើម្បីស្ដារផលប៉ះពាល់បណ្ដាលមកពីការបិទព្រំដែន ប្រតិបត្តិការយោធា និង ការមិនអភិវឌ្ឍនៅតំបន់ Gaza។ នេះបើយោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និង ការអភិវឌ្ឍ ហៅកាត់ថា UNCTAD។
របាយការណ៍ដែលទើបតែចេញផ្សាយកាលពីពេលថ្មីៗនេះ បានលើកឡើងថា៖ «ការដកការរឹតបន្តឹងនានានៅតំបន់ Gaza គឺជាលក្ខខណ្ឌចាំបាច់ដើម្បីការស្ដារឡើងវិញប្រកបដោយចីរភាពសម្រាប់តំបន់នេះ ប៉ុន្តែ ទោះជាយ៉ាងណា ការដកការរឹតបន្តឹងតែមួយមុខ មិនទាន់គ្រប់គ្រាន់នៅឡើយទេ»។
របាយការណ៍ដដែលបញ្ជាក់ថា៖ «ម្ចាស់ជំនួយ និង សហគមន៍អន្តរជាតិ ត្រូវតែពង្រីកការផ្ដល់ជំនួយសេដ្ឋកិច្ចសំខាន់ៗ ដើម្បីជួសជុលការខូចខាតដ៏ទូលំទូលាយដែលតំបន់ Gaza បានរងគ្រោះ ក្នុងអំឡុងពេលរឹតត្បិត និង បិទខ្ទប់អស់រយៈពេលជាយូរ និង ប្រតិបត្តិការយោធាជាច្រើនលើក ដែលទាំងអស់នេះបានបណ្ដាលឲ្យសេដ្ឋកិច្ចរាំងស្ទះ និង បំផ្លាញហេដ្ឋារចនាសម្ពន្ធនៅតំបន់នេះ»។
របាយការណ៍នេះបានកត់ត្រាលម្អិតអំពីស្ថានការសេដ្ឋកិច្ចរហូតមកដល់ចុងឆ្នាំ ២០២២ នៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានគ្រប់គ្រង ដោយអ៊ីស្រាអែល មុនពេលមានព្រឹត្តិការណ៍មហន្តរាយ បង្កឡើងដោយការវាយប្រហារជាបន្តបន្ទាប់បច្ចុប្បន្នចាប់តាំងពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។
លោក Richard Kozul-Wright នាយកផ្នែកសាកលភាវូបនីយកម្ម និង យុទ្ធសាស្ត្រអភិវឌ្ឍនៃ ទីភ្នាក់ងារ UNCTAD បានថ្លែងដូច្នេះថា៖ «វាជារឿងចាំបាច់ណាស់ដែលយើងត្រូវតែកំណត់អំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីវិបត្តិផ្នែកមនុស្សធម៌នាពេលបច្ចុប្បន្ន ដែលនឹងបន្តកើតមានទៀត នៅតំបន់ Gaza»។
លោកបន្តថា ការវាយតម្លៃទៅលើទំហំនៃភាពខូចខាតនៅតំបន់នេះ គឺជាកិច្ចការដ៏លំបាកមួយ។
លោក Kozul-Wright ថ្លែងដូច្នេះថា៖ «អ្វីៗនៅទីនោះ គឺជាអាគារ និង មន្ទីរពេទ្យ។ ដូច្នេះវាជាការពិបាកមួយក្នុងការវាយតម្លៃឲ្យបានត្រឹមត្រូវ រហូតដល់ការប្រយុទ្ធគ្នាបានបញ្ចប់។ ប៉ុន្តែ យើងអាចប៉ាន់ប្រមាណថា ទឹកប្រាក់ដែលត្រូវចំណាយគឺស្ថិតនៅក្នុងខ្ទង់ពាន់លានដុល្លារ ឬ រាប់សិបពាន់លានដុល្លារ»។
លោកបន្តថា៖ «ខ្ញុំគិតថា អ្វីដែលបានបញ្ជាក់នៅក្នុងរបាយការណ៍នេះ គឺជានិន្នាការគួរឲ្យបារម្ភមួយក្នុងកិច្ចការផ្ដល់ជំនួយសេដ្ឋកិច្ចទៅកាន់ដែនដីប៉ាឡេស្ទីន។ លើសពីនេះទៀត ដែនដីនេះបង្ហាញឲ្យឃើញពីការគ្មានលទ្ធភាពក្នុងការបង្កើតប្រាក់ចំណូលសារពើពន្ធដោយខ្លួនឯង ក្នុងវិធីឯករាជ្យមួយ»។
របាយការណ៍ដដែលបានបង្ហាញថា ការបិទខ្ទប់តំបន់ Gaza ដោយអ៊ីស្រាអែលអស់រយៈពេលជាច្រើនទសវត្សរ៍ បានធ្វើឲ្យខូចសេដ្ឋកិច្ចតំបន់នេះ ដែលបណ្ដាលឲ្យពលរដ្ឋ ៨០ ភាគរយ ត្រូវពឹងផ្អែកលើជំនួយអន្តរជាតិដើម្បីរស់។ របាយការណ៍លើកឡើងថា ពលរដ្ឋតំបន់ Gaza ជិតពាក់កណ្ដាលបានបាត់បង់ការងារ ខណៈដែលប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ បានធ្លាក់ចុះជិតដល់កម្រិតមួយទាបបំផុតគិតចាប់ពីឆ្នាំ ១៩៩៤ មក។
ក្រុមអ្នកស្រាវជ្រាវរបាយការណ៍នេះ បានកត់សម្គាល់ថា ដោយសារតែពីរភាគបីនៃសកម្មភាពពាណិជ្ជកម្មរបស់ដែនដី Gaza ធ្វើឡើងជាមួយអ៊ីស្រាអែល ហើយរូបិយប័ណ្ណ shekel របស់អ៊ីស្រាអែល គឺជារូបិយវត្ថុសម្រាប់ពាណិជ្ជកម្មនោះ ធ្វើឲ្យអ៊ីស្រាអែលមានឥទ្ធិពលខ្លាំងទៅលើការគ្រប់គ្រងគោលនយោបាយសារពើពន្ធរបស់ប៉ាឡេស្ទីន៕