ស្របពេលក្រុមអ្នកចរចាជំរុញឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាបណ្ដោះអាសន្នដែលនឹងផ្អាកសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza) មុនពេលខែតមអាហាររ៉ាម៉ាឌន (Ramadan) ដែលជាខែដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ិស្លាមចូលមកដល់នៅខែមីនាខាងមុខ អ្នកបោះឆ្នោតនៅរដ្ឋ Michigan សហរដ្ឋអាមេរិក បានបញ្ចេញកំហឹងលើការគាំទ្ររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden លើយុទ្ធនាការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៣០.០០០ នាក់។
គិតត្រឹមថ្ងៃពុធនេះ លទ្ធផលបានបង្ហាញថា អ្នកបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចំនួន ១៣% នៅក្នុងរដ្ឋ Michigan ដែលជារដ្ឋមានការប្រជែងខ្លាំងក្លានិងជារដ្ឋដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតអារ៉ាប់ជាច្រើន មិនបានបោះឆ្នោតឱ្យបេក្ខជនណាទាំងអស់ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ស្ដាប់រដ្ឋ Michigan (Listen to Michigan)» ដើម្បីដាក់សម្ពាធលើលោក Biden ឱ្យគាំទ្របទឈប់បាញ់អចិន្ត្រៃយ៍មួយនៅតំបន់ហ្កាហ្សា។
កាលពីថ្ងៃចន្ទ លោក Biden បាននិយាយថា លោកសង្ឃឹមថានៅត្រឹមថ្ងៃទី ៤ ខែមីនាខាងមុខ នឹងមានកិច្ចព្រមព្រៀងមួយលើបទឈប់បាញ់បណ្ដោះអាសន្ននៅតំបន់ហ្កាហ្សា និងមានការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលក្រុមហាម៉ាស់ (Hamas) បានចាប់ឃុំ។
នៅក្នុងការលើកឡើងដែលបានផ្សាយកាលពីថ្ងៃចន្ទនៅក្នុងកម្មវិធី «Late Night with Seth Meyers» របស់ទូរទស្សន៍ NBC លោក Biden បានបង្ហាញថា អ៊ីស្រាអែលបានយល់ព្រមផ្អាកការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សាសម្រាប់ខែតមអាហាររ៉ាម៉ាឌន ដែលត្រូវគេរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃទី ១០ ខែមីនាខាងមុខ។
ដំណោះស្រាយចំពោះរឿងនេះគឺសំខាន់សម្រាប់លោក Biden នៅក្នុងការបន្ធូរបន្ថយកំហឹងរបស់សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួនដែលរន្ធត់ដោយចំនួនមនុស្សស្លាប់នៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែ កាលពីថ្ងៃអង្គារ អ៊ីស្រាអែលនិងក្រុមហាម៉ាស់ ក៏ដូចជាអ្នកសម្របសម្រួលមកពីប្រទេសកាតាផងដែរ បានបង្ហាញការប្រយ័ត្នប្រយែងចំពោះសុទិដ្ឋិនិយមរបស់លោក Biden នេះ។
អ៊ីស្រាអែល ក្រុមហាម៉ាស់ និងក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា បាននិយាយបន្ថយចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលថាកិច្ចព្រមព្រៀងថ្មីអំពីបទឈប់បាញ់គ្នានិងការដោះលែងចំណាប់ខ្មាំងនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នេះអាចនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រទេសអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារតាមអាកាសសំដៅលើទីតាំងសព្វាវុធរបស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងនៃប្រទេសលីបង់ និងថាខ្លួនបានបាញ់ទម្លាក់រ៉ុក្កែតជាច្រើនគ្រាប់ដែលបាញ់ចេញពីលីបង់សំដៅមកអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរអំពីការវាយប្រហារតាមអាកាសថ្មីៗលើតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក៏ដូចជាប្រតិបត្តិការវាយប្រហារតាមផ្លូវគោកនៅក្នុងតំបន់នោះនិងនៅភាគខាងជើងតំបន់ហ្កាហ្សាផងដែរ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាបានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្សយ៉ាងតិច ៧៦ នាក់បន្ថែមទៀតត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែល។ មនុស្សយ៉ាងតិច ២៩.៩៥៤ នាក់ត្រូវបានសម្លាប់ និង ៧០.៣២៥ នាក់បានរងរបួសតាំងពីសង្គ្រាមនេះបានចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុនមក៕
អ្នកស្រី Dora Mekouar និងអ្នកស្រី Valdya Baraputri នៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
វេទិកាបញ្ចេញមតិ