ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ដាក់​លោក​មេបញ្ជាការ​កងទ័ព​យូហ្គូស្លាវី​ក្នុង​ពន្ធនាគារ​សម្រាប់​​ឧក្រិដ្ឋកម្ម​សង្រ្គាម


លោក​ Momcilo Perisic​ អតីត​មេបញ្ជាការ​កងទ័ព​យូហ្គូស្លាវី​ (នៅខាងស្តាំ) ដើរ​ចូល​បន្ទប់តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​​អង្គការ​សហប្រជាជាតិ​​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ហូឡង់​។ រូប​ថត​នៅ​ថ្ងៃ​ទី៦​ខែកញ្ញា ​ឆ្នាំ២០១១ ​នៅក្នុង​តុលាការ​ទីក្រុង​ឡាអេ​។
លោក​ Momcilo Perisic​ អតីត​មេបញ្ជាការ​កងទ័ព​យូហ្គូស្លាវី​ (នៅខាងស្តាំ) ដើរ​ចូល​បន្ទប់តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​​អង្គការ​សហប្រជាជាតិ​​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ហូឡង់​។ រូប​ថត​នៅ​ថ្ងៃ​ទី៦​ខែកញ្ញា ​ឆ្នាំ២០១១ ​នៅក្នុង​តុលាការ​ទីក្រុង​ឡាអេ​។

តុលាការ​ឧក្រិដ្ឋកម្ម​សង្រ្គាម​អង្គការ​សហប្រជាជាតិ​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ហូឡង់​ បាន​កាត់ទោស​លោក​ Momcilo Perisic​ ដែល​ជា​អតីត​មេបញ្ជាការ​កងទ័ព​យូហ្គូស្លាវី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ​ ចំពោះ​បទឧក្រិដ្ឋ​សង្រ្គាម​ក្នុង​អំឡុងពេល​សង្គ្រាម​ Balkan​ ក្នុង​ទសវត្ស​១៩៩០។​ បទឧក្រិដ្ឋ​នោះ​រួមមាន​ដូចជា​ការ​ផ្តល់​ជំនួយ​យោធា​ដ៏​សំខាន់​ទៅឲ្យ​កងកម្លាំង​ស៊ែប៊ី​ក្នុង​អំឡុង​ការ​កាប់​សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​បំផុត​ក្នុង​ទ្វីប​អឺរ៉ុប​ចាប់តាំងពី​សម័យសង្រ្គាម​លោក​លើក​ទី​ពីរ​មក​ម្ល៉េះ​ និង​ការ​វាយ​បំផ្លាញ​របាំង​ការពារ​ និង​លប​បាញ់​ប្រហារ​ នៅ​រដ្ឋធានី​សារ៉ាយ៉េវ៉ូ​នៃ​ប្រទេស​បូស្ន៊ី។

លោក​មេបញ្ជាការ​ Momcilo​ Perisic​ អាយុ​៦៧​ឆ្នាំ​ ហាក់ដូចជា​គ្មាន​ការ​ផ្លាស់ប្តូរ​ទឹកមុខ​អ្វី​ទេ​ ពេល​ដែល​តុលាការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ឡាអេ​បាន​ប្រកាស​ប្រាប់​លោក​ថា​ លោក​ប្រហែលជា​ត្រូវ​ជាប់គុក​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត​សម្រាប់​បទឧក្រិដ្ឋ​ដែល​លោក​បាន​ប្រព្រឹត្ត​នៅក្នុង​តំបន់​ Balkans។

អ្នក​សង្កេតការ​ដំណើរការ​កាត់ទោស​បាន​និយាយ​ថា​ ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ​ នៅ​ទីបំផុត​បាន​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​របស់​កងទ័ព​យ៉ូហ្គូស្លាវី​ចំពោះ​ពួក​ឧទ្ទាម​ស៊ែប៊ី​នៅក្នុង​ប្រទេស​បូស្ន៊ី​ និង​ប្រទេស​ក្រូអាស៊ី។

កិច្ច​ប្រឹងប្រែង​លើក​មុន​ៗ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​យូហ្គូស្លាវី​ដែល​ខ្ទេចខ្ទាំ​ និង​កងកម្លាំង​ទ័ព​ស៊ែប៊ី​ដែល​ប្រឆាំង​នឹង​ឯករាជ្យ​របស់​ពួក​សាធារណរដ្ឋ​មិន​លេចចេញ​ជា​រូបរាង​អ្វី​ទេ​ និង​បាន​បញ្ចប់​នៅពេល​ដែល​អតីត​ប្រធានាធិបតី​យូហ្គូស្លាវី​ Slobodan​ Milosevic​ ទទួល​មរណភាព​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ដ៏​តូច​របស់​គាត់​កាលពី​ឆ្នាំ​ ២០០៦។

តុលាការ​បាន​ចោទប្រកាន់​លោក​ Perisic​ ពី​បទឧក្រិដ្ឋ​ជាច្រើន​ ដូចជា​ការ​ព័ទ្ធ​វាយ​ប្រហារ​ ទីក្រុង​សារ៉ាយ៉េវ៉ូ​អស់​រយៈពេល​បី​ឆ្នាំ​កន្លះ​ ដែល​រួមមាន​ទាំង​ការ​បាញ់​ប្រហារ​របស់​អ្នក​លប​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ និង​ការ​វាយ​ប្រហារ​មិន​ឈប់ឈរ​ដោយ​កងកម្លាំង​ នៅ​ក្រោម​បញ្ជា​របស់​លោក។

លោក​ប្រធាន​ចៅក្រម​ Bakone​ Moloto​ បាន​ពន្យល់​ពី​ការ​ចោទប្រកាន់​ទោស​ចំពោះ​លោក​ Perisic​ យ៉ាង​ដូច្នេះ​ថា​៖

«សាលា​ដំបូង​របស់​តុលាការ​ក្នុង​មតិ​ភាគ​ច្រើន​ រក​ឃើញ​ថា​ នៅ​ក្រោម​មាត្រា​ទី​៧​នៃ​ច្បាប់​តុលាការ​ អ្នក​មាន​ទោស​ជា​អ្នក​ជួយ​ទំនុកបំរុង​ និង​ជំរុញ​អ្នកដទៃ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ដែល​ដូច​មាន​ការ​ចោទប្រកាន់​ដូចតទៅ​៖ ការ​ចោទប្រកាន់​ទី​មួយ គឺ​អំពើ​ឃាតកម្ម​ជា​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ​…អំពើ​ឃាតកម្ម​ជា​ការ​រំលោភ​ច្បាប់​សង្រ្គាម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ​…សកម្មភាព​អមនុស្សធម៌​មួយ​ចំនួន​ដូចជា​ការ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​សាមញ្ញ​រងរបួស​ជា​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ​…ការ​វាយប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ការ​រំលោភ​ទៅលើ​ច្បាប់​សង្រ្គាម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង​សារ៉ាយ៉េវ៉ូ​»។

ចៅក្រម​ក៏​បាន​រកឃើញ​ផងដែរ​ថា​លោក​ Perisic​ មាន​ទោស​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​កងកម្លាំង​បូស្នី​ស៊ែប៊ី​ ដែល​បាន​សម្លាប់​បុរស​ និង​កេ្មង​ប្រុស​កាន់​សាសនា​អ៊ីស្លាម​ចំនួន​៨​ពាន់​នាក់​ នៅ​ក្នុង​ទីក្រុង​ Srebrenica​ នៃ​ប្រទេស​បូស្ន៊ី។

ការ​សម្លាប់​រង្គាល​កាល​ពី​ឆ្នាំ​១៩៩៥​ គឺ​ជា​អំពើ​ឃោរឃៅ​សាហាវ​យង់ឃ្នង​បំផុត​នៅ​ក្នុង​ទី្វប​អឺរ៉ុប​ ចាប់តាំងពី​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ​មក។

ប៉ុន្តែ​ លោក​ចៅក្រម​ Moloto​ បាន​មាន​ប្រសាសន៍​ថា​ លោក​ Perisic​ មិនមាន​ទោស​ពាក់ព័ន្ធ​នឹង​ ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​របស់​លោក​លើ​ការ​សម្លាប់​រង្គាល​ក្នុង​តួនាទី​របស់​លោក​ជា​មន្រ្តី​ជាន់ខ្ពស់​របស់​មេដឹកនាំ​កងកម្លាំង​បូស្ន៊ី​ស៊ែប៊ី​ទេ។

«សាលា​ដំបូង​របស់​តុលាការ​រកឃើញ​ថា​ អ្នក​មិនមាន​ទោស​ចំពោះ​ការ​ចោទប្រកាន់​ដែល​ថា​អ្នក​ជា​មន្រ្តី​ជាន់ខ្ពស់​មួយ​រូប​ដែល​មិន​អាច​ការពារ​មិនឲ្យ​មាន​បទឧក្រិដ្ឋ​ដែល​ធ្វើឡើង​ដោយ​អ្នក​ក្រោម​បង្គាប់​ ឬ​មិន​អាច​ដាក់​ទារុណកម្ម​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ទាំងនោះ​ទេ»។

ជនជាប់ចោទ​ផ្សេងៗ​ទៀត​ក្នុង​សាលា​ដំបូង​នៃ​អង្គសវនាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ការ​សម្លាប់​ រង្គាល​នៅក្នុង​ទីក្រុង​ Srebrenica​ រួមមាន​ទាំង​អតីត​មេបញ្ជាការ​បូស្ន៊ី​ស៊ែប៊ី​លោក​ Ratko​ Mladic​ ផងដែរ។

តុលាការ​ក៏​បាន​រកឃើញ​ផងដែរ​ថា​លោក​ Perisic​ បាន​មើល​ការ​ខុសត្រូវ​ទៅលើ​ការ​បញ្ជូន​ជំនួយ​ផ្នែក​ភស្តុភារ​ និង​កងទ័ព​ទៅឲ្យ​ក្រុម​ជនជាតិ​ស៊ែប៊ី​ក្នុង​ប្រទេស​បូស្ន៊ី​ និង​ក្រូអាស៊ី​ ដែល​រួមមាន​ «ចំនួន​ទ័ព​ថ្មើរ​ជើង​ និង​គ្រាប់ផ្លោង​ សាំង​ គ្រឿង​បន្លាស់​ផ្សេងៗ​ និង​ជំនួយ​លើ​ការ​បណ្តុះបណ្តាល​ និង​បច្ចេកទេសយ៉ាង​ច្រើន»។

តុលាការ​បាន​ឲ្យដឹង​ថា​ ក្រៅពី​ប្រទេស​បូស្នី​ លោក​ Perisic​ បាន​បញ្ជា​កងកម្លាំង​ដែល​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​ទៅលើ​រដ្ឋធានី​សាគ្រែប​នៃ​ប្រទេស​ក្រូអាស៊ី​ កាល​ពី​ឆ្នាំ​១៩៩៥។

ប៉ុន្តែ​ នៅ​ក្នុង​របាយការណ៍​មួយ​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ស៊ែប៊ី​លោក​ Dragan​ Sutanovac​ បាន​ថ្កោលទោស​ចំពោះ​ការ​កាត់ទោស​នេះ​ ដោយ​បាន​មាន​ប្រសាសន៍​ថា​ ការ​កាត់ទោស​នេះ​ «ធ្ងន់ធ្ងរ​ពេក»​ ហើយ​វា​អាច​ «បើក​របួស​ចាស់​ឡើងវិញ​» នៅពេល​ដែល​ អតីត​ពួក​សាធារណរដ្ឋ​យូហ្គូស្លាវី​ «កំពុង​ព្យាយាម​ធ្វើការ​ដើម្បី​ផ្សះផ្សារ​» នោះ៕

ប្រែសម្រួល​ដោយ​ ភី​ សុភាដា

XS
SM
MD
LG