អ្នកតំណាងនានាដែលបានចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងបាងកកស្តីអំពីតម្លៃស្បៀងអាហារឡើងថ្លៃនៅទ្វីបអាស៊ី បានយល់ស្របគ្នាថា នឹងជៀសវាងការប្រើវិធានការរិតត្បឹតនានាដែលអាចនាំឲ្យមានវិបត្តិតម្លៃស្បៀងអាហារ។
អង្គការស្បៀងអាហារ និងកសិកម្មអ.ស.ប.ហៅកាត់ថា អង្គការFAOបាននាំអ្នកតំណាងប្រទេសអាស៊ីចំនួន១៩ ហើយនឹងប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផង មកជួបជុំគ្នាក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់តម្លៃម្ហូបអាហារដែលឡើងថ្លៃ។
អង្គការស្បៀងអាហារ និងកសិកម្មអ.ស.ប.និយាយថា ស្បៀងអាហារក្នុងពិភពលោកឡើងថ្លៃខ្ពស់បំផុតកាលពីខែកុម្ភៈ ហើយថា តម្លៃម្ហូបអាហារអាចនឹងឡើងថ្លៃថែមទៀត ដោយសារតម្លៃប្រេងឡើងថ្លៃ ដែលប៉ះពាល់ដល់តម្លៃដឹកជញ្ជូន។
អ្នកស្រី Ertharin Cousin ជាឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំនៅទីភ្នាក់ងារអ.ស.ប.នៅ ទីក្រុងរ៉ូម។ អ្នកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា អ្នកចូលរួមកិច្ចប្រជុំបានព្រមព្រៀងគ្នាថា នឹងមិនបណ្តោយឲ្យមានកំហុសដូចកាលពីអតីតកាល ដែលបណ្តាលឲ្យម្ហូបអាហារឡើងថ្លៃយ៉ាងខ្លាំងនិងឆាប់រហ័ស ដូចកាលពីពីរបីឆ្នាំមុខនោះទេ។
«យើងឃើញថា ការមូលមតិគ្នាក្នុងចំណោមអ្នកចូលរួមទាំងអស់បង្ហាញថា គេមានការយល់ដឹងអំពីមេរៀនក្នុងឆ្នាំ២០០៧ និងឆ្នាំ២០០៨ ជាពិសេសគោលនយោបាយដែលអាចធ្វើឲ្យស្ថានភាពទំនិញឡើងថ្លៃកាន់តែធ្ងន់ធ្ងរឡើង ដូចជានយោបាយហាមប្រាមការនាំទំនិញចេញ និងការស្តុកស្បឿងអាហារទុក។ មានការទទួលស្គាល់ថា ប្រតិកម្មបែបនេះមិនមែនជាសកម្មភាពដែលប្រទេសនានានឹងផ្តល់អនុសាសន៍ដើម្បីឲ្យមេដឹកនាំនយោបាយរបស់គេយកធ្វើជាវិធានការរយៈពេលខ្លី ទប់ស្កាត់តម្លៃអាហារឡើងថ្លៃនោះទេ»។
អ្នកស្រី Cousinនិយាយថា វិធានការរឹតបន្តឹងការនាំចេញ និងការទិញអាហារស្តុកដោយស្លន់ស្លោ កាលពីពីរបីឆ្នាំកន្លងទៅនេះគឺជាបុព្វហេតុស្ទើរតែទាំងស្រុងបណ្តាលឲ្យទំនិញឡើងថ្លៃខ្លាំង។ អំឡុងពេលនោះ តម្លៃអង្ករបានឡើងថ្លៃទ្វេក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះ។ នេះជាឧទាហរណ៍សំខាន់នៅអាស៊ី។
លោកHiroyuki Konuma អ្នកតំណាងអង្គការស្បៀងអាហារ និងកសិកម្មអ.ស.ប.ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និយាយថា ប្រទេសភូមាបានបញ្ជាក់ថា ថ្មីៗនេះ ខ្លួនបានហាមប្រាមការនាំអង្ករចេញ ប៉ុន្តែនិយាយថា នេះគ្រាន់តែជាវិធានការប្រុងប្រយ័ត្នជាមុនប៉ុណ្ណោះ ហើយនេះជាវិធានការដែលគេធ្វើជារៀងរាល់ឆ្នាំ មុនរដូវប្រមូលផលស្រូវ ហើយវាមិនទាក់ទងនឹងតម្លៃស្បៀងអាហារឡើងថ្លៃនោះទេ។
«មុនរដូវប្រមូលផល ជាធម្មតាមានកង្វះស្តុកស្បៀងអាហារ ហើយជាទូទៅអាហារតែងតែឡើងថ្លៃ។ ដូច្នេះ ជាធម្មតារដ្ឋាភិបាលព្យាយាមរក្សាទុកស្តុកស្បៀងអាហារឲ្យបានគ្រប់គ្រាន់ ហើយមិនលើកទឹកចិត្តការនាំស្បៀងអាហារចេញក្រៅប្រទេសទេ»។
បច្ចុប្បន្ននេះ នៅប្រទេសបង់ក្លាដែសតម្លៃអង្ករឡើង៣៣%លើសឆ្នាំទៅ ហើយនៅប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ីឡើងថ្លៃ២៣%។
ប៉ុន្តែប្រទេសថៃ និងប្រទេសវៀតណាម ដែលជាប្រទេសផលិតអង្ករធំជាងគេនៅក្នុងតំបន់នេះ កំពុងប្រមូលផលស្រូវ ដែលនាំឲ្យគេរំពឹងថា នឹងធ្វើឲ្យតម្លៃស្បៀងអាហារមានលំនឹងជាទូទៅ។
ទោះជាយ៉ាងណាក្តី អ្នកតំណាងនៅកិច្ចប្រជុំរបស់អ.ស.ប.ក៏បានព្រមព្រៀងគ្នាថា ប្រទេសនានាគួរតែបង្កើតបណ្តាញសុវត្ថិភាពដើម្បីជួយស្ត្រី កុមារ និងមនុស្សផ្សេងទៀតដែលងាយរងគ្រោះដោយសារស្បៀងអាហារឡើងថ្លៃ។
អ្នកតំណាងនៅកិច្ចប្រជុំនេះក៏បានប្តេជ្ញាផ្តល់ការគាំទ្រប្រសើរឡើងសម្រាប់ការវិនិយោគទុនក្នុងវិស័យកសិកម្ម ដែលអង្គការស្បៀងអាហារ និងកសិកម្ម និយាយថា បានធ្លាក់ចុះខ្លាំង។ វិស័យកសិកម្មគឺជាសមាសភាគសំខាន់សម្រាប់ជំនួយអភិវឌ្ឍន៍ និងថវិកាជាតិ។
Pushpanathan Sundram គឺជាអគ្គលេខាធិការរងនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។គាត់និយាយថា «បើលោកអ្នកពិតជាចង់បំពេញតាមតម្រូវការស្បៀងអាហារកើនឡើង ខ្ញុំគិតថា ជាចាំបាច់ យើងពិតជាត្រូវផ្តោតទៅលើការស្រាវជ្រាវ និងបច្ចេកវិជ្ជាកែច្នៃជាថ្មី។ ដូច្នេះខ្ញុំគិតថា ជាថ្មីម្តងទៀត ខាងផ្នែកឯកជនគឺជាគន្លឹះដើម្បីសម្រេចបាននូវគោលដៅដ៏សំខាន់នេះ»។
សន្និសីទនៅក្រុងបាងកកអំពីតម្លៃស្បៀងអាហារឡើងថ្លៃនេះគឺជាកិច្ចប្រជុំមួយនៃកិច្ចប្រជុំជាច្រើនក្នុងតំបន់ ដែលអង្គការស្បៀងអាហារ និងកសិកម្មមានផែនការជួយទប់ស្កាត់មិនឲ្យតម្លៃចំណីអាហារឡើងថ្លៃ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ