ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​បី​គ្រាប់​ចេញ​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន


ប្រជាជន​មើល​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​អំពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​០៥​ កញ្ញា ២០១៦។

ប្រទេស​ជប៉ុន​មាន​ការ​ខឹង​សម្បា​ជាមួយ​នឹង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន ៣ គ្រាប់ របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ។

គ្រាប់​មីស៊ីល​ទាំង​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​ខេត្ត Hwanghae ស្ថិត​នៅ​ឆ្នេរ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ អគ្គ​មេ​បញ្ជាការ​ជាន់​ខ្ពស់​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា គ្រាប់​មីស៊ីល​នោះ​គឺ​ជា​មីស៊ីល Rodong ដែល​អាច​បាញ់​បាន​ចម្ងាយ​ជា​មធ្យម ១ ពាន់​គីឡូម៉ែត្រ។

ក្រសួង​ការពារ​ជាតិ​ជប៉ុន​លើកឡើង​ថា គ្រាប់​មីស៊ីល​នោះ​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​នៅ​ក្នុង​តំបន់​នៃ​ដែន​សមុទ្រ​របស់​ប្រទេស​ជប៉ុន។

ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​កើត​ឡើង ស្រប​ពេល​ដែល​មេដឹកនាំ​ពិភពលោក​ទាំង​ឡាយ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល G ២០ រយៈពេល​ពីរ​ថ្ងៃ នៅ​ក្នុង​ទីក្រុង Hangzou ប្រទេស​ចិន។

ប្រធាន​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​មាន​ប្រសាសន៍​ថា៖ «ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ជា​សកម្មភាព​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចង់​បង្កហេតុ​មិន​ត្រឹមតែ​ជាមួយ​ប្រទេស​ជប៉ុន​ទេ ប៉ុន្តែ​ថែម​ទាំង​ជាមួយ​សហគមន៍​អន្តរជាតិ​ទៀត​ផង ដោយសារ​តែ​ពេល​វេលា​នៃ​ការ​បាញ់​នេះ​ស្រប​ពេល​ជាមួយ​នឹង​កិច្ច​ប្រជុំ​កំពូល G ២០ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង Hangzou ប្រទេស​ចិន‍»។

មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ G ២០ នោះ បាន​ថ្កោលទោស​សកម្មភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​បាន​ហៅ​ការ​បាញ់​គ្រាប់​មីស៊ីល​នេះ​ថា ជា​ការ​គំរាមកំហែង​ចំពោះ​យន្តហោះ ក៏​ដូចជា​នាវា ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​នោះ៕

XS
SM
MD
LG