ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ស្នើ​សុំ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់​គ្នា​ជា​អន្ត្រៃយ៍


រថ​ពាសដែក​​ដឹក​កងទ័ព​ខ្មែរ​ បើកឆ្លងកាត់ខេត្តកំពង់ធំ ដែល​មាន​​ចម្ងាយ​​ប្រហែល​​​​១៦៨​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ។
រថ​ពាសដែក​​ដឹក​កងទ័ព​ខ្មែរ​ បើកឆ្លងកាត់ខេត្តកំពង់ធំ ដែល​មាន​​ចម្ងាយ​​ប្រហែល​​​​១៦៨​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ។

ការិយាល័យអ.ស.ប.៖ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ និង​ថៃ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​កំពុង​កើត​មាន​ឡើង​នេះ​ ​ហើយ​ឲ្យ​មាន​បទ​ឈប់​បាញ់គ្នា​ជា​អចិន្ត្រៃយ៍។

ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ ​បាន​បញ្ឆេះ​ជម្លោះ​ដែល​មាន​រាប់​ទសវត្សរ៍​ និង​បាន​នាំ​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោចណាស់​១០​នាក់​ដែរ​ ​ក្នុង​ពេល​ប៉ះទង្គិច​រវាង​ទាហាន​របស់​ប្រទេស​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​២​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ​និង​ថៃ​បាន​ជួបគ្នា​យ៉ាង​សម្ងាត់​ជាមួយសមាជិក​ទាំង​១៥​របស់​ក្រុម​ប្រឹក្សា​នេះ​ ហើយ​និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​អង្គការតំបន់​ASEAN​នេះ។

បន្ទាប់​ពីជំនួប​នោះ​ ​ប្រធាន​ក្រុម​ប្រឹក្សា​សម្រាប់​ខែ​កុម្ភៈ​នេះ​គឺ​លោកស្រី​ Marai Luiza​ Ribeiro​ Viotti​ ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ប្រេស៊ីល​ ​បាន​អានសេចក្តី​ថ្លែង​ការណ៍​ ​ដែល​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ​អំពី​ការ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ជិត​ប្រាសាទ​ហិណ្ឌូរបស់​ខ្មែរ​គឺ​ប្រាសាទ​ព្រះវិហារ​ ​ដែល​មាន​អាយុ​ជាង​៩០០​ឆ្នាំ។

«សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​អំពាវនាវ​ឲ្យ​ភាគីទាំង​២​សម្តែង​នូវ​ការ​អត់ធ្មត់​ជា​អតិបរមា​ ​ហើយ​ឲ្យ​បញ្ចៀស​សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ជំរុញ​បន្ថែម​ទៀត​ឲ្យ​ភាគី​ទាំងពីរ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​ ​ហើយនិង​អនុវត្ត​បទ​ឈប់​បាញ់គ្នានេះ​ឲ្យ​បាន​ពេញ​លេញ​និង​ដោះស្រាយ​ស្ថានភាព​នេះ​ដោយ​សន្តិវិធី​ និង​តាម​រយៈ​ការ​សន្ទនា​ដ៏មាន​ប្រសិទ្ធិភាព។​ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​បាន​សម្តែង​ការ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​ ​ASEAN​ ​នៅ​ក្នុង​បញ្ហា​នេះ​ ​ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​នេះ​ក្នុង​បញ្ហា​នេះ»។

ថ្លែង​តាង​នាម​ឲ្យ​សមាគម​ ASEAN​ ​លោក​ Marty Natalagawa ​រដ្ឋមន្រ្តីក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​ ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ ​លោក​មាន​សុទិដ្ឋិ​និយម​កាន់​តែ​ច្រើន​ឡើង​អំពី​ស្ថាន​ការណ៍​នោះ​ បន្ទាប់​ពី​ជំនួប​របស់​អង្គការ​សហ​ប្រជាជាតិ។

«នៅ​ថ្ងៃនេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​របស់​ក្រុម​ប្រឹក្សា​ ​ខ្ញុំ​បាន​ឮ​យ៉ាង​ខ្លាំង​ ​ហើយ​យ៉ាងច្បាស់​នូវ​បំណង​ប្រាថ្នា​របស់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​ដែល​ពិត​ជា​ចង់​ឲ្យ​បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ ​តាមរយៈ​ការ​សន្ទនា​ ​និង​ការ​ចរចា​គ្នា​ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​ប្រទេស​ឥណ្ឌូណេ​ស៊ី​ ​ជា​ប្រធាន​ ASEAN​ ​បាន​បញ្ជាក់​ជា​ច្រើន​ដង​ ​និង​ជា​ច្រើន​លើក។ ​ហើយ​ក៏មាន​ការទទួល​ស្គាល់ដែរ​ថា​ ត្រូវតែ​មាន​ការ​ឈប់បាញ់​គ្នា​ ​ហើយថា​ ​ត្រូវតែ​មាន​ប្រភេទ​គំរូ​ខ្លះ​ ឬ​ប​ង្កើត​ប្រព័ន្ធ​ទាក់ទង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ​មាន​ការឈប់បាញ់​គ្នា»។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ASEAN ​នឹងពិភាក្សា​បញ្ហា​នេះ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​រដ្ឋធានី​ Jarkarta។

ភាគី​ទាំង​២​បាន​ស្តី​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ការ​ចាប់ផ្តើម​អរិភាព​នេះ។​ កម្ពុជា​ក៏​បាន​ចោទ​ប្រកាន់​ថា​ ​ប្រទេស​ថៃ​ប្រើប្រាស់​គ្រាប់មីន​ចង្កោម។

ការ​ចោទប្រកាន់​នេះ​បាន​ត្រូវ​លោក Kasit Piromya រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​ ​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

លោក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ ​មិន​មាន​ហេតុផល​ដែល​ថា​ ​ជម្លោះ​ព្រំដែន​គួរ​បន្ត​ទៀត​ទេ​ ​ក៏ប៉ុន្តែ​លោក​និយាយ​ទៀត​ថា​ ​ជម្លោះ​បែប​នេះ​ត្រូវការ​ពេល​វេលា​ ​និង​ឆន្ទៈ​នយោបាយ​ ​ទើប​ដោះស្រាយបាន។

ឧបនាយក​រដ្ឋមន្រ្តី​ ​និង​រដ្ឋន្រ្តី​ក្រសួង​ការ​បទេស​កម្ពុជា​ ​លោក ​ហោ​ ណាំហុង ​បាន​និយាយ​សង្កត់ធ្ងន់​ប្រាប់​ពួក​អ្នក​យក​ព័ត៌​មាន​អំពី​ការ​ប្រើប្រាស់​គ្រាប់​មីន​ចង្កោម​ ​ដោយ​លោក​មាន​ប្រសាសន៍​ថា​ ​អ្នក​ជំនាញការ​២​នាក់​បាន​កំណត់​ថា​ ​ភាគី​ថៃ​បាន​ប្រើប្រាស់​គ្រាប់​មីន​ចង្កោម។ ​លោក​ក៏​បាន​សម្តែង​នូវ​ការ​អាក់អន់​ចិត្ត​របស់លោក​ដែរ ពីព្រោះ​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​មាន​ផែនការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ ​ឬ​បេសកកម្ម​ស្វែងរក​ការណ៍​ពិត​នៅ​តំបន់​នោះ​ ​ដើម្បី​ធានា​ឲ្យមា​នការ​អនុវត្ត​បទឈប់​បាញ់​គ្នា​នេះ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG