អ.ស.ប. បាននិយាយថាជនស៊ីវិលជិត៥០នាក់ ដោយមានរួមបញ្ចូលទាំងកុមារផងដែរ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលលើអាគារពេទ្យនិងសាលារៀននៅក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទ។
បើតាមអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអ.ស.ប. បានគីមូន (Ban Ki-moon) ថាលោកបានមានប្រសាសន៍ថា «ការវាយប្រហារបែបនេះជាការរំលោភឥតលាក់លៀមលើច្បាប់អន្តរជាតិ»។
មន្ទីរពេទ្យមួយមានគ្រែ៣០ ចាត់ចែងកិច្ចការដោយអង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន ត្រូវបានបំផ្លាញកាលពីថ្ងៃច័ន្ទ ចំណែកឯអគារពេទ្យបីទៀតបានរងការខូចខាតនៅក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរី។ ក្រុមឧទ្ទាមប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល Assad និយាយអះអាងថា ទីតាំងទាំងនោះត្រូវបានយកធ្វើជាទីដៅនៃការវាយប្រហារតាមអាកាសដោយរបបគ្រប់គ្រង Assad។
អង្គការសប្បុរសធម៌នេះបាននិយាយថា ការវាយប្រហារលើមន្ទីរពេទ្យខ្លួនក្នុងក្រុង Maarat al-Numan នៅក្នុងខេត្ត Idlib បានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់។ក្រុមនេះដែលមានឈ្មោះតាមអក្សរកាត់ជាភាសាបារាំងថា MSF បានថ្លែងថាមន្ទីរពេទ្យនេះបានរងគ្រោះបួនដងនៅក្នុងការវាយប្រហារពីរលើក នាំឱ្យបុគ្គលិកយ៉ាងតិចណាស់៨នាក់បាត់ខ្លួន។
លោក Massimiliano Rebaudengo ប្រធានបេសកកម្មរបស់អង្គការ MSF បានមានប្រសាសន៍ថា «នេះហាក់ដូចជាការវាយប្រហារមានការគិតទុកជាមុនលើអគារសុខាភិបាលមួយ ហើយយើងថ្កោលទោសខ្លាំងបំផុតដល់ការវាយប្រហារនេះ»។
លោកបានថ្លែងទៀតថា «ការបំផ្លាញមន្ទីរពេទ្យនេះបាននាំឱ្យប្រជារាស្ត្រក្នុងមូលដ្ឋានប្រមាណ៤ម៉ឺននាក់គ្មានសេវាសុខភាពនៅក្នុងតំបន់មួយដែលមានសង្គ្រាម»។
ក្រុមបុគ្គលិកពេទ្យនិងអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថា មានមនុស្សយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់នៅក្នុងមណ្ឌលសម្រាលកូននិងព្យាបាលកុមារ ដែលបានរងគ្រោះដោយសារការវាយប្រហារដោយកាំជ្រួចមីស៊ីលនិងរ៉ុក្កែតនៅក្នុងក្រុងព្រំដែន Azaz៕