មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប.ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរវាងលោកកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនិងនារីកាត់សក់ម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២៥ខែមករានេះ។
ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានបដិសេដការទទូចនេះ ដោយលើកឡើងថា តុលាការកម្ពុជាកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងដោយឯករាជ្យ។
អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាល និងតុលាការកម្ពុជាចំណាយពេលយូរ ចំពោះដំណើរការសំណុំរឿងរបស់មន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប.។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ អ្នកស្រី រ៉ូណា ស្មីតថ្លែងក្នុងន័យដើមថា៖ «ការប្រើប្រាស់នូវបទបញ្ញត្តិព្រហ្មទណ្ឌ ជាលេសមួយដើម្បីបង្រ្កាប និងទប់ស្កាត់ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់ ក្នុងការសម្តែងមតិ និងដើម្បីបំបិទសំឡេងអ្នកការពារសិទ្ធិមនុស្សនោះ គឺមិនស្របនឹងមាត្រា១៩នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសកម្ពុជា បានចុះហត្ថលេខានោះទេ»។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកស្រី រ៉ូណា ស្មីតថ្លែងបន្តទៀតថា៖ «ក្នុងនាមជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កម្ពុជាមានកាតព្វកិច្ចក្នុងការគោរពសេរីភាពនៃការសម្តែងមតិ និងសិទ្ធិទទួលបានសវនាការប្រកបដោយភាពយុត្តិធម៌ ភ្លាមៗក្នុងរយៈពេលសមហេតុផលមួយ ឬដោះលែងដោយសមហេតុផល»។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានផ្ញើលិខិតរួមគ្នាមួយអំពាវនាវឲ្យរដ្ឋាភិបាលតាមដានលើករណីរបស់មន្រ្តីទាំង៥រូប។ ក៏ប៉ុន្តែមកទល់ពេលនេះ សំណើនេះមិនទាន់មានការឆ្លើយតបនៅឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់ VOA ថា ស្ថាប័នតុលាការគឺជាស្ថាប័នឯករាជ្យ ដែលគ្មានស្ថាប័នណាផ្សេងអាចបញ្ជាឲ្យដោះលែងជនជាប់ចោទណាមួយដែលកំពុងស្ថិតក្រោមនីតិវិធីរបស់តុលាការនោះទេ។
«រាជរដ្ឋាភិបាលគ្មានសមត្ថកិច្ចណាមួយទៅបង្ខំតុលាការឲ្យដោះអ្នកហ្នឹងឲ្យចេញពីពន្ធនាគារទេ ព្រោះអ្នកទាំងអស់ហ្នឹងស្ថិតក្រោមកាតព្វកិច្ចតុលាការ។ ចែងនៅក្នុងរដ្ឋធម្មនុញ មានតែនៅទីបញ្ចប់នៃដំណើរការយុត្តិធម៌ទេ ទើបនាយករដ្ឋមន្ត្រីដែលមានបុព្វសិទ្ធិក្នុងការស្នើសុំទៅព្រះករុណាដើម្បីដោះលែងបាន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ជំនួសឲ្យការចេញសេចក្តីថ្លែងការណ៍បែបនេះ ក្រុមមន្ត្រីសិទ្ធិមនុស្សគប្បីសិក្សាលម្អិតទៅលើទិដ្ឋភាពច្បាប់បញ្ជូនទៅតុលាការដើម្បីស្វែងរកគន្លឹះដោះបន្ទុក ឬការពារមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។
«ដំណើរការជារឿងធម្មតា បើគាត់មើលទៅលើច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិដែរ គឺគេមិនកំណត់ថា ដំណើរការត្រូវតែមានរយៈពេលប៉ុន្មានទេ សំខាន់គឺថា ការស៊ើបអង្កេតមានលក្ខណៈសព្វគ្រប់ មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការចោទប្រកាន់ និងសម្រេចសេចក្តីឬទេ។ ពីសំណុំរឿងមួយទៅសំណុំរឿងមួយ វាមានភាពខុសគ្នា ភាពស្មុគស្មាញ ការស៊ើបអង្កេត នីតិវិធីនៃការស្រាវជ្រាវ ក៏វាខុសគ្នាដែរ»។
លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប. និងមន្ត្រីសមាគមអាដហុកបួនរូបផ្សេងទៀត រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោកយី សុខសាន្ត និងលោកស្រី លឹម មុន្នីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងនាំទៅសាកសួរកាលពីចុងខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។
គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ អ្នកទាំង៥ត្រូវបានឃុំខ្លួនអស់រយៈពេលចំនួន២៧៣ថ្ងៃ ឬប្រហែល៩ខែ។
កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តីគ.ជ.ប. ដែលកំពុងជាប់ឃុំ បានដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំង សុំអន្តរាគមន៍ឲ្យមានការដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេ។ ពួកគេរំពឹងថា ស្ថាប័នទាំងពីរនឹងជួយអន្តរាគមន៍ឲ្យតុលាការទម្លាក់បទចោទលើឪពុកម្តាយ និងស្វាមីរបស់ពួកគេ។
ដូចគ្នានឹងអ្នកស្រី រ៉ូណា ស្មីតដែរ អ្នកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) យល់ថា មន្ត្រីយុត្តិធម៌ហាក់ចំណាយពេលយូរចំពោះនីតិវិធីច្បាប់ សូម្បីតុលាការមិនទាន់មានភ័ស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នៅឡើយ។
«ពួកគាត់មិនគួរត្រូវបានឃុំខ្លួន នៅពេលដែលតុលាការមិនអាចរកភ័ស្តុតាងគ្រប់គ្រាន់។ មកដល់ពេលនេះ សូម្បីតែដំណាក់កាលស៊ើបសួរក៏មិនទាន់ចប់ផង»។
អ្នកស្រីចក់ សុភាពថ្លែងប្រាប់ VOA ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហាក់មានស្តង់ដារច្រើន ពីករណីមួយទៅករណីមួយ។ អ្នកស្រីចក់ សុភាពពន្យល់បន្ថែម ដោយប្រៀបធៀបករណីមន្ត្រីទាំង៥នេះជាមួយនឹងករណីជនល្មើសវាយដំតំណាងរាស្ត្រ២រូបនៅមុខរដ្ឋសភា និងករណីឃាតកម្មបាញ់សម្លាប់លោកកែម ឡី អ្នកវិភាគសង្គម។ អ្នកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖
«បើយើងមើលពីនីតិវិធីនីមួយៗ ជាទូទៅ ករណីពាក់ព័ន្ធនឹងសកម្មជនសិទ្ធិមនុស្ស កម្រត្រូវបានតុលាការធ្វើការសម្រាលទោស ឬឲ្យគាត់នៅក្រៅឃុំ។ ប៉ុន្តែបើយើងមើលលើករណី ដូចជាវាយប្រហារលើតំណាងរាស្ត្រ យើងឃើញកាត់ទោសភ្លាមៗ ឯទោសទណ្ឌទៀតគឺស្រាលមែនទែន។ យើងមើលរូបភាពឃើញខុសគ្នាមែនទែន។ ប្រៀបធៀបករណីមួយទៀតគឺលោកកែម ឡី យើងឃើញថា ជាបទឧក្រិដ្ឋមួយដែលធ្ងន់ធ្ងរមែនទែន ប៉ុន្តែតុលាការធ្វើការលឿនមែនទែន ក្នុងការបិទដំណាក់កាលស៊ើបសួរនេះ»។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយ VOA កាលពីចុងឆ្នាំ២០១៦ អ្នកស្រី រ៉ូណា ស្មីត ( Rhona Smith) បានលើកឡើងថា តុលាការគួរតែបង្ហាញភ័ស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់ និងកំណត់ថា បុគ្គលនោះមានទោសទណ្ឌ ឬយ៉ាងណា។
លោកស្រី Rhona Smith បញ្ជាក់ពីការព្រួយបារម្ភផងដែរថា ការឃុំខ្លួនបុគ្គលទាំងរយៈពេលយូរពេកសម្រាប់នីតិវិធីតុលាការគឺជាបញ្ហា៕