ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

UNDP​ និយាយ​ថា​ប្រទេស​ Egypt ​បាន​ផ្តាច់​ចោល​ក្រុម​យុវជន​ពី​ដំណើរការ​នយោបាយ


កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ UNDP និយាយ​ថា ​ប្រទេស Egypt បានរារាំង​យុវជន​របស់​ខ្លួន​មិន​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ ការ​នយោបាយ​ ដូច្នេះ​បាន​ផ្តាច់​ចោល​មនុស្ស​មួយ​ចំនួន​ធំ​នៃ​ប្រជាពលរដ្ឋ។​ សេចក្ដី​រាយការណ៍​ប្រចាំឆ្នាំ​របស់ UNDP អំពី​ប្រទេស Egypt បាន​ធ្វើ​ឡើង ​ចំ​ពេល​ដែល​រដ្ឋាភិបាល​កំពុងប្រឈម​មុខ​នឹង​ការតវ៉ា​កាន់​តែច្រើន​ អំពី​មរណភាព​នៃ​ក្មេង​ជំទង់​ម្នាក់​ដែល​គេ​ចោទ​ថា​ ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​ប៉ូលិស​សម្ងាត់។

សេចក្ដី​រាយការណ៍​របស់​ អសប​ និយាយ​ថា​ រដ្ឋាភិបាល Egypt ឋិតនៅ​លើ​ផ្លូវ​បំបែក​មួយ ឬមួយ​បែរ​ទៅ​រក​ការ​បញ្ចូល​យុវជន​ក្នុង​ប្រព័ន្ធ​នយោបាយ​និង​សេដ្ឋកិច្ច​ ហើយដើរ​ទៅ​មុខ​ ឬមួយ​មិន​ផ្លាស់ប្ដូរ​មាគ៌ា​បច្ចុប្បន្ន​ ដែល​សង្កត់​សង្កិន​មក​លើ​យុវជន​ ហើយ​រុញច្រាន​ក្មេង​ជំនាន់​នោះ​ ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​មិន​រវីរវល់​ ឬក្នុង​លទ្ធិ​ជ្រុលនិយម។

ជម្រើស​នោះ ​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​រដ្ឋាភិបាល​ទេ​ ដែល​បាន​ជួយរៀបចំ​សរសេរ​សេចក្ដី​រាយការណ៍​ប្រចាំ​ឆ្នាំ ​ដែល​ផ្សព្វផ្សាយ​ក្នុង​សប្ដាហ៍​នេះ។ ​តែ​វា​កើត​ឡើង​ចំ​ពេលដែល​មាន​បាតុ​កម្ម​មួយ​ឈុត​ទៀត​ ដោយ​អាជ្ងាធរ​ប្រើ​ដៃធ្ងន់​លើក​នេះ​ទៅលើករណី​យុវជន ​ខាលីដ សាអ៊ិឌ​ អាយុ​ ២៨​ ឆ្នាំដែល​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​នៅ​ដើម​ខែ​នេះ​ ក្នុង​ទី​ក្រុង Alexandria ។

សេចក្ដីរាយការណ៍​របស់​រដ្ឋាភិបាល​បាន​សន្និដ្ឋាន​ថា ​សាអីឌ​ បាន​ស្លាប់​ដោយ​សារ​ព្យាយាម​លេប​កញ្ឆា​មួយ​កញ្ចប់​ធំ។​ តែ​រូប​ថត​បាន​បង្ហា​ញ​យុវជន​នេះ​មាន​មុខ​ជាំ​ខ្លាំង​នឹង​បាក់​ធ្មេញ ​ដែល​ជា​ភ័ស្ដុតាង​គាំទ្រដល់​ពាក្យ​សំដី​របស់សាក្សីនឹង​សមាជិក​គ្រួសា​រ​ដែលនិយាយ​ថា​ យុជន​នោះ​បាន​ត្រូវ​ប៉ូលិស​ វាយ​ដំ​រហូត​ដល់​ស្លាប់។

លោក Havez Abu Saada អគ្គ​លេខាធិការ​របស់​អង្គ​ការសិទ្ឋិ​មនុស្សប្រទេស Egypt និយាយថា ​ការណ៍​ដែល​មរណភាពរបស់​ សាអ៊ិឌ​ បាន​កើត​ឡើង​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​បុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​បានធ្វើពាក្យ​សច្ចា​ចុង​ក្រោយចំពោះ​អង្គការ​សិទ្ធិ​មនុស្ស​ប្រទេស Egypt នោះ ​បង្ហាញ​ថា​រឿងសិទ្ធិ​មនុស្ស​មិន​ឋិត​នៅក្នុង​របៀបវារៈរបស់​រដ្ឋាភិបាល​ទេ។​ លោក​ថ្លែង​បញ្ជាក់អំពី​ការ​រក​ឃើញ​របស់​អង្គការ UNDP ថា ​ ​បញ្ហា​ផ្តល់​ជំនួយ​ទៅ​ឱ្យ​ក្រុម​យុវជន​នៃ​ប្រទេស​ ដែល​ចំនួន​ ​១ភាគ​ ៤​ នៃ​ចំនួន​ប្រជាពលរដ្ឋ​ទូទៅ​មានអាយុ​រវាង១៨ដល់ ​២៩ ឆ្នាំ​នោះ ​មិន​មែន​មាន​កម្រឹត​ត្រឹមតែ​សិទ្ឋិនយោបាយ​និង​សិទ្ធិ​មនុស្ស​បុណ្ណោះ​ទេ។

“ការ​សិក្សា​អប់រំ​ ជា​បញ្ហា​ចំបង​មូយ​របស់​មនុស្ស​គ្រប់​រូប។​ ទោះបី​ជា​រដ្ឋាភិបាល បាន​និយាយ​អំពី​ការ​អប់រំ​ ថា​ជា​មាគ៌ា​នាំ​ឲ្យ​មាន​ការ​ចំរើនលូតលាស់​ដល់​ប្រទេស Egypt និង​ជា​មធ្យោបាយ​មូយ​សំរាប់​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ពិតប្រាកដ​ក្នុង​ប្រទេស Egypt នោះ​ក៏​ដោយ ​ក៏គេ​មិន​មាន​យុទ្ឋសាស្ដ្រ​ ដើម្បី​ផ្លាស់ប្ដូរ​កម្មវិធី​អប់រំនោះ​ឡើយ”។

សេចក្ដីរាយការណ៍​នោះ​ បាន​រក​ឃើញ​បរាជ័យ​ ជាប្រព័ន្ធ​នៅ​ក្នុង​ការ​អប់រំ​និង​ប្រព័ន្ធ​ហ្វឹកហ្វឺន។​ សេចក្ដី​រាយការណ៍​នេះ​បាន​រក​ឃើញ​ដែរ​ថា ​មាន​ការ​មិន​លូត​លាស់​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ​បូក​រួម​នឹង​អត្រា​ខ្ពស់​នៃ​មនុស្ស​គ្មាន​ការងារ​ធ្វើ។​ មនុស្ស​ប្រមាណ ​១០% នៃ​កម្លាំង​ពល​កម្ម ​មិន​មាន​ការងារ​ធ្វើ​ ហើយ​ ៩០% នៃ​ជន​គ្មាន​ការងារ​ធ្វើ​ ឋិត​នៅ​ក្រោម​អាយុ ​៣០​ ឆ្នាំដែល​មិន​អាច​រក​ការងារ​ធ្វើបាន។ ដូច្នេះ​ហើយ​ រឿង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​រឹត​តែ​ច្រើន​ដល់​យុវជន ​ក្នុង​ការ​សន្សំ​លុយ​ដើម្បីរៀប​អាពាហ៍ពិពាហ៍​ ហើយ​កត្ដា​ទំាង​អស់​នោះ​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​អ្វី​ដែល​អង្គការ UNDP ហៅ​ថា “សេចក្ដី​អស់​សង្ឃឹម​នៃសង្គម​” ដែល​ធ្វើឲ្យយុវជន​ជា​ទិស​ដៅ​ងាយស្រួល​នៃការ​ឆ្លៀត​យក​ចំណេញ​ពី​ក្រុម​និយមជ្រុល។

នៅពេល​ថ្មី​នេះ ​រដ្ឋាភិបាល​បាន​រៀបចំធ្វើ​គម្រោងការ​ធំៗ​ជា​ច្រើន​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ សង្គម​ នឹង​ស្ថានភាពអប់រំ​នៅ​តំបន់​ជនបទរាប់​ទាំង​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ភូមិ​ចំនួន​ប្រមាណ​ ១​ពាន់។

តែ​សេចក្ដី​រាយការណ៍​របស់​អ.ស.ប. សម្រេច​ថា​ អ្វី​ដែល​ត្រូវ​ការ​ចាំបាច់​គឺ​ ការ​កែ​ទម្រង់​ទិស​ដៅរបស់​រដ្ឋាភិបាល ​និង​សង្គម​ស៊ីវិល។ ​សេចក្ដី​រាយការណ៍​នេះ​អំពាវនាវ​ឲ្យ​បង្កើត​“គំរូ​ថ្មី”​ ដែល​ដាក់​យុវជន​ឲ្យ​ចូលរួម​ក្នុង​ការ​រៀបចំ​ផែន​ការ​ជាតិ​ ហើយ​នឹ​ង​ដោះ​ស្រាយ​បរាជ័យ​ក្នុង​ប្រព័ន្ឋ​អប់រំ ​ ​ហើយ​ភាព​ក្រីក្រ​និងប្រភព​មូលហេតុរបស់​វាត្រូវ​យក​ទៅ​ដោះ​ស្រាយ។

ដោយមាន​កម្លាំង​សន្ដិសុខ​វាយ​បំបែក​ការ​តវ៉ា​បន្ដិច​បន្ដួច​អំពី​រឿង​ទាំង​នោះ ​គេ​មិន​ដឹង​ច្បាស់​ថា ​តើរ​ដ្ឋាភិបាល​នឹង​យក​ចិត្ដ​ទុក​ដាក់​ច្រើន​ដល់​កម្រិត​ណា ចំពោះ​អនុសាសន៍​ដែល​អង្គការ UNDP បាន​ស្នើ​ឡើងនោះ​ទេ។

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក

XS
SM
MD
LG