បើតាមលោក Jan Eliasson អគ្គលេខាធិការរងអ.ស.ប.ថា អ.ស.ប.មានការពេញចិត្តនឹងកិច្ចខិតខំប្រឹងប្រែងសកល ដែលកំពុងមានធ្វើដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលហៅកាត់ថា SDGs ដែលប្រទេសនានាក្នុងពិភពលោកបានសន្យាថានឹងអនុវត្តដើម្បីឱ្យជីវភាពពលរដ្ឋរបស់ពួកគេល្អប្រសើរជាងមុន។
កាលពីខែកញ្ញា ក្រុមមេដឹកនាំពិភពលោក១៩០នាក់បានប្តេជ្ញាថា នឹងបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧ ដើម្បីបញ្ចប់ភាពក្រីក្រខ្លាំង ដោះស្រាយបញ្ហាប្រែប្រួលធាតុអាកាស និងប្រយុទ្ធប្រឆាំងនឹងភាពមិនស្មើគ្នានិងអំពើអយុត្តិធម៌ នៅក្នុងការខិតខំប្រឹងប្រែងធ្វើឱ្យមានពិភពលោកមួយ ដែលមានមានភាពស្មើគ្នា មានភាពសំបូររុងរឿងជាងមុន និងប្រកបដោយចីរភាពផងដែរ។
គោលដៅ SDGs មានគោលបំណងបង្កើនសកម្មភាពក្នុងរយៈពេល១៥ឆ្នាំខាងមុខនៅក្នុងផ្នែកមានសារៈសំខាន់ខ្លាំង។
នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA លោក Eliasson បានសម្តែង សុទិដ្ឋិនិយមអំពីគោលដៅ SDGs ត្រូវបានអនុវត្តបែបណាឱ្យក្លាយទៅជាភាពពិតជាក់ស្តែង យុទ្ធសាស្ត្រ និងផែនការ។
លោក Eliasson បានមានប្រសាសន៍ថា «ក្រុមប្រទេសនានាចាប់ផ្តើមអនុវត្តរួចស្រេចហើយនូវ SDGs តាមកម្រិតជាតិ។ នេះជាឆ្នាំទីមួយ នេះជាខែទីពីរយើងមានប្រទេសជាតិជិត២៥ដែលចង់និយាយប្រាប់យើងអំពីអ្វីដែលពួកគេបានធ្វើរួចស្រេចហើយ នៅក្នុងរដូវក្តៅខាងមុខនេះ នៅពេលយើងមានការប្រជុំធំមួយអំពីការអនុវត្ត SDGs»៕