ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​អ.ស.ប៖ កូរ៉េខាងជើង​ត្រូវ​ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ


មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ពេលទៅ​ពិនិត្យ​មើល​កងពលលេខ ១៣៤៤ របស់​យោធា​កូរ៉េខាងជើង ក្នុង​រូបថត​មិនមាន​ផ្តល់​កាលបរិច្ឆេទ​មួយ បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ KCNA ក្នុង​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ពេលទៅ​ពិនិត្យ​មើល​កងពលលេខ ១៣៤៤ របស់​យោធា​កូរ៉េខាងជើង ក្នុង​រូបថត​មិនមាន​ផ្តល់​កាលបរិច្ឆេទ​មួយ បញ្ចេញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ KCNA ក្នុង​ក្រុង​ព្យុងយ៉ាង កាល​ពី​ថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ក្រុម​អ្នក​ជំនាញ​អ.ស.ប​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​សាលាក្តី​​អន្តរជាតិ​មួយ​ សម្រាប់​ដោះស្រាយ​ឧក្រិដ្ឋកម្ម​​​ជាក់លាក់​មួយ ដែល​អាច​ដើរ​តួ​បញ្ជៀស​ឧក្រិដ្ឋកម្ម​ដូចគ្នា​នេះ​នៅ​ពេល​អនាគត។

ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​មួយ ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​នាំ​យក​រដ្ឋាភិបាល​កូរ៉េខាងជើង​មក​កាត់ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ចំពោះ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ផងដែរ។

ក្រុម​អ្នក​ជំនាញ​ទទួលស្គាល់​ថា រដ្ឋាភិបាល​កូរ៉េខាងជើង​មិនបាន​ធ្វើ​អ្វី​ទាល់តែ​សោះ​ដើម្បី​បញ្ឈប់​ការ​រំលោភបំពានសិទ្ធិ​មនុស្ស​ ដែល​មាន​ពាសពេញ​ប្រទេស​និង​ជា​ប្រព័ន្ធ​ ទៅ​លើ​ពលរដ្ឋ​ខ្លួន​ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក​នេះ។ គណៈកម្មាធិការ​ស៊ើបអង្កេត​មួយ​បាន​ចុះ​ផ្សាយរបាយការណ៍ ដែល​បាន​កត់ត្រា​ទុក​នូវ​ករណី​រំលោភបំពាន​សិទ្ធិ​យ៉ាង​អាក្រក់​ក្នុង​ប្រទេស​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

អ្នកជំនាញ​ផ្នែក​ច្បាប់​ជនជាតិ​បង់ក្លាដែស​ អ្នកស្រី Sara Hossain និយាយ​ថា ​រដ្ឋាភិបាល​ផ្ទាល់មាន​តូនាទី​ចម្បង​ក្នុង​ការ​នាំ​យក​ជនល្មើស​ ដែល​ប្រព្រឹត្ត​ការ​រំលោភបំពាន​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ ឲ្យ​មក​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់។ អ្នកស្រី​បន្ថែម​ថា ប៉ុន្តែ​ការណ៍​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។ ហើយ​ ដោយសារ​តែ​ការ​ខ្វះខាត​ប្រព័ន្ធ​តុលាការ​ ដែល​ឯករាជ្យ​និង​មិន​លម្អៀង អ្នកស្រី​លើកឡើង​ថា មាគ៌ា​ដោះស្រាយ​តែ​មួយ​គត់​នោះ​គឺ ស្វែងរក​យុត្តិធម៌​នៅ​តាម​ឆាក​អន្តរជាតិ។

«ក្នុង​កាលៈទេសៈ​ដូចនេះ យើង​សូម​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្តតាមដាន​និងពិនិត្យមើល​ស្ថានភាព​នៅ​សាធារណរដ្ឋប្រជាមានិត​កូរ៉េ​ ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ដោយ​ផ្អែក​លើ​ចំនួន​ដ៏ធំ​នៃ​បទឧក្រិដ្ឋ​និង​អ្នក​ប្រព្រឹត្តអំពើ​រំលោភបំពាន​សិទ្ធិមនុស្ស យើង​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ចាត់ឡើង​នូវ​ដំណើរការ​ចោទប្រកាន់​បទឧក្រិដ្ឋ​ដទៃ​ទៀត​ផងដែរ។ ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​កាត់ទោស​ឧក្រិដ្ឋជន​នៅ​ពេល​អនាគត​ត្រូវ​តែ​ធ្វើ​ឡើង​ចាប់​ពី​ពេល​នេះ​ត​ទៅ»។

ក្រុម​អ្នក​ជំនាញ​អ.ស.ប​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​សាលាក្តីអន្តរជាតិ​មួយ​ សម្រាប់​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ជាក់លាក់​មួយ ដែល​អាច​ដើរ​តួ​បញ្ជៀស​ឧក្រិដ្ឋកម្ម​ដូចគ្នា​នេះ​នៅ​ពេល​អនាគត។

អ្នកស៊ើបអង្កេត​ពិសេស​លើ​កូរ៉េខាងជើង លោក Tomas Ojea Quintana និយាយ​ថា លោក​ព្រួយបារម្ភ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នោះ​កំពុង​តែ​រងការបិទបាំង​ពី​លើ​ដោយសារ​ការ​កើនឡើង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ។

«ការ​ផ្តោត​ទៅ​លើ​ការ​វិវត្ត​នានា​ក្នុង​វិស័យនយោបាយ​និង​យោធា​មិន​គួរ​បិទបាំង​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ពី​ភ្នែក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នោះ​ទេ... ហើយ​ក៏​មិនមាន​ដំណោះស្រាយ​ឆាប់រហ័ស​ណាមួយ​ដើម្បី​ដោះស្រាយ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ នៅ​ក្នុង​ទំហំ​និង​សណ្ឋាន​ ដែល​ត្រូវ​បាន​រាយការណ៍​ឡើង​តាំង​ពី​យូរយារមក​ហើយ​ពី​ប្រទេស​កូរ៉េខាងជើងនោះដែរ​»។

​លោក Quintana ក៏​បាន​សម្តែង​ក្តីបារម្ភ​ផងដែរ​អំពី​ស្ថានភាព​អ្នកទោស​នយោបាយ​រហូតដល់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ក្នុង​ជំរុំ​គុក​ចំនួនបួន ដែល​កំពុង​ប្រឈម​នឹង​ការ​ធ្វើទារុណកម្ម ពលកម្មដោយ​បង្ខំ និង​ការ​កាត់ទោស​ប្រហារជីវិត​តែ​ម្តង​ពេល​កំពុង​ជាប់​ឃុំឃាំង៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG