ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.បរិះគន់​អាមេរិកក្នុងការ​ដែល​ចាប់ផ្តើម​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ឡើង​វិញ


រូបឯកសារ៖ បន្ទប់ចាក់ថ្នាំសម្លាប់អ្នកទោស Holman Correctional Facility នៅក្រុង Atmore ក្នុងរដ្ឋ Alabama កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០២។
រូបឯកសារ៖ បន្ទប់ចាក់ថ្នាំសម្លាប់អ្នកទោស Holman Correctional Facility នៅក្រុង Atmore ក្នុងរដ្ឋ Alabama កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០២។

អង្គការ​សហ​ប្រជាជាតិ រាយការណ៍​ថា ១៧០​ប្រទេស​នៃ​ប្រទេស​ចំនួន​ ១៩០​ ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ បាន​លុបបំបាត់​ចោល​ទោស​ប្រហារ​ជីវិតទាំងក្នុង​ច្បាប់ និង​ទាំង​ក្នុង​ការអនុវត្ត។

ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​រិះគន់​ដល់​ការសម្រេច​របស់​រដ្ឋបាល​លោក Trump ក្នុងការ​ចាប់ផ្តើម​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ឡើង​វិញ ក្រោយពី​បាន​បញ្ឈប់​អស់​រយៈពេល​១៦​ឆ្នាំ​មក ដោយ​និយាយ​ថា វា​ជា​ការរំខាន​ដល់​និន្នាការ​ជាតិ និង​អន្តរជាតិ​ក្នុង​ការលុបបំបាត់​ចោល​ទោស​ប្រហារ​ជីវិត។

ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យដឹង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ក្នុងការ​ចាប់ផ្តើម​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ឡើង​វិញ ជា​ការប្រឆាំង​នឹង​សិទ្ធិ​មូលដ្ឋាន​បំផុត​នៃ​សិទ្ធិ​មនុស្ស នោះ​គឺ​សិទ្ធិ​ក្នុងការ​មាន​ជីវិត​រស់នៅ។ ការិយាល័យ​នេះ ក៏បាន​ឲ្យ​ដឹង​ផងដែរ​ថា ការសម្រេច​នេះ បាន​បន្ទុច​បង្អាក់​ដល់​ដំណើរការ​លុបបំបាត់​ចោល​ទោស​ប្រហារ​ជីវិត​ទូទាំង​សាកលលោក។

អង្គការ​សហ​ប្រជាជាតិ រាយការណ៍​ថា ១៧០​ប្រទេស​នៃ​ប្រទេស​ចំនួន​ ១៩០​ ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ បាន​លុបបំបាត់​ចោល​ទោស​ប្រហារ​ជីវិតទាំងក្នុង​ច្បាប់ និង​ទាំង​ក្នុង​ការអនុវត្ត។

លោក Rupert Colville អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​ថា ការប្រហារ​ជីវិត​មនុស្ស គឺ​ជា​អំពើ​ខុសឆ្គង​តាម​ហេតុផល​ជាច្រើន។ លោក​ថ្លែង​ទៀត​ថា ការព្រួយ​បារម្ភ​ខ្លាំង​បំផុត គឺ​អាច​មាន​ការកាត់ទោស​ប្រហារ​ជីវិត​មនុស្ស​ដែល​គ្មាន​ទោស​ចំពោះ​បទឧក្រិដ្ឋ​ដែល​គេ​ត្រូវបាន​ចោទ​ប្រកាន់។ លោក​ថ្លែង​ថា របាយការណ៍​នៅក្នុង​សហរដ្ឋ​អាមេរិក ដែល​ផ្អែក​ទៅលើ​ភស្តុតាង​តាម​រយៈ DNA បាន​បង្ហាញ​ថា រដ្ឋ​ខ្លះ បាន​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​ដែល​គ្មាន​ទោស​កំហុស។

លោក Rupert Colville ថ្លែង​ថា៖

«វា​ក៏​គ្មាន​ភស្តុតាង​ពិត​ប្រាកដ​ណា​មួយ​ដែរ ដែល​បង្ហាញ​ថា ទោស​ប្រហារ​ជីវិត​ បាន​រារាំង​មនុស្ស​មិន​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ទេ ដែល​នោះ​ជា​ហេតុផល​ ដែល​ជាញឹកញាប់​ត្រូវ​បាន​គេ លើក​យក​មក​ធ្វើ​ជា​មូលហេតុ​ដែល​គេ​អនុវត្ត​ទោស​ប្រហារ​ជីវិត។ ហើយ​ក៏​មាន​ការព្រួយ​បារម្ភ​ជាច្រើន​ផងដែរ ជាពិសេស នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​អនុវត្ត​ការកាត់ទោស​នេះ ដោយ​ភាពរើសអើង ជាពិសេស​ទៅ​លើ​អ្នក​ដែល​មាន​ប្រវត្តិ​ក្រីក្រ និង​មាន​កំណើត​ពី​ជនជាតិ​ភាគតិច»។

កាលពី​សប្តាហ៍​មុន លោក William Barr រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ​ឡើង​វិញ។ លោក William Barr ថ្លែង​ថា ការប្រហារ​ជីវិត​អ្នកទោស​៥នាក់​ដំបូង ដែល​ស្ថិត​នៅក្នុង​បញ្ជី​ទោស​ប្រហារ​ជីវិត និង​ចាប់ផ្តើម​នៅ​ខែធ្នូខាងមុខ​នេះ ហើយ​អ្នក​ទោស​ផ្សេង​ទៀតនឹង​ត្រូវ​កំណត់​ពេល​ប្រហារ​ជីវិត​នៅ​ពេល​ក្រោយ​ទៀត។

ក្នុង​ពេល​បច្ចុប្បន្ននេះ មាន​អ្នកទោស​៦០នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ទោស​ប្រហារ​ជីវិត​ថ្នាក់​សហព័ន្ធ នៅក្នុង​សហរដ្ឋ​អាមេរិក។ ការស្ទង់មតិ​នា​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញ​ថា ពលរដ្ឋ​អាមេរិកាំង ៥៦ ភាគរយ គាំទ្រ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត ដែល​នេះ ជា​ចំនួន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ពី ៨០ ភាគរយ កាលពី​ពាក់​កណ្តាល​ទសវត្សរ៍ ១៩៩០។

លោក Rupert Colville ថ្លែង​ថា ការសម្រេច​របស់​លោក William Barr គឺ​ប្រឆាំង​ទៅ​នឹង​និន្នាការ​ក្នុង​សហរដ្ឋ​អាមេរិក និង​អន្តរជាតិ។ លោក​បាន​កត់សម្គាល់​ថា រដ្ឋ​ចំនួន ២១ ក្នុង​សហរដ្ឋ​អាមេរិក បាន​លុប​បំបាត់​ចោល​ទាំងស្រុង​នូវ​ទោស​ប្រហារ​ជីវិត ហើយ​រដ្ឋ​ចំនួន​៤​ទៀត បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត ដែល​ការ​នេះ ធ្វើ​ឲ្យ​រដ្ឋ​ដែល​គ្មាន​ទោស​ប្រហារ​ជីវិត និង​រដ្ឋ​មាន​ទោស​ប្រហារ​ជីវិត មាន​ចំនួន​ស្មើ​គ្នា៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

វីដេអូថ្មីៗបំផុត

XS
SM
MD
LG