អ្នកវិទ្យាសាស្រ្តជាងមួយរយនាក់មកពីគណៈកម្មការអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិកំពុងជួបប្រជុំគ្នាក្នុងទីក្រុងGold Coastនៃប្រទេសអូស្រ្តាលី ដើម្បីបញ្ចប់សេចក្តីរាយការណ៍ពិសេសស្តីពីព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ។ អង្គការវិទ្យាសាស្រ្តដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិកំពុងព្រមានថាផែនដីកំពុងទទួលរងកាន់តែខ្លាំងឡើងដោយសារអាកាសធាតុកាន់តែសាហាវឡើងរួមមានខ្យល់ព្យុះតំបន់ត្រូពិក ទឹកជំនន់ហើយនឹងការឆេះព្រៃ ប្រសិនបើការផ្លាស់ប្តូរអាកាសធាតុមិនត្រូវបានដោះស្រាយទេ។
គណៈកម្មការរបស់អង្គការសហប្រជាជាតិជឿជាក់ថាព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដូចជាកាន់តែអាក្រក់ទៅៗដោយសារការផ្លាស់ប្តូរអាកាសធាតុ។ គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុរបស់អង្គការសហប្រជាជាតិហៅកាត់ថា (IPCC)ប្រាប់ឲ្យដឹងថាមានឱកាសច្រើនដែលថាសីតុណ្ហភាពឡើងក្តៅ នឹងនាំឲ្យមានព្យុះកម្តៅ ការរាំងស្ងួត ទឹកជំនន់ហើយនឹងខ្យល់ព្យុះយ៉ាងខ្លាំង។
ពួកអ្នកជំនាញការ ត្រូវតែផ្តល់ព័ត៌មានថ្មីៗថាតើការផ្លាស់ប្តូរអាកាសមានឥទ្ធិពលលើព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរកាលពីពេលថ្មីៗនេះយ៉ាងដូចម្តេច។
ឆ្នាំនេះ ប្រទេសអូស្រ្តាលី ជួបប្រទះនិងមហន្តរាយដោយមានទឹកជំនន់យ៉ាងខ្លាំងក្នុងផ្នែកភាគច្រើននៃរដ្ឋ Queensland និងផ្នែកដ៏ធំមួយចំនួននៃរដ្ឋ Victoria ភាគខាងត្បូង។ កាលពីខែកុម្ភៈខ្យល់ព្យុះស៊ីក្លូនយ៉ាស៊ីជាប្រភេទខ្យល់ព្យុះកម្រិត5បានធ្វើឲ្យខូចខាតសហគមន៏ឆ្នេរសមុទ្រភាគឥសាន្តប្រទេសអូស្រ្តាលី។
ថ្លែងពីទីក្រុង Gold Coastនៃប្រទេសអូស្រ្តាលី បណ្ឌិត Rajendra Pachuari ប្រធានអង្គការIPCCបាននិយាយថាផ្នែកភាគច្រើនរបស់ពិភពលោកមិនបានប្រុងប្រៀបសម្រាប់ស្ថានភាពដែលមិនអាចទស្សន៍ទាយបានកាន់តែច្រើនឡើងដែលទំនងជាបានកើតមានឡើងដោយសារការផ្លាស់ប្តូរអាកាសធាតុ។
«យើងដឹងយ៉ាងពិតប្រាកដថាព្រឹត្តិការណ៍នានាដែលយើងបានឃើញកាលពីពេលថ្មីៗនេះទំនងជាមានកាន់តែច្រើនឡើងហើយកាន់តែអាក្រក់ទៅៗ។ ពិភពលោកត្រូវតែដឹងអំពីអ្វីដែលកំពុងកើតមានឡើងដើម្បីឲ្យយើងអាចផ្លាស់ប្តូរព្រឹត្តិការណ៍តាម។ យើងប្រហែលអាចវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រព័ន្ធដែលសង្គមនិងសហគមនានាអាចសម្រុះសម្រួលដល់ព្រឹត្តិការណ៍ទាំងនោះដែលបានកើតមានជារឿយៗនិងមានច្រើនបំផុត»។
គណៈប្រតិភូនៅសន្និសិទកំពូលក្នុងទីក្រុង Gold Coast នឹងជួយបញ្ចប់សេចក្តីរាយការណ៍ជាប្រវត្តិ សាស្រ្តដែលគេហៅថា«ការរៀបចំចាត់ចែងភាពប្រថុយប្រថាននៃព្រឹត្តិការផ្លាស់ប្តូរអាកាសធាតុហើយនឹងគ្រោះមហន្តរាយដើម្បីធ្វើឲ្យជឿនលឿនដល់ការប្រែប្រួលតាមការផ្លាស់ប្តូរអាកាសធាតុដែលគេគ្រោងនឹងចេញផ្សាយនៅចុងឆ្នាំនេះ។
គោលបំណងរបស់សន្និសិទកំពូលគឺជួយរដ្ឋាភិបាល ពាណិជ្ជកម្មនិងសហគមនានាឲ្យធ្វើការសម្រុះសម្រួលនិងប្រុងប្រៀបការកើនឡើងនូវភាពគ្រោះថ្នាក់ដែលការផ្លាស់ប្តូរអាកាសធាតុ អាចនាំមកនាពេលអនាគត។
ពួកអ្នកវិទ្យាសាស្រ្តមកពីប្រទេសជាង៥០កំពុងចូលរួមសន្និសិទកំពូលដែលមានរយៈពេល៣ថ្ងៃនេះ។
ភារកិច្ចរបស់អង្គការ IPCC ត្រូវពិនិត្យមើលឡើងវិញហើយនឹងវាយតម្លៃទិន្នន័យតាមបែបវិទ្យាសាស្រ្តនាពេលថ្មីៗនេះស្តីពីការផ្លាស់ប្តូរអាកាសធាតុ។
គណៈកម្មការនោះ បានត្រូវបង្កើតឡើងនៅឆ្នាំ១៩៨៨។
ប្រែសម្រួលដោយ ជឹង ប៉ូជីន