ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​រក​«យុទ្ធសាស្រ្ត​រួមគ្នា»​លើ​វិបត្តិ​មីយ៉ាន់ម៉ា


អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​António Guterres ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។ (Adi Weda/Pool via REUTERS)
អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​António Guterres ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។ (Adi Weda/Pool via REUTERS)

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​António Guterres ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​បង្កើត​យុទ្ធសាស្រ្ត​រួម​គ្នា ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​ដែល​អូស​បន្លាយ​ពីរ​ឆ្នាំ​មក​ហើយ ​ក្រោយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ពី​សំណាក់​យោធា។​

លោក​អគ្គ​លេខាធិការ​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ​មុន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អង្គការ​សហ​ប្រជាជាតិ​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌណេស៊ី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​អាស៊ាន​រយៈពេល​បី​ថ្ងៃ។​

លោក ​António Guterres ​ថ្លែង​ថា​ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​កាន់​តែ​អាក្រក់​បន្ថែម​ទៀត ​ចាប់​តាំង​ពី​លោក​បាន​ជួប​មេ​ដឹកនាំ​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​ ២០២២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​លោក​អំពាវនាវ​ឲ្យ​របប​យោធា​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ​គោរព​តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ ​និង​«បើក​ទ្វារ​វិល​ត្រឡប់​ទៅ​កាន់​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ»។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ជំរុញ​ឲ្យ​គ្រប់​ប្រទេស​ទាំង​អស់​ស្វែង​រក​យុទ្ធសាស្រ្ត​រួម​គ្នា ​លើ​បញ្ហា​មីយ៉ាន់ម៉ា»។​

លោក​បន្ថែម​ថា​ អង្គការ​សហ​ប្រជាជាតិ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​កិច្ច​ព្រម​ព្រៀង​កុងសង់ស៊ីស​ ៥ ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​ថា​ ​កិច្ច​ព្រមព្រៀង ៥ ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា ​ដែល​ជា​សមាជិក​អាស៊ាន​ នៅ​តែ​ជា​ឯកសារ​យោង​ដ៏​សំខាន់ ​ដើម្បី​នាំ​ប្រទេស​មួយ​នេះ​មក​រក​សន្តិភាព​វិញ​ ក្រោយ​រង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ពី​ក្រុម​យោធា​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​កន្លះ​មក​ហើយ។​

អនុ​ប្រធានាធិបតី​អាមេរិក ​អ្នកស្រី​ Kamala Harris ​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា​ ក៏​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​ដើរ​តាម​ផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យ។​ អ្នកស្រី​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​គាំទ្រ​កិច្ច​ព្រមព្រៀង​ ៥​ ចំណុច​របស់​មេដឹកនាំ​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១​ ពោល​គឺ​ពីរ​ខែ​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ ៥​ ចំណុច​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តានតឹង​នយោបាយ​ ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២១។​

  • ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។
  • ទី​ ២​ បង្កើត​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។
  • ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​
  • ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​
  • ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។ ​

ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​មេ​ដឹកនាំ​អាស៊ាន​មើល​ឃើញ​ថា​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ដោយ​មេ​ដឹកនាំ​យោធា​ឡើយ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

ពាក្យក្នុងសារព័ត៌មាន៖ Ignite
សូម​រង់ចាំ

No media source currently available

0:00 0:01:32 0:00
XS
SM
MD
LG