ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថាគោលនយោបាយ«ដែលមានបញ្ហា»នៅតែមានក្នុងប្រទេសចិន ពីរឆ្នាំក្រោយមកចាប់តាំងពីចេញរបាយការណ៍ដ៏សំខាន់របស់ខ្លួន ដែលលើកឡើងអំពី«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតឡើងនៅតំបន់ Xinjiang របស់ចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រទេសចិន ត្រូវបានចោទប្រកាន់ថាបានដាក់គុកជនជាតិវីហ្គ័រ (Uyghurs) និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃទៀតជាង១លាននាក់ នៅតំបន់ Xinjiang ប៉ែកពាយព្យប្រទេស។ តែ ចិនបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលាតត្រដាងកាលពីថ្ងៃអង្គារថាខ្លួនបានរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសជាមួយមន្ត្រីចិនតាំងពីខែកុម្ភៈ:ឆ្នាំ២០២៣មក ដែលបានត្រួសត្រាយផ្លូវឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk បញ្ជូនក្រុមការងារមួយទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី២៦ខែឧសភា រហូតដល់ថ្ងៃទី១ខែមិថុនាឆ្នាំនេះ។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឲ្យអាជ្ញាធរចិន «ពិនិត្យពិច័យឲ្យបានពេញលេញ»នូវលក្ខខណ្ឌតម្រូវផ្លូវច្បាប់ទាក់ទងនឹងសន្តិសុខជាតិនិងការប្រឆាំងភេរវកម្ម ព្រមទាំងការការពារជនជាតិភាគតិចពីការរើសអើង។
ការិយាល័យនេះ ក៏បានអំពាវនាវឲ្យមាន«វឌ្ឍនភាពជាក់ស្តែងក្នុងការការពារសិទ្ធិមនុស្សក្នុងប្រទេសចិន» ព្រមទាំងការស៊ើបអង្កេតលើការចោទប្រកាន់ពីការរំលោភបំពាននានារួមទាំងការធ្វើទារុណកម្មផង។
របាយការណ៍ដែលចិនច្រានចោលទាំងស្រុងនេះ ក៏បានរៀបរាប់អំពីភស្តុតាង«គួរឲ្យជឿជាក់បាន»នៃការធ្វើទារុណកម្ម ការព្យាបាលជំងឺដោយបង្ខំ និងអំពើហិង្សាផ្លូវភេទឬទាក់ទងនឹងយែនឌ័រ ព្រមទាំងការធ្វើការងារដោយបង្ខំផងដែរ។
ប្រទេសចិន បដិសេធការចោទប្រកាន់អំពីការបំពាន ហើយទទូចថាខ្លួនកំពុងដំណើរការមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់Xinjiang ដែលបានជួយប្រយុទ្ធប្រឆាំងភាពជ្រុលនិយមនិងលើកកម្ពស់ការអភិវឌ្ឍ៕