ជប៉ុនបានបញ្ជាឱ្យយន្តយោះចម្បាំងរបស់ខ្លួនចេញប្រតិបត្តិការជាបន្ទាន់កាលពីថ្ងៃចន្ទ ក្រោយពីយន្តហោះយោធាចិនមួយគ្រឿង «បានរំលោភចូល» ដែលអាកាសរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន។
យន្តហោះចិននោះ «ត្រូវបានបញ្ជាក់ថាបានរំលោភដែនអាកាសលើកោះ Danjo ក្នុងអាណាខេត្ត Nagasaki របស់ជប៉ុន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន។ ក្រសួងការពារជាតិជប៉ុនបានបន្ថែមថាខ្លួនបានចេញប្រតិបត្តិការ «យន្តហោះចម្បាំងក្នុងស្ថានភាពគ្រាអាសន្ន»។
យន្តហោះ «ស៊ើបការណ៍ Y-9» របស់ចិនបានហោះចូលដែនអាកាសជប៉ុននៅម៉ោង ១១ និង ២៩ នាទីព្រឹក ម៉ោងក្នុងស្រុក អស់រយៈពេលប្រមាណ ២ នាទី។ នេះបើតាមក្រសួងដដែល។
អាជ្ញាធរចិនមិនបានអត្ថាធិប្បាយអ្វីទេជុំវិញរឿងនេះ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមទាំងប្រព័ន្ធផ្សព្វផ្សាយ NHK ផងដែរ បានរាយការណ៍ថា ឧបត្តិហេតុនេះជាការលុកលុយលើកដំបូងរបស់យន្តហោះយោធាចិនចូលក្នុងដែនអាកាសជប៉ុន។
ក្រសួងការពារជាតិជប៉ុនថា កងកម្លាំងស្វ័យការពាររបស់ជប៉ុនបានចាត់វិធានការមួយចំនួនដូចជា «ព្រមាន» យន្តហោះនោះជាដើម ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថាគ្មានការប្រើអាវុធដូចជាកាំភ្លើងបាញ់បំភ្លឺដើម្បីផ្តល់សញ្ញាដល់អ្នកបើកយន្តហោះនោះទេ៕