ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​​ ​អំពាវនាវ​ឱ្យ​យោធា​មីយ៉ាន់ម៉ា​អនុញ្ញាត​​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ឧបសគ្គ


រូបឯកសារ៖ ទាហាន​ឈរ​នៅ​ជិត​រថយន្ដ​យោធា ខណៈ​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS)
រូបឯកសារ៖ ទាហាន​ឈរ​នៅ​ជិត​រថយន្ដ​យោធា ខណៈ​ដែល​ពលរដ្ឋ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS)

ជម្លោះ និង​អសន្តិសុខ​កំពុង​ឆាបឆេះ​នៅ​ក្នុង​ផ្នែក​ជាច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ មួយ​ឆ្នាំ​ក្រោយ​រដ្ឋប្រហារ​យោធា​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ប្រទេស​នេះ​កំពុង​ឈាន​ឆ្ពោះ​ទៅ​រក​សង្គ្រាម​ស៊ីវិល។

អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា វិបត្តិ​ដែល​កំពុង​តែ​កើន​ឡើង​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ ១៤,៤ លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ។ ជា​ការ​ឆ្លើយតប​ចំពោះ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ​នេះ​ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​សុំ​ជំនួយ​ចំនួន​៨២៦ លាន​ដុល្លារ​អាមេរិក​ដើម្បី​ផ្តល់​ទៅ​ឱ្យ​មនុស្ស​ ៦,២ លាន​នាក់។

លោក Jens Laerke ជា​អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌។ លោក​ថា វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​មុន រួម​ជាមួយ​នឹង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​ប្រជាជនចំនួន​ប្រមាណ​២៥​លាន​នាក់​នៃ​ពលរដ្ឋ​មីយ៉ាន់ម៉ា​សរុប​៥៥​លាន​នាក់​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ។

លោកJens Laerke ថ្លែងថា៖

«មនុស្ស​ជាច្រើន​មិន​អាច​មាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​របស់​ពួកគេ​ទៀត​នោះ​ទេ ដោយសារ​តែ​ការ​បាត់បង់​ការងារ និង​ចំណូល និង​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ។ មនុស្ស​ជាង ១៣ លាន​នាក់​កំពុង​មាន​អសន្តិសុខ​ស្បៀង​អាហារ​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ ហើយ​គេ​រំពឹង​ថា​ កង្វះ​អាហារូបត្ថម្ភ​នឹង​កាន់​តែ​អាក្រក់​ក្នុង​ចំណោម​កុមារ ប្រសិន​បើ​យើង​មិន​ជួយ​ឪពុក​ម្តាយ​ពួកគេ​ផ្តល់​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​កូនៗ​របស់​ពួកគេ​ទេ​នោះ»។

អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា មនុស្ស​ជាង ៤០០.០០០ នាក់​អត់​ទី​ជម្រក​ចាប់​តាំង​ពី​យោធា​បាន​ក្តោបក្តាប់​អំណាច​មក។ របាយការណ៍​នេះ​លើក​ឡើង​ថា មនុស្ស​រាប់​ពាន់​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​អាក្រក់ ខណៈ​ដែល​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ និង​ឥណ្ឌា​ដើម្បី​ស្វែងរក​ការ​ជ្រកកោន។

លោក Laerke ទទួល​ស្គាល់​ថា អង្គការ​សហប្រជាជាតិ​កំពុង​អំពាវនាវ​រក​ប្រាក់​ជាច្រើន​ដើម្បី​គាំទ្រប្រតិបត្តិការ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា ដោយ​មិន​មាន​ការ​ធានា​ណា​មួយ​ថា ខ្លួន​អាច​នឹង​ផ្តល់​ជំនួយ​នោះ​ដល់​អ្នក​ដែល​ត្រូវ​ការ​នោះ​ទេ។ លោក​ពន្យល់​ថា ការ​អំពាវនាវ​នេះ​ផ្អែក​លើ​តម្រូវការ មិន​មែន​ផ្អែក​លើ​លទ្ធភាព​ក្នុង​ការ​បញ្ជូន​ជំនួយ​នោះ​ទេ។

លោក Jens Laerke ថ្លែង​ថា៖

«ការ​អំពាវនាវ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ជាមួយ​នឹង​អាជ្ញាធរ​ដែល​មិន​សូវ​ល្អ​នោះ​ទេ។ យើង​ឭ​ការ​លើក​ឡើង​បែប​នេះ​ពី​មនុស្ស​គ្រប់គ្នា។ យើង​កំពុង​ព្យាយាម​បញ្ជូន​ជំនួយ​នៅ​ក្នុង​តំបន់​ទីក្រុង​ដែល​នេះ​ជា​បន្ទុក​ថ្មី​មួយ​នៅ​ក្នុង​វិបត្តិ​នេះ។ ប្រជាជន​ទៅ​ទីក្រុង​ និង​តម្រូវការ​នៅ​ទីក្រុង​ជា​ក្តីបារម្ភ​ជាក់លាក់​មួយ»។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​ថា ជនស៊ីវិល​ចំនួន ១.៥០០ នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​មុន។ ការិយាល័យ​នេះ​រាយការណ៍​ថា មនុស្ស​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​តវ៉ា​តាម​ដង​ផ្លូវ ឬ​នៅ​ពេល​កង​កម្លាំង​សន្តិសុខ​វាយ​ឆ្មក់​ចូល​ផ្ទះ​ ឬ​ភូមិ​របស់​ពួកគេ​ដើម្បី​ស្វែងរក​អ្នក​ប្រឆាំង។ ការិយាល័យ​នេះ​បន្តថា មនុស្ស​ប្រមាណ ២០០ នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ខណៈស្ថិត​ក្នុង​ពេល​ឃុំ​ខ្លួន​ដោយ​យោធា៕

XS
SM
MD
LG