គណៈកម្មាធិការមួយរបស់អង្គការសហប្រជាជាតិ និយាយថា លោកស្រី Sandy Phan-Gillis ពាណិជ្ជករអាមេរិកាំង ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុននៅក្នុងប្រទេសចិន ត្រូវបានគេឃុំខ្លួន ដោយគ្មានការជំនុំជម្រះទោស។ ហើយគេត្រូវតែដោះលែងលោកស្រី ឬផ្តល់ការប្រឹក្សាដល់លោកស្រី។
ក្រុមការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំឃាំងគ្មានការវិនិច្ឆ័យទោស បានប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយនៅសប្តាហ៍នេះថា ច្បាប់អន្តរជាតិស្តីពីសិទ្ធិកាត់ទោសត្រឹមត្រូវមិនត្រូវបានគេគោរពទេ។
លោកស្រី Phan-Gillis ម្ចាស់ក្រុមហ៊ុនពិគ្រោះយោបល់ ដែលសម្របសម្រួលពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងក្រុមហ៊ុនចិន បានធ្វើដំណើរទៅកាន់ប្រទេសចិនជាមួយប្រតិភូមួយមកពីទីក្រុង Houston រដ្ឋតិចសាស កាលពីខែមិនា ឆ្នាំ២០១៥ នៅពេលដែលក្រុមមន្រ្តីចិនបានចាប់ខ្លួនលោកស្រីនៅព្រំដែនចិនជាមួយកោះម៉ាកាវ។លោកស្រីត្រូវបានគេចោទប្រកាន់ពីបទចារកម្ម។
លោកស្រី Phan-Gillis បានត្រូវឃុំខ្លួនអស់រយៈពេល៦ខែនៅក្នុងទីកន្លែងសម្ងាត់មួយមុនពេលត្រូវគេផ្ទេរទៅកាន់មជ្ឈមណ្ឌលឃុំឃាំងនៅក្នុងខេត្ត Guangxi ភាគខាងត្បូងដែលនៅទីនោះលោកស្រីបានត្រូវគេបង្ខាំងឲ្យនៅដាច់ពីគេ។លោកស្រី គ្មានមេធាវីហើយលោកស្រី មិនអាចទាក់ទងជាមួយក្រុមគ្រួសាររបស់លោកស្រីចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥មក នេះតាមរបាយការណ៍ដែលបានចេញផ្សាយ។
សេតវិមាន បាននិយាយកាលពីខែកញ្ញាថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់រឿងក្តីនេះ ហើយបានសួររដ្ឋាភិបាលចិនដោយផ្ទាល់អំពីបញ្ហានេះ។ ការចាប់ខ្លួនលោកស្រី Phan-Gillis បានធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងពីសហគមន៍វៀតណាម និងចិននៅក្នុងទីក្រុង Houston។ ទោះបីលោកស្រីមានដើមកំណើតចិនក៏ដោយ លោកស្រីបានកើតនៅក្នុងប្រទេសវៀតណាម ហើយបានមកសហរដ្ឋអាមេរិកក្នុងឋានៈជាជនភៀសខ្លួនកាលពី៤០ឆ្នាំមុន៕