ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ពុករលួយ​បំផ្លាញ​ការ​កាត់​​បន្ថយ​ភាព​ក្រីក្រ​នៅ​​ប្រទេស​​អាស៊ី​


លោក​ស្រី​ណូលីន​ហៃសឺរ (Noeleen Heyzer)​ លេខាធិការ​ប្រតិបត្ដិ​នៃ​អ.ស.ប.សម្រាប់​គណកម្មការ​សេដ្ឋកិច្ច​និង​សង្គម​​អាស៊ី​និង​ប៉ាស៊ីហ្វិក​។​
លោក​ស្រី​ណូលីន​ហៃសឺរ (Noeleen Heyzer)​ លេខាធិការ​ប្រតិបត្ដិ​នៃ​អ.ស.ប.សម្រាប់​គណកម្មការ​សេដ្ឋកិច្ច​និង​សង្គម​​អាស៊ី​និង​ប៉ាស៊ីហ្វិក​។​

មន្ដ្រី​ថ្នាក់​ខ្ពស់​នៃ​អ.ស.ប.​ថ្លែង​ថា ​អំពើ​ពុករលួយនៅទូទាំង​អាស៊ីបាន​បំផ្លាញ​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​តោកយ៉ាក​និង​កាត់​បន្ថយ​ការ​ខុសគ្នា​នៃ​ប្រាក់​ចំណូល។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​ទូលំទូលាយ​ជា​មួយ​វីអូអេ​ បណ្ឌិតណូលីន​ ហៃសឺរ​ (Noeleen​ Heyzer)​ លេខា​ធិការ​ប្រតិបត្ដិ​នៃ​អ.ស.ប.​សម្រាប់​គណកម្ម​ការសេដ្ឋកិច្ច​និង​សង្គម​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ថ្លែង​ថា ​ប្រទេស​ទាំង​ឡាយ​ត្រូវ​ធ្វើ​វិនិយោគ​ទៅលើ​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ការ​ការពារ​សង្គម​ដើម្បី​ធានា​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេសអាស៊ី។

«លោក​អ្នក​ដឹង​ហើយថា​រឿង​ធំ​គឺ​អភិបាលកិច្ច។ ពីព្រោះ​ថា​នៅ​ទី​បំផុត​គឺ​យើង​ត្រូវ​ការ​អភិបាលកិច្ច​សេដ្ឋកិច្ច ។​លោក​អ្នក​ត្រូវ​ការ​អភិបាលកិច្ច​ប្រសើរ​ខាង​នយោបាយ​គឺដើម្បី​យើង​អាច​មាន​ប្រព័ន្ធ​មួយ​ដែល​ធ្វើ​វិនិយោគ​ទៅលើ​គ្រិះ​របស់​សហគមន៍​របស់​អ្នក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​មាន​ជីវភាព​ប្រសើរ​ឡើង»។

ធនាគារ​អភិវឌ្ឈន៍​អាស៊ីនៅ​ពេល​ថ្មីៗនេះ​បាន​អំពាវ​នាវ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដែល​ជា​រឿង​សំខាន់​នៅ​ក្នុងប្រទេសអាស៊ី​ដើម្បី​រក្សា​ឲ្យ​មាន​ស្ថេរភាព​នយោបាយ ​និង​សង្គម។ ​ធនាគារ​នោះ​និយាយ​ថា​អំពើ​ពុក​រលួយ​កាន់​តែ​កើនឡើងជា​ភ័ស្ដុ​តាង​នៃ​ការ​ «ខូច​ខាតយ៉ាងដំណំ​នៃ​គុណភាព​និង​កិត្ដិយស​របស់​ស្ថាប័ន​សេដ្ឋកិច្ច​និង​នយោបាយ»។

សេចក្ដី​រាយការណ៍​របស់​ស្ថាប័ន​ធនាគារ​ពិភពលោក​ព្រមាន​អំពី​ការ​ដកថយ​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ និង​អស្ថេរ​ភាពនយោបាយ​នៅ​ក្នុង​ប្រទេស​អាស៊ីរវាង​ឆ្នាំ​២០០៨​ និង​ ២០០៩​ ។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ជាឧទា​ហរណ៍​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា​មូល​និធិ​រដ្ឋាភិបាលត្រឹម​តែ៤០​ភាគរយបានផ្ដល់​ទៅ​ឲ្យ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​បាន​ទៅ​ដល់​ដៃ​ជន​ក្រីក្រ។​ ថវិកា​សេសសល់បាន​បាត់​បង់​ដោយ​សារ​អភិបាលកិច្ចមិន​ល្អ​និង​អំពើ​ពុករលួយ។ ​បណ្ឌិត​ហៃសឺរ​ព្រមាន​ថា​ទោះ​បីជា​ការ​សេដ្ឋកិច្ច​តំបន់​នៅ​ពេល​ថ្មី​ៗ​នេះ​រីក​ចំរើន​ក៏​ដោយការ​ខុសគ្នា​ដ៏ធំ​ធេង​នៃ​ប្រាក់​ចំណូលត្រូវ​ការឲ្យរដ្ឋាភិបាល​ដោះ​ស្រាយ​តាម​រយៈ​កម្មវិធី​សង្គម​ដ៏​ប្រសើរ។

«​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ប្រទេស​អាស៊ីគឺការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្ពស់​ប៉ុន្ដែគេ​មាន​ភាព​មិន​ស្មើ​គ្នា​ ហើយនឹងប្រាក់​ចំណូល​ខុស​គ្នា​។ ហើយ​មធ្យោ​បាយដោះ​ស្រាយ​តែ​មួយគឺធានា​ឲ្យ​មាន​ការ​លូត​លាស់វិនិយោគ​នៅ​ក្នុង​ការ​ការពារ​សង្គមដើម្បី​ធានា​ថា​ជា​លើក​ទី​មួយ​ដែល​ឧបទ្វីបនេះអាច​គិត​ពិចារណា​ដោយ​ខ្លួន​ឯង​ហើយ​ធ្វើ​វិនិយោគ​ក្នុង​តំបន់​របស់​ខ្លួន​ដោយ​បញ្ចូល​វិស័យ​សង្គម»។

អ្នក​វិភាគ​សេដ្ឋកិច្ច​ និយាយ​ថា​តំបន់​អាស៊ីប៉ាស៊ីហ្វីក​មាន​សារៈ​សំខាន់​ក្នុង​ការ​រុញច្រាន​ឲ្យ​សេដ្ឋកិច្ច​លូតលាស់​ជា​សកល។​ ប៉ុន្ដែ​បណ្ឌិតហៃសឺរ​និយាយ​ថា​ប្រទេស​អាស៊ីប្រឈមនិង​បញ្ហា​ជា​ច្រើន​ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​គ្នា​អាច​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​លូតលាស់​សេដ្ឋកិច្ច​។​ នៅ​ក្នុង​ការស្ទង់មតិ​អំពី​សេដ្ឋកិច្ច​របស់ អ.ស.ប. កាល​ពី​ពេល​ថ្មីៗ​នេះ​អង្គការ​ UNESCAP ​បាន​ទស្ស​ទាយ​ថា​សេដ្ឋកិច្ច​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​នឹង​កើនជាង​៧,០​ ភាគរយសម្រាប់​ឆ្នាំ​២០១១ដោយ​ប្រទេស​ចិន​និង​ឥណ្ឌា​រីក​ចំរើន​ជិត​ដល់ ​៩,០ ភាគ​រយ ។​ ប៉ុន្ដែ​សេចក្ដី​រាយការណ៍​នោះនិយាយ​ថា​អតិផរណា​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​ដោយ​សារ​តែ​ អាហារនិង​ប្រេង​ឥន្ទនះឡើង​ថ្លៃដែល​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងខ្លាំង​ជា​ពិសេស​ទៅ​លើជនក្រីក្រ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG